ខណៈការបោះឆ្នោត ឈានមកដល់នៅថ្ងៃអាទិត្យ អង្គការអន្តរជាតិពីរ គឺអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់រិះគន់រដ្ឋាភិបាលកម្ពុជា។ ស្របពេលពេលជាមួយគ្នានេះ រដ្ឋសភាអាមេរិកថែមទាំងស្នើឲ្យមានការដាក់ទណ្ឌកម្មឥស្សរជនជាន់ខ្ពស់កម្ពុជារហូតដល់ទៅ១៧នាក់ ហើយងាកទៅជប៉ុនវិញ ដែលជាម្ចាស់ជំនួយដ៏ធំ សម្រេចចិត្តមិនបញ្ជូនអ្នកសង្កេតការណ៍តាមដានការបោះឆ្នោតឡើយ។ ជាសម្ពាធ? សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា វាមិនមែនជារឿងថ្មីនោះឡើយ ហើយការរិះគន់ជាប្រពៃណីបែបនេះ ពិតជាមិនមានឥទ្ធិពលដល់ការបោះឆ្នោតទេ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាន
សរសេរលិខិតចំហ មកកាន់គណបក្សកាន់អំណាច និងគណបក្សទាំង១៩ទៀត ដែលចូលរួមក្នុងការបោះឆ្នោតនាអាណត្តិនេះ ដើម្បីសុំឲ្យពួកគេ ធានាពីអនុវត្តរបស់កម្ពុជា លើការគោរពសិទ្ធិមនុស្ស។ ក្រៅពីសំដៅលើគណបក្សនយោបាយ អង្គការអន្តរជាតិ ដែលឧស្សាហ៍រិះគន់រដ្ឋាភិបាលកម្ពុជាមួយនេះ ក៏បានស្នើចំៗផងដែរ ឲ្យអាជ្ញាធរ គោរព ការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។
លើសពីនេះ អង្គការលើកលែងទោសអន្តរជាតិ បានទាមទារឲ្យគោរពសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការបញ្ចេញមតិជាសាធារណៈ និងការបញ្ចេញមតិលើបណ្តាញសង្គម ហើយបញ្ចប់ការចាប់ និងការឃុំខ្លួនក្រុមមនុស្ស ដែលប្រមូលផ្តុំគ្នា ដើម្បីតវ៉ាពីរឿងអ្វីមួយ។ អង្គការនេះ ថែមទាំងស្នើឲ្យគោរពឯករាជ្យភាពរបស់តុលាការ និងស្ថាប័នរដ្ឋដទៃទៀត។
ជាចុងក្រោយ អង្គការលើកលែងទោសអន្តរជាតិ បានស្នើឡើងយ៉ាងដូច្នេះថា៖«គួរតែបញ្ចប់ការប្រើប្រាស់ប្រព័ន្ធតុលាការទៅលើអ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនអតីតគណបក្សប្រឆាំង។ ហើយក្នុងចំណោមអ្នកទាំងនោះ ដែលកំពុងជាប់ឃុំ មានដូចជា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរីពីររូបគឺ លោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា រួមទាំងសកម្មជនដីធ្លី គឺលោកស្រី ទេព វន្នី គួរតែត្រូវបានដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ»។
ចំណែក អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចេញ
សេចក្តីថ្លែងការណ៍មួយ ដែលមានចំណងជើងថា «ការបោះឆ្នោតនៅកម្ពុជា មិនមែនជាការបោះឆ្នោតពិតប្រាកដនោះទេ ដោយសារតែគណបក្សប្រឆាំង មិនបានចូលរួម»។ អង្គការនេះ រិះគន់ថា សម្រាប់ការបោះឆ្នោតលើកនេះ ប្រជាជនកម្ពុជា (ទំនងជាសំដៅលើអ្នកគាំទ្រគណបក្សប្រឆាំង) បានបាត់បង់សិទ្ធិ ក្នុងការជ្រើសរើសរដ្ឋាភិបាលថ្មី ដែលពួកគេចង់បាន។
អង្គការអន្តរជាតិ ដែលមិនសូវមើលឃើញចំណុចវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជាមួយនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«បញ្ហាដ៏ធ្ងន់ធ្ងរក្នុងការបោះឆ្នោត គឺការរំលាយគណបក្សប្រឆាំង និងការឃុំខ្លួនសមាជិកសំខាន់ៗរបស់អតីតគណបក្សប្រឆាំង។ រឿងផ្សេងទៀត ដែលគួរឲ្យបារម្ភដែរនោះ មានដូចជា ការមិនផ្តល់ភាពស្មើគ្នា ដល់ស្ថាប័នសារព័ត៌មាន ក្នុងការផ្សព្វផ្សាយ ការរឹតត្បិតលើការបញ្ចេញមតិ និងការជួបជុំ ជាដើម»។
រីឯ រដ្ឋសភាអាមេរិក បានអនុម័តច្បាប់ថ្មីមួយ ដើម្បីដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិលបាលកម្ពុជា។ សមាជិករដ្ឋសភាអាមេរិក បានស្នើឲ្យប្រធានាធិបតីរបស់ពួកគេ គឺលោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើមេដឹកនាំកំពូល និងមន្ត្រីជាន់ខ្ពស់១៧រូបរបស់កម្ពុជា។
អ្នកទាំង១៧រូបនោះ គឺសម្តេច ហ៊ុន សែន, សម្ដេច ស ខេង, សម្ដេច ទៀ បាញ់, លោក អូន ព័ន្ធមុនីរ័ត្ន, លោក ស៊ុន ចាន់ថុល, លោក ប្រាក់ សុខុន, លោក ឱម យិនទៀង, លោក កើត រិទ្ធ, លោក ប៉ុល សារឿន, លោក គន់ គីម, លោក សៅ សុខា, លោក ហ៊ីង ប៊ុនហៀង, លោក នេត សាវឿន, លោក ជួន សុវណ្ណ, លោក ហ៊ុន ម៉ាណែត, លោក សុខ ពុទ្ធីវុធ, និងលោកស្រី ហ៊ុន ម៉ាណា។
ដោយឡែក រដ្ឋាភិបាលជប៉ុន បានប្រកាសថា នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ មកចូលរួមឃ្លាំមើលការបោះឆ្នោតនៅកម្ពុជានោះទេ។ ប៉ុន្តែ ជប៉ុន នៅតែរក្សាដាក់ការិយាល័យ និងអ្នកបច្ចេកទេស ឲ្យបន្តធ្វើការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដដែល។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឆ្លើយតបថា ប្រទេសកម្ពុជា មានឯករាជ្យ និងអធិបតេយ្យ ដូច្នេះមិនស្ថិតនៅក្រោមឥទ្ធិពលរបស់បរទេស ឬអង្គការអន្តរជាតិណាឡើយ។ បន្ទាប់មក លោក ក៏ហៅការអនុម័តច្បាប់របស់សមាជិករដ្ឋសភាអាមេរិក និងប្រតិកម្មរបស់អង្គការអន្តរជាតិខាងលើ ថាបង្ហាញពីនិន្នាការនយោបាយប្រឆាំង និងបង្កអរិភាព លើប្រជាពលរដ្ឋ រួមទាំងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកនាំពាក្យដដែល បានបន្តថា ការបោះឆ្នោត គឺតំណាងឲ្យអធិបតេយ្យភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិ និងមានអំណាច ក្នុងការជ្រើសរើសមេដឹកនាំ។ លោក បន្ថែមថា គ្មានឧបសគ្គអ្វី ដែលអាចរារាំងដំណើរការបោះឆ្នោតដ៏ស្វាហាប់ និងមានការប្តេជ្ញាចិត្តរួចស្រេចទៅហើយនោះទេ។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលចាំផ្ទះរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«យើងមានជំហររឹងមាំ។ យើង មិនញញើតក្នុងកិច្ចការពារផលប្រយោជន៍របស់កម្ពុជានោះទេ។ ដំណើរការរដ្ឋ គឺយើងធានាបាន១០០ភាគរយ។ យើង រំពឹងថា នឹងទទួលបានរដ្ឋាភិបាលស្របច្បាប់ថ្មី ដែលកើតឡើងក្នុងរយៈពេលពីរ-បីសប្តាហ៍ ក្រោយការបោះឆ្នោត ដែលតំណាងឲ្យប្រជាជាតិខ្មែរ នៅក្នុងអង្គការសហប្រជាជាតិ និងតំណាងឲ្យផលប្រយោជន៍ខ្មែរនៅលើឆាកអន្តរធជាតិ។ គ្មានអ្វី ជាការព្រួយបារម្ភរបស់កម្ពុជាឡើយ»៕