ជាតិ
បោះឆ្នោត
បោះឆ្នោត​៖ គ​.​ជ​.​ប សុំ​ឲ្យ​ក្រសួង​៤ និង​គណៈមេធាវី ចាត់ការ​មេធាវី ជូ​ង ជូ​ងី
26, Jul 2018 , 8:25 pm        
រូបភាព
ដោយ:
លោក ជូ​ង ជូ​ងី មេធាវី​ដ៏​ល្បី ដែល​តែង​ការពារ​ក្តី​ឲ្យ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង ដូចជា​លោក​ សម រង្ស៊ី និង​លោក កឹម សុខា ជាដើម ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចាប់កំហុស​ថា ​ព្យាយាម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិការ​លើ​ការបោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប ដែល​ចេញ​នៅ​យប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​។


 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន គ​.​ជ​.​ប លើកឡើងថា ការដែល​មេធាវី​រូបនេះ និយាយ​ទៅកាន់​ប្រជាពលរដ្ឋ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា​ការបោះឆ្នោត​អាណត្តិ​ទី​៦ ជាការ​បោះឆ្នោត​ក្លែងក្លាយ គឺ​ធ្វើ​ឲ្យ​ភាន់ច្រឡំ និង​នាំ​ឲ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​។ 
 
​គ​.​ជ​.​ប បានស្នើ​ទៅ​ក្រសួង​បី គឺ​ក្រសួងមហាផ្ទៃ ក្រសួង​ប្រៃសណីយ៍ និង​ក្រសួង​ព័ត៌មាន ឲ្យ​សហការគ្នា ដើម្បី​បិទ​ហ្វេ​ស​ប៊ុ​ក​របស់លោក ជូ​ង ជូ​ងី​។ លើសពីនេះ គ​.​ជ​.​ប ក៏​ស្នើ​ទៅ​ក្រសួងយុត្តិធម៌ ឲ្យ​ចាត់វិធានការ​លើ​លោក ជូ​ង ជូ​ងី ផងដែរ​។    
 
​មិនទាន់​អស់ចិត្ត​ត្រឹម​ប៉ុណ្ណឹង​ទេ គ​.​ជ​.​ប ថែមទាំង​ស្នើ​ទៅ​គណៈមេធាវី​កម្ពុជា ឲ្យ​ពិនិត្យ និង​ចាត់វិធានការ​លើស​កម្ម​ភាព​របស់​មេធាវី​ដ៏​ល្បី​រូបនេះ នៅលើ​បណ្តាញ​សង្គម​ថែមទៀត​។  
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការឆ្លើយតប​ពី​លោក ជូ​ង ជូ​ងី នោះទេ ដោយសារតែ​លោក មិន​លើក​ទូរ​សព្ទ​។  
 
​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ គេ សង្កេតឃើញ​លោក ជូ​ង ជូ​ងី ចេញមក​បកស្រាយ​ជា​ញឹកញាប់​ពី​រឿង​ទៅ​បោះឆ្នោត និង​មិន​ទៅ​។ លោក អះអាងថា ការអំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត មិនមែនជា​បទល្មើស​នោះទេ​។ លោក ចាត់ទុក​ការអំពាវនាវ​នេះ ថាជា​ការបញ្ចេញមតិ​៕

Tag:
 ​បោះឆ្នោត​
  ជូ​ង ជូ​ងី​
  គជប​
© រក្សាសិទ្ធិដោយ thmeythmey.com