ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន​៖ ខ្ញុំ​មិន​នាំ​បក្ស​បរាជ័យ និង​មិន​នាំ​ប្រទេស​ទៅកាន់​ថ្លុកឈាម​ទេ​
27, Jul 2018 , 8:05 am        
រូបភាព
សម្ដេច ហ៊ុន សែន ឈរថ្លែងសារនយោបាយ នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨
សម្ដេច ហ៊ុន សែន ឈរថ្លែងសារនយោបាយ នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​ខ្ញុំ​មិន​នាំ​បក្ស​បរាជ័យ និង​មិន​នាំ​ប្រទេស​ទៅកាន់​ថ្លុកឈាម ដូច​អតីតកាល​នោះទេ​»​។ នេះ​ជា​សារ​នយោបាយ​របស់​សម្ដេច ហ៊ុន សែន ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ថ្លែង​ចំពោះមុខ​សមាជិក​បក្ស​២៥​ម៉ឺន​នាក់ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចុងក្រោយ នៅ​ថ្ងៃទី​២៧ កក្កដា​នេះ​។​


 
​សម្ដេច ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ នៅតែ​រំ​ឮ​ក​ពី​ការងារ​របស់ខ្លួន​ជាង​៣០​ឆ្នាំ​មកនេះ ក្នុង​ការជួយ​រំដោះ​ប្រទេសជាតិ និង​ការពារ​សន្តិភាព​នាពេល​បច្ចុប្បន្ន​។ ដើម្បី​ឲ្យ​អ្នកគាំទ្រ ជឿជាក់ថា ខ្លួន​ពិតជា​អ្នកការពារ​សន្តិភាព​ពិតប្រាកដ​នោះ ប្រមុខ​បក្ស​ប្រជាជន​រូបនេះ ក៏បាន​លើក​អំពី​វិធានការ​កម្ចាត់​ក្រុម​គណបក្សប្រឆាំង​តាម​យន្តការ​ច្បាប់ ថ្លែងក្នុងសារនយោបាយឃោសនានេះ ។ សម្ដេច ហ៊ុន សែន ដែល​ចាត់ទុក​អតីតគណបក្សសង្គ្រោះជាតិ ជា​គណបក្ស​បង្ក​ហា​នី​ភ័យ​ក្នុងសង្គម​នោះ បាន​និយាយ​ដូច្នេះ​ថា​៖ «​យើង​សុខចិត្ត​បង់ថ្លៃ​មួយចំនួន តែ​មិន​ឲ្យ​សង្គ្រាម​កើតឡើង​ឡើយ​»​។ 
 
​សម្រាប់​ប្រមុខ​រដ្ឋាភិបាលចាំផ្ទះ​រូបនេះ តម្លៃ​នៃ​សន្តិភាព​គឺជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ប្រទេស ។ តាមរយៈ​សារ​នយោបាយ ដែល​លើកតែ​ពី​គុណសម្បត្តិ​ខ្លួន ដឹកនាំ​ប្រទេស​៣៣​ឆ្នាំនេះ សម្ដេច ហ៊ុន សែន ជឿជាក់ថា គណបក្ស​ខ្លួន នៅតែ​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ។ «​ខ្ញុំ​មិន​ធ្វើ​ឲ្យ​បក្ស និង​សមា​ជិប​ក្ស​ខកចិត្ត​ដោយសារ​ទង្វើ​នយោបាយ និង​សីលធម៌​ណាមួយ​ឡើយ​»​។ នេះ​ជាការ​ប្ដេជ្ញាចិត្ត​របស់​ប្រមុខ​បក្ស​ប្រជាជន​។​
 
​ក្រោយ​បញ្ចប់​ការ​ថ្លែង​សារ​នយោបាយ​នេះ សម្ដេច ហ៊ុន សែន នឹង​ដឹកនាំ​សមាជិក​ជាង​២០​ម៉ឺន​នាក់ ដើរ​ដង្ហែរ​ក្បួន​ឃោសនា នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​។ ក្រៅពី​គណបក្ស​ប្រជាជន ក៏មាន​គណបក្សនយោបាយ​ផ្សេងទៀត ធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃ​ចុងក្រោយ​ដែរ ។ គណបក្ស​ទាំងនោះ​រួមមាន​៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​, គណបក្ស​សញ្ជាតិ​កម្ពុជា​, គណបក្ស​ខ្មែរ​ក្រោក​, គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម ដែលមាន​ចំនួន​អ្នក​ចួ​ល​រួម​សរុប​ជាង​៣២​ម៉ឺន​នាក់​។ នេះ​បើតាម​របាយការណ៍​ពី​ខាង​គណៈកម្មាធិការ​ជាតិ​រៀប​បោះឆ្នោត (​គ​.​ជ​.​ប​)៕


Tag:
 ហ៊ុន សែន​
  CPP
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com