រថយន្ត
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អឺរ៉ុប​ធូរទ្រូង ក្រោយ​អាមេរិក​មិន​អនុវត្ត​ពន្ធ​នាំចូល​រថយន្ត​
26, Jul 2018 , 2:18 pm        
រូបភាព
ប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាពពីហ្វេសប៊ុក European Commission)
ប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាពពីហ្វេសប៊ុក European Commission)
កម្ដៅ​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​សហភាព​អឺរ៉ុប ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក បាន​ធូរស្រាល​បន្តិច​វិញ ក្រោយ​ភាគី​ទាំងពីរ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅវិញទៅមក​។ អាមេរិក​សុខចិត្ត​ផ្អាក​ផែនការ​យកពន្ធ​នាំចូល​លើ​យានយន្ត​របស់​អឺរ៉ុប ឯ​អឺរ៉ុប​នឹង​ដកហូត​វិធានការ​ប្រឆាំង​ការដំឡើង​ពន្ធ​របស់​អាមេរិក​ដែរ​។ ជំហាន​បន្ទាប់ ភាគី​ទាំងពីរ​ឯកភាព​បន្ត​ជជែក​គ្នា​លើ​ការដំឡើង​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​របស់​អាមេរិក​ដែរ​។​

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៦ ខែកក្កដា បាន​ស្វាគមន៍​ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់​-​ក្លូដ ចាំង​គើ នៅ​សេត​វិមាន​ដើម្បី​ជជែក​ពី​ការខ្វែងគំនិត​លើ​វិស័យ​ពាណិជ្ជកម្ម ដែល​បានធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​ល្អក់កករ​ខ្លាំង​។ ក្រោយ​ជំនួប​ច្រើនជាង​ពីរ​ម៉ោង មេដឹកនាំ​ទាំងពីរ​បាន​យល់ព្រម​លើ​ផែនការ​រួមគ្នា​មួយ សំដៅ​កាត់បន្ថយ​ជម្លោះ​ផ្នែក​ពាណិជ្ជកម្ម ដែល​កើតចេញពី​ការដំឡើង​ពន្ធ​របស់​អាមេរិក​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អាមេរិក​នឹងមិន​អនុវត្តតាម​ផែនការ​ចាស់​ដែល​ចង់​ដាក់​ពន្ធ​នាំចូល​លើ​រថយន្ត​របស់​អឺរ៉ុប​ឡើយ​។ ត្រង់ចំណុច​នេះ អាល្លឺម៉ង់​ជា​អ្នក​រីករាយ​ជាងគេ ព្រោះ​លែង​បារម្ភ​ឧស្សាហកម្ម​រថយន្ត​រប​ស់​ខ្លួន ត្រូវ​រងគ្រោះ ហើយ​អាល្លឺម៉ង់​ក៏​នាំ​រថយន្ត​ទៅ​អាមេរិក​ច្រើនជាងគេ​។ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាល្លឺម៉ង់​ចាត់ទុក​ការព្រមព្រៀង​រវាង​លោក ត្រាំ និង​លោក ចាំង​គើ ជា​កិច្ចព្រមព្រៀង​ដែល​អាច​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម​។  
 
​អ្វី​កាន់តែ​សំខាន់​នោះ មេដឹកនាំ​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ ក៏បាន​ឯកភាពគ្នា​ក្នុង​ការបន្ត​ដោះស្រាយ​បញ្ហា​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម ដែលជា​ដើមហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ដូច​សព្វថ្ងៃ ហើយ​អឺរ៉ុប​នឹង​បញ្ឈប់​វិធានការ​របស់ខ្លួន​ដែល​ដាក់ចេញ​ដើម្បី​ឆ្លើយតប​ចំណាត់ការ​របស់​អាមេរិក​ផង​។ លោក ត្រាំ ដាក់​បន្ទន់​ជំហរ​ត្រង់ចំណុច​នេះ ព្រោះ​លោក​តែង​ប្រកាសថា ការដំឡើង​ពន្ធ​នេះ​ជាការ​យកចិត្តទុកដាក់​លើ​ឧស្សាហកម្ម​ក្នុងស្រុក ដែល​រងគ្រោះ​ដោយសារ​ការនាំ​ចូល​។​
 
​ជា​ថ្នូរ​ទៅ​ឲ្យ​អាមេរិក​វិញ ប្រធានាធិបតី​អាមេរិក​និយាយថា អឺរ៉ុប​នឹង​បង្កើន​ការ​នាំចូល​សណ្ដែកបាយរ​បស់​អាមេរិក និង​បង្កើន​បរិមាណ​នាំចូល​ឧស្ម័ន​រាវ​ផង​។ លោក ត្រាំ បាន​ហៅ​សកម្មភាព​របស់​អឺរ៉ុប​ជា​រឿង​សំខាន់ ដែល​នឹង​ជួយ​ដល់​វិស័យ​ថាមពល និង​កសិករ​អាមេរិក​។ ក្រោយ​ជំនួប​នេះ លោក​ក៏បាន​សរសេរ​តាម​បណ្ដាញ​សង្គម Twitter ដោយ​បង្ហាញ​ការពេញចិត្ត​ចំពោះ​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប ដែល​លោក​ធ្លាប់​ចាត់ទុក​សត្រូវ​ពាណិជ្ជកម្ម​ក៏ដោយ​។​
 
​បន្ថែម​ពីលើ​បញ្ហា​ពាណិជ្ជកម្ម​ទ្វេភាគី អាមេរិក និង​អឺរ៉ុប​ក៏​ព្រមព្រៀង​ធ្វើកំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ជុំវិញ​ការចោទប្រកាន់​ចិន​ថា បាន​លួច​បច្ចេកវិទ្យា​អាមេរិក និង​ការជួយឧបត្ថម្ភ​ធន​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​ជាដើម​។ លោក ត្រាំ ធ្លាប់​ចោទ WTO អយុត្តិធម៌ ទោះជា​បណ្ដឹង​របស់​អាមេរិក​ជាច្រើន​ប្រឆាំង​ចិន បានទទួល​ជោគជ័យ​ជា​បន្តបន្ទាប់​ក្ដី​៕ 

Tag:
 អឺរ៉ុប​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ហ្ស​ង់​-​ក្លូដ ចាំង​គើ​
© រក្សាសិទ្ធិដោយ thmeythmey.com