ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើសាររម្លែកទុក្ខរដ្ឋាភិបាល និងប្រជាជនឡាវ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានផ្ញើសាររម្លែកទុក្ខជូនចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងគ្រោះបាក់ទំនប់វារីអគ្គិសនី Xepien- Xenamnoy ដែលបានបង្កឲ្យមនុស្សស្លាប់ និងបាត់ខ្លួន ក្នុងប្រទេសមួយនេះ។
លិខិតចូលរួមរម្លែកទុក្ខរបស់ប្រមុខការទូតកម្ពុជារូបនេះ បានផ្ញើជូនលោក Saleumxay KOMMASITH រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៦ខែកក្កដានេះ។
លោក ប្រាក់ សុខុន បានថ្លែងក្នុងលិខិតនេះយ៉ាងដូច្នេះថា៖«ខ្ញុំពិតជាក្រៀមក្រំយ៉ាងខ្លាំងពេលដឹងថាមនុស្សជាច្រើនបានបាត់បង់ជីវិត ប្រជាជនរាប់រយនាក់បាត់ខ្លួន ហើយពលរដ្ឋជាច្រើនពាន់នាក់គ្មានផ្ទះសម្បែង ព្រមទាំងការខូចខាតយ៉ាងធំ ដែលបង្កដោយការបាក់ទំនប់វារីអគ្គិសនី Xepien- Xenamnoy ក្នុងខេត្ត Attapeu ប្រទេសឡាវ កាលពីថ្ងៃទី២៣ ខែកក្កដា»។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានបន្តដូចនេះទៀតថា៖«ខណៈពេលដ៏លំបាកនេះ ខ្ញុំសូមបង្ហាញទឹកចិត្តខ្វាយខ្វល់ និងសោកស្ដាយយ៉ាងខ្លាំង ដល់លោករដ្ឋមន្ត្រី និងប្រជាជនឡាវ ជាពិសេសគ្រួសាររងគ្រោះ និងជនរងគ្រោះ ចំពោះការឈឺចាប់ និងការបាត់បង់ដ៏ក្រៀមក្រំ»៕
© រក្សាសិទ្ធិដោយ thmeythmey.com