ជាតិ
បោះឆ្នោត
ខ្មែរមួយក្រុមនៅកូរ៉េខាងត្បូង គ្រោងធ្វើបាតុកម្មប្រឆាំងការគ្រប់គ្រងរបស់សម្ដេច ហ៊ុន សែន លោក ឡុង ឌីម៉ង់ អគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង ចាត់ទុកការព្រមានធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនេះ ជាការយាយីដល់ការបោះឆ្នោតកម្ពុជា
× ភ្នំពេញ៖ ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងដែលអះអាងថា មានគ្នាប្រមាណ៥ពាន់នាក់ គ្រោងជួបជុំគ្នាដើម្បីធ្វើបាតុកម្មប្រឆាំងការគ្រប់គ្រងអំណាចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចុងសប្ដាហ៍នេះ ។ អគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង ចាត់ទុកការព្រមានធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនេះ ជាការយាយីដល់ការបោះឆ្នោតកម្ពុជា។
ពលករខ្មែរស្របច្បាប់ និងអ្នករស់នៅប្រមាណ៥ពាន់នាក់ គ្រោងប្រមូលផ្ដុំគ្នានៅទីក្រុង Gwangju ភាគខាងត្បូងប្រទេសកូរ៉េ ដើម្បីធ្វើបាតុកម្មប្រឆាំងការគ្រប់គ្រងរបស់សម្ដេច ហ៊ុន សែន រយៈពេល៣៣ឆ្នាំមកនេះ។ ការប្រមូលផ្ដុំនេះ នឹងមានការដើរព្យុះហយាត្រាតាមដងផ្លូវ ដោយស្រែកទាមទារឲ្យសម្ដេច ហ៊ុន សែន ចុះចេញពីតំណែងផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ។
ព័ត៌មាន Yunhap បានស្រង់សម្ដីតំណាងពលករខ្មែរ ដែលរៀបចំការប្រមូលផ្ដុំនេះ យ៉ាងដូច្នេះថា៖«យើងមានការប្រមូលផ្ដុំគ្នា ដោយប្រើពន្លឺភ្លើងទៀន ដើម្បីប្រជាធិបតេយ្យរបស់កម្ពុជា ដែលយើងនឹងរៀបចំជួបជុំគ្នានៅមជ្ឈមណ្ឌល May 18 Democracy Plaza ក្នុងទីក្រុង Gwangju ពីម៉ោង៥ល្ងាច ថ្ងៃសៅរ៍ (ទី២៨ កក្កដា)»។
ទាក់ទងនឹងបញ្ហានេះឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ ចាត់ទុកការព្រមានរបស់ពលរដ្ឋខ្មែរនេះ ជាការបំផ្លាញមុខមាត់រដ្ឋាភិបាល និងជាការយាយីដល់ការបោះឆ្នោតកម្ពុជា។ «ស្ថានទូតកម្ពុជា គោរពតាមច្បាប់ប្រទេសកូរ៉េខាងត្បូង ដូច្នេះរាល់អនុញ្ញាតធ្វើឲ្យបាតុកម្មនេះ ជាការសម្រេចចិត្តរបស់ម្ចាស់ផ្ទះ។ ប៉ុន្តែបើពលរដ្ឋខ្មែរ ទាំងនោះហ៊ានធ្វើសកម្មភាពអ្វីផ្សេងខុសច្បាប់ បែបញុះញ៉ង់ សកម្មភាពដែលនាំឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ផ្ទុយពីច្បាប់នោះ យើងនឹងស្នើឲ្យភាគីកូរ៉េខាងត្បូងចាត់វិធានការតាមច្បាប់។ ហើយបើយើងរកឃើញថា ពួកគេធ្វើសកម្មភាពខុសច្បាប់មែន នោះវាអាចជាភស្តុតាងមួយ សម្រាប់អនុវត្តទៅលើពួកគេ នៅពេលពួកគេអស់សុពលភាពការងារ គឺពួកគេនឹងត្រូវប្រឈមមុខតាមច្បាប់ដែរ»។ នេះជាការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ។
ក្រុមពលករព្រមានធ្វើបាតុកម្មនេះ ភាគច្រើនជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។ ពួកគេធ្លាប់ធ្វើសកម្មភាពបាតុកម្មម្ដងហើយ កាលពី៣សប្ដាហ៍មុន ដោយពួកគេនាំគ្នា ហែរក្បួនទៅកាន់ស្ថានទូតជប៉ុនប្រចាំកូរ៉េខាងត្បូង ដើម្បីទាមទារឲ្យជប៉ុនដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា។ នេះបើតាមអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង៕
Tag:
ឡុង ឌីម៉ង់
ហ៊ុន សែន
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com