ជាតិ
បោះឆ្នោត
បោះឆ្នោត៖ គ.ជ.ប សុំឲ្យក្រសួង៤ និងគណៈមេធាវី ចាត់ការមេធាវី ជូង ជូងី
× លោក ជូង ជូងី មេធាវីដ៏ល្បី ដែលតែងការពារក្តីឲ្យអតីតមេដឹកនាំគណបក្សប្រឆាំង ដូចជាលោក សម រង្ស៊ី និងលោក កឹម សុខា ជាដើម ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់កំហុសថា ព្យាយាមអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការលើការបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលចេញនៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។
តាមរយៈសេចក្តីប្រកាសព័ត៌មាន គ.ជ.ប លើកឡើងថា ការដែលមេធាវីរូបនេះ និយាយទៅកាន់ប្រជាពលរដ្ឋតាមបណ្តាញសង្គមហ្វេសប៊ុក ថាការបោះឆ្នោតអាណត្តិទី៦ ជាការបោះឆ្នោតក្លែងក្លាយ គឺធ្វើឲ្យភាន់ច្រឡំ និងនាំឲ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត។
គ.ជ.ប បានស្នើទៅក្រសួងបី គឺក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងក្រសួងព័ត៌មាន ឲ្យសហការគ្នា ដើម្បីបិទហ្វេសប៊ុករបស់លោក ជូង ជូងី។ លើសពីនេះ គ.ជ.ប ក៏ស្នើទៅក្រសួងយុត្តិធម៌ ឲ្យចាត់វិធានការលើលោក ជូង ជូងី ផងដែរ។
មិនទាន់អស់ចិត្តត្រឹមប៉ុណ្ណឹងទេ គ.ជ.ប ថែមទាំងស្នើទៅគណៈមេធាវីកម្ពុជា ឲ្យពិនិត្យ និងចាត់វិធានការលើសកម្មភាពរបស់មេធាវីដ៏ល្បីរូបនេះ នៅលើបណ្តាញសង្គមថែមទៀត។
សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបពីលោក ជូង ជូងី នោះទេ ដោយសារតែលោក មិនលើកទូរសព្ទ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ គេ សង្កេតឃើញលោក ជូង ជូងី ចេញមកបកស្រាយជាញឹកញាប់ពីរឿងទៅបោះឆ្នោត និងមិនទៅ។ លោក អះអាងថា ការអំពាវនាវមិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត មិនមែនជាបទល្មើសនោះទេ។ លោក ចាត់ទុកការអំពាវនាវនេះ ថាជាការបញ្ចេញមតិ៕
Tag:
បោះឆ្នោត
ជូង ជូងី
គជប
© រក្សាសិទ្ធិដោយ thmeythmey.com