ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
គំ​នាប​អន្តរជាតិ​កៀក​បោះឆ្នោត​? មន្ត្រី​រដ្ឋាភិបាល​ឆ្លើយថា គ្មាន​ឥទ្ធិពល​ឡើយ​!
26, Jul 2018 , 7:26 pm        
រូបភាព
ដោយ:
​ខណៈ​ការបោះឆ្នោត ឈាន​មកដល់​នៅ​ថ្ងៃអាទិត្យ អង្គការ​អន្តរជាតិ​ពីរ គឺ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​អង្គការ​លើកលែងទោស​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​រិះគន់​រដ្ឋាភិបាល​កម្ពុជា​។ ស្របពេល​ពេល​ជាមួយគ្នានេះ រដ្ឋសភា​អាមេរិក​ថែមទាំង​ស្នើ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា​រហូតដល់​ទៅ​១៧​នាក់ ហើយ​ងាក​ទៅ​ជប៉ុន​វិញ ដែលជា​ម្ចាស់ជំនួយ​ដ៏​ធំ សម្រេចចិត្ត​មិន​បញ្ជូន​អ្នកសង្កេតការណ៍​តាមដាន​ការបោះឆ្នោត​ឡើយ​។ ជា​សម្ពាធ​? សម្រាប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា វា​មិនមែនជា​រឿង​ថ្មី​នោះឡើយ ហើយ​ការរិះគន់​ជា​ប្រពៃណី​បែបនេះ ពិតជា​មិនមាន​ឥទ្ធិពល​ដល់​ការបោះឆ្នោត​ទេ​។


 
​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​សរសេរ​លិខិតចំហ មកកាន់​គណបក្សកាន់អំណាច និង​គណបក្ស​ទាំង​១៩​ទៀត ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត​នា​អាណត្តិ​នេះ ដើម្បី​សុំ​ឲ្យ​ពួកគេ ធានា​ពី​អនុវត្ត​របស់​កម្ពុជា លើ​ការគោរព​សិទ្ធិមនុស្ស​។ ក្រៅពី​សំដៅលើ​គណបក្សនយោបាយ អង្គការ​អន្តរជាតិ ដែល​ឧស្សាហ៍​រិះគន់​រដ្ឋាភិបាល​កម្ពុជា​មួយ​នេះ ក៏បាន​ស្នើ​ចំៗ​ផងដែរ ឲ្យ​អាជ្ញាធរ គោរព ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​។ 
 
​លើសពីនេះ អង្គការ​លើកលែងទោស​អន្តរជាតិ បានទាមទារ​ឲ្យ​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​បញ្ចេញមតិ​ជា​សាធារណៈ និង​ការបញ្ចេញមតិ​លើ​បណ្តាញ​សង្គម ហើយ​បញ្ចប់​ការចាប់ និង​ការឃុំខ្លួន​ក្រុមមនុស្ស ដែល​ប្រមូល​ផ្តុំគ្នា ដើម្បី​តវ៉ា​ពី​រឿង​អ្វីមួយ​។ អង្គការ​នេះ ថែមទាំង​ស្នើ​ឲ្យ​គោរព​ឯករាជ្យភាព​របស់​តុលាការ និង​ស្ថាប័នរដ្ឋ​ដទៃទៀត​។ 
 
​ជា​ចុងក្រោយ អង្គការ​លើកលែងទោស​អន្តរជាតិ បានស្នើ​ឡើង​យ៉ាង​ដូច្នេះ​ថា​៖«​គួរតែ​បញ្ចប់​ការប្រើប្រាស់​ប្រព័ន្ធតុលាការ​ទៅលើ​អ្នកកាសែត អ្នកការពារ​សិទ្ធិមនុស្ស និង​សកម្មជន​អតីត​គណបក្សប្រឆាំង​។ ហើយ​ក្នុងចំណោម​អ្នក​ទាំងនោះ ដែល​កំពុង​ជាប់ឃុំ មានដូចជា អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី​ពីររូប​គឺ លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា រួមទាំង​សកម្មជន​ដីធ្លី គឺ​លោកស្រី ទេព វ​ន្នី គួរតែ​ត្រូវបាន​ដោះលែង​ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​»​។
 
​ចំណែក អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដែលមាន​ចំណងជើង​ថា «​ការបោះឆ្នោត​នៅ​កម្ពុជា មិនមែនជា​ការបោះឆ្នោត​ពិតប្រាកដ​នោះទេ ដោយសារតែ​គណបក្សប្រឆាំង មិនបាន​ចូលរួម​»​។ អង្គការ​នេះ រិះគន់ថា សម្រាប់​ការបោះឆ្នោត​លើក​នេះ  ប្រជាជន​កម្ពុជា (​ទំនងជា​សំដៅលើ​អ្នកគាំទ្រ​គណបក្សប្រឆាំង​) បាន​បាត់បង់​សិទ្ធិ ក្នុងការ​ជ្រើសរើស​រដ្ឋា​ភិ​បាល​ថ្មី ដែល​ពួកគេ​ចង់បាន​។ 
 
​អង្គការ​អន្តរជាតិ ដែល​មិនសូវ​មើលឃើញ​ចំណុច​វិជ្ជមាន​របស់​រដ្ឋាភិបាល​កម្ពុ​ជាមួយនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ក្នុងការ​បោះឆ្នោត គឺ​ការរំលាយ​គណបក្សប្រឆាំង និង​ការឃុំខ្លួន​សមាជិក​សំខាន់ៗ​របស់​អតីត​គណបក្សប្រឆាំង​។ រឿង​ផ្សេងទៀត ដែល​គួរ​ឲ្យ​បារម្ភ​ដែរនោះ មានដូចជា ការមិន​ផ្តល់​ភាពស្មើគ្នា ដល់​ស្ថាប័ន​សារព័ត៌មាន ក្នុងការ​ផ្សព្វផ្សាយ ការ​រឹតត្បិត​លើ​ការបញ្ចេញមតិ និង​ការជួបជុំ ជាដើម​»​។ 
 
​រីឯ រដ្ឋសភា​អាមេរិក បានអនុម័ត​ច្បាប់​ថ្មី​មួយ ដើម្បី​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​រដ្ឋា​ភិល​បាល​កម្ពុជា​។ សមាជិក​រដ្ឋសភា​អាមេរិក បានស្នើ​ឲ្យ​ប្រធានាធិបតី​របស់​ពួកគេ គឺ​លោក ដូ​ណា​ល់ ត្រាំ ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​កំពូល និង​មន្ត្រីជាន់ខ្ពស់​១៧​រូប​របស់​កម្ពុជា​។  
 
​អ្នក​ទាំង​១៧​រូបនោះ គឺ​សម្តេច ហ៊ុន សែន​, សម្ដេច ស ខេង​, សម្ដេច ទៀ បាញ់​, លោក អូន ព័ន្ធមុនីរ័ត្ន​, លោក ស៊ុន ចាន់ថុល​, លោក ប្រាក់ សុខុន​, លោក ឱម យិនទៀង​, លោក កើត រិ​ទ្ធ​, លោក ប៉ុល សារឿន​, លោក គន់ គីម​, លោក សៅ សុខា​, លោក ហ៊ីង ប៊ុន​ហៀ​ង​, លោក នេ​ត សាវឿន​, លោក ជួន សុវណ្ណ​, លោក ហ៊ុន ម៉ា​ណែ​ត​, លោក សុខ ពុ​ទ្ធី​វុ​ធ​, និង​លោកស្រី ហ៊ុន ម៉ា​ណា​។​
 
​ដោយឡែក រដ្ឋាភិបាល​ជប៉ុន បានប្រកាសថា នឹងមិន​បញ្ជូន​អ្នកសង្កេតការណ៍ មក​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​នោះទេ​។ ប៉ុន្តែ ជប៉ុន នៅតែ​រក្សា​ដាក់​ការិយាល័យ និង​អ្នកបច្ចេកទេស ឲ្យ​បន្ត​ធ្វើការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដដែល​។ 
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឆ្លើយតប​ថា ប្រទេស​កម្ពុជា មាន​ឯករាជ្យ និង​អធិបតេយ្យ ដូច្នេះ​មិន​ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​បរទេស ឬ​អង្គការ​អន្តរជាតិ​ណា​ឡើយ​។ បន្ទាប់មក លោក ក៏​ហៅ​ការអនុម័ត​ច្បាប់​របស់​សមាជិក​រដ្ឋ​សភា​អាមេរិក និង​ប្រតិកម្ម​របស់​អង្គការ​អន្តរជាតិ​ខាងលើ ថា​បង្ហាញ​ពី​និន្នាការ​នយោបាយ​ប្រឆាំង និង​បង្ក​អរិភាព លើ​ប្រជាពលរដ្ឋ រួមទាំង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។  
 
​អ្នកនាំពាក្យ​ដដែល បាន​បន្តថា ការបោះឆ្នោត គឺ​តំណាង​ឲ្យ​អធិបតេយ្យភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​សិទ្ធិ និង​មានអំណាច ក្នុងការ​ជ្រើសរើស​មេដឹកនាំ​។ លោក បន្ថែមថា គ្មាន​ឧបសគ្គ​អ្វី ដែល​អាច​រារាំង​ដំណើរការ​បោះឆ្នោត​ដ៏​ស្វាហាប់ និង​មានការ​ប្តេជ្ញាចិត្ត​រួចស្រេច​ទៅហើយ​នោះទេ​។  
 
​មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​ចាំផ្ទះ​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មាន​ជំហរ​រឹងមាំ​។ យើង មិន​ញញើត​ក្នុង​កិច្ចការពារ​ផលប្រយោជន៍​របស់​កម្ពុ​ជា​នោះទេ​។ ដំណើរការ​រដ្ឋ គឺ​យើង​ធានាបាន​១០០​ភាគរយ​។ យើង រំពឹងថា នឹង​ទទួលបាន​រដ្ឋាភិបាល​ស្របច្បាប់​ថ្មី ដែល​កើតឡើង​ក្នុង​រយៈពេល​ពីរ​-​បី​សប្តាហ៍ ក្រោយ​ការបោះឆ្នោត ដែល​តំណាង​ឲ្យ​ប្រជា​ជាតិខ្មែរ នៅក្នុង​អង្គការសហប្រជាជាតិ និង​តំណាង​ឲ្យ​ផលប្រយោជន៍​ខ្មែរ​នៅលើ​ឆាក​អន្តរធ​ជាតិ​។ គ្មានអ្វី ជាការ​ព្រួយបារម្ភ​រប​ស់​កម្ពុជា​ឡើយ​»៕
 
 
 
 
 

Tag:
 ​បោះឆ្នោត​
  អន្តរជាតិ​
  ទណ្ឌកម្ម​
  ផៃ ស៊ី​ផាន
© រក្សាសិទ្ធិដោយ thmeythmey.com