ជាតិ
បោះឆ្នោត
ខ្មែរ​មួយក្រុម​នៅ​កូរ៉េខាងត្បូង គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​ការគ្រប់គ្រង​របស់​សម្ដេច ហ៊ុន សែន
26, Jul 2018 , 5:13 pm        
រូបភាព
លោក ឡុង ឌីម៉ង់ អគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង ចាត់ទុកការព្រមានធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនេះ ជាការយាយីដល់ការបោះឆ្នោតកម្ពុជា
លោក ឡុង ឌីម៉ង់ អគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង ចាត់ទុកការព្រមានធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនេះ ជាការយាយីដល់ការបោះឆ្នោតកម្ពុជា
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ដែល​អះអាងថា មាន​គ្នា​ប្រមាណ​៥​ពាន់​នាក់ គ្រោង​ជួបជុំគ្នា​ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំង​ការគ្រប់គ្រង​អំណាច​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចុង​សប្ដាហ៍​នេះ ។ អគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង ចាត់ទុក​ការព្រមាន​ធ្វើបាតុកម្ម​របស់​ពលរ​ដ្ឋ​ខ្មែរ​នេះ ជាការ​យាយី​ដល់​ការបោះឆ្នោត​កម្ពុជា​។



​ពលករ​ខ្មែរ​ស្របច្បាប់ និង​អ្នករស់នៅ​ប្រមាណ​៥​ពាន់​នាក់ គ្រោង​ប្រមូល​ផ្ដុំគ្នា​នៅ​ទីក្រុង Gwangju ភាគខាងត្បូង​ប្រទេស​កូរ៉េ ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំង​ការគ្រប់គ្រង​របស់​សម្ដេច ហ៊ុន សែន រយៈពេល​៣៣​ឆ្នាំ​មកនេះ​។ ការប្រមូលផ្ដុំ​នេះ នឹងមាន​ការដើរ​ព្យុះ​ហយា​ត្រា​តាម​ដងផ្លូវ ដោយ​ស្រែក​ទាមទារ​ឲ្យ​សម្ដេច ហ៊ុន សែន ចុះ​ចេញពី​តំណែង​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង Yonhap  ។​

 ព័ត៌មាន Yunhap បាន​ស្រង់​សម្ដី​តំណាង​ពលករ​ខ្មែរ ដែល​រៀបចំ​ការប្រមូលផ្ដុំ​នេះ យ៉ាង​ដូច្នេះ​ថា​៖«​យើង​មានការ​ប្រមូល​ផ្ដុំគ្នា ដោយ​ប្រើ​ពន្លឺ​ភ្លើងទៀន ដើម្បី​ប្រជាធិបតេយ្យ​របស់​កម្ពុជា ដែល​យើង​នឹង​រៀបចំ​ជួបជុំគ្នា​នៅ​មជ្ឈមណ្ឌល May 18 Democracy Plaza ក្នុង​ទីក្រុង Gwangju ពី​ម៉ោង​៥​ល្ងាច ថ្ងៃ​សៅរ៍ (​ទី​២៨ កក្កដា​)»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង លោក ឡុង ឌី​ម៉​ង់ ចាត់ទុក​ការព្រមាន​របស់​ពលរ​ដ្ឋ​ខ្មែរ​នេះ ជាការ​បំផ្លាញ​មុខមាត់​រដ្ឋាភិបាល និង​ជាការ​យាយី​ដល់​ការបោះឆ្នោត​កម្ពុជា​។ «​ស្ថានទូត​កម្ពុជា គោរព​តាមច្បាប់​ប្រទេស​កូរ៉េខាងត្បូង ដូច្នេះ​រាល់​អនុញ្ញាត​ធ្វើ​ឲ្យ​បាតុកម្ម​នេះ ជាការ​សម្រេចចិត្ត​រប​ស់​ម្ចាស់ផ្ទះ​។ ប៉ុន្តែ​បើ​ពលរដ្ឋ​ខ្មែរ ទាំងនោះ​ហ៊ាន​ធ្វើ​សកម្មភាព​អ្វី​ផ្សេង​ខុសច្បាប់ បែប​ញុះ​ញ៉​ង់ សកម្មភាព​ដែល​នាំ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​ផ្ទុយ​ពី​ច្បាប់​នោះ យើង​នឹង​ស្នើ​ឲ្យ​ភាគី​កូរ៉េខាងត្បូង​ចាត់វិធានការ​តាមច្បាប់​។ ហើយ​បើ​យើង​រកឃើញថា ពួកគេ​ធ្វើ​សកម្មភាព​ខុសច្បាប់​មែន នោះ​វា​អាចជា​ភស្តុតាង​មួយ សម្រាប់​អនុវត្ត​ទៅលើ​ពួកគេ នៅពេល​ពួកគេ​អស់​សុពលភាព​ការងារ​ គឺ​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​តាមច្បាប់​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឡុង ឌី​ម៉​ង់ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។​

​ក្រុម​ពលករ​ព្រមាន​ធ្វើបាតុកម្ម​នេះ ភាគច្រើន​ជា​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ពួកគេ​ធ្លាប់ធ្វើ​សកម្មភាព​បាតុកម្ម​ម្ដង​ហើយ កាលពី​៣​សប្ដាហ៍​មុន ដោយ​ពួកគេ​នាំគ្នា ហែរ​ក្បួន​ទៅកាន់​ស្ថានទូត​ជប៉ុន​ប្រចាំ​កូរ៉េខាងត្បូង ដើម្បី​ទាមទារ​ឲ្យ​ជប៉ុន​ដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ នេះ​បើតាម​អគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង​៕


Tag:
 ​ឡុង ឌី​ម៉​ង់​
  ហ៊ុន សែន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com