ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
FIDH ស្នើ​ឲ្យ​លែង​លោក កឹម សុខា មុន​បោះឆ្នោត តែ​មន្ត្រី​រដ្ឋាភិបាល ថា​ហួសពេល​ហើយ​
27, Jul 2018 , 12:08 pm        
រូបភាព
ដោយ:
ជិត​ដល់​ថ្ងៃ​បោះឆ្នោត​មែនទែន​ទៅហើយ អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) នៅតែ​ប្រឹង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​អតីត​សមាជិក​ផ្សេងទៀត​នៃ​គណបក្ស​នេះ​។ FIDH ក៏បាន​ទាមទារ​ឲ្យ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ធ្វើ​សកម្មភាព​ឡើងវិញ​ផងដែរ​។


 
​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ ដែលមាន​អង្គការ​ជិត​២០០ មកពី​បណ្តា​ប្រទេស​ជាង​១០០ លើ​ពិភពលោក​ជា​សមាជិក ថែមទាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​លក្ខខណ្ឌ​ដ៏​ល្អ​មួយ ដែល​អាចធ្វើ​ឲ្យ​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​នេះ ប្រព្រឹត្ត​ទៅតាម​ស្តង់ដា​អន្តរជាតិ​។ អង្គការ​នេះ បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដទៃ កុំ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា ប្រសិនណាបើ​សំណើ​ខាងលើ​របស់ខ្លួន មិន​ជោគជ័យ​។​
 
FIDH បាន​ហៅ​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​គ្មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជាការ​បោះឆ្នោត​ក្លែងក្លាយ​។ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែកក្កដា អង្គការ​អន្តរជាតិ ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​លទ្ធផល​នៃ​ការបោះឆ្នោត គ្រាន់តែ​ជាការ​ត្រួស​ត្រាយផ្លូវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​កាន់អំណាច​រយៈពេល​៥​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​»​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី សើចចំអក​ឲ្យ FIDH ថា​ចេញ​សេចក្តីថ្លែងការណ៍ និង​ដាក់សំណើ​ទាំង​មិន​យល់​ពី​ច្បាប់​កម្ពុជា​។ លោក បន្ថែមថា សេចក្តីថ្លែងការណ៍​រប​ស់​អង្គការ​នេះ មាន​ចេតនា​ប្រឆាំងនឹង​ការបោះឆ្នោត​នៅ​កម្ពុជា​។ 
 
​លោក ផៃ ស៊ី​ផាន បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​បែបនេះ​ថា​៖«​អត់​ន័យ​ទេ​។ មកដល់ពេលនេះ​ហើយ វា ហួសពេល​ទៅហើយ​។ គ្មានអ្វី​ត្រូវ​មក​តតាំង​នោះទេ​»៕
 
 

Tag:
 ​បោះឆ្នោត​
  FIDH
  ផៃ ស៊ី​ផាន​
© រក្សាសិទ្ធិដោយ thmeythmey.com