ជាតិ
បោះឆ្នោត
លោក គង់ មុនី​កា​៖​ ទោះ​គោរព​មេដឹកនាំ​ចាស់ៗ តែ​ខ្ញុំ​ចង់​ធ្វើជា​ជម្រើស​ថ្មី សម្រាប់​ពលរដ្ឋ​
27, Jul 2018 , 3:05 pm        
រូបភាព
​ភ្នំពេញ​៖ លោក គង់ មុនី​កា គឺជា​កូន​ទី​៦ របស់លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្សប្រឆាំង​។ ជា​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​ច្បាប់សាធារណៈ និង​ទំនាក់ទំនង​អន្តរជាតិ លោក គង់ មុនី​កា បានសម្រេច​ចិត្ត​ឈាន​ជើង​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ បន្ទាប់ពី​ឪពុក និង​បងប្រុស​ខ្លួន​ពីរ​នាក់ ត្រូវបាន​តុលាការ​កំពូល ហាម​ធ្វើ​សកម្មភាព​នយោបាយ​៥​ឆ្នាំ​។ តាមពិតទៅ​ការធ្វើ​នយោបាយ​មិនមែនជា​គោលដៅ​ដំបូង របស់លោក គង់ មុនី​កា នោះទេ​។ ប៉ុន្តែ​ដោយសារ​ពេលវេលា​តម្រូវ​ឲ្យ​ខ្លួន ត្រូវ​ដើរតួ​ជា​ជម្រើស​ថ្មី ជំនួស​ឪពុក និង​បងប្រុស​នោះ ទើប​បុរស​វ័យ​ជាង​៣០​ឆ្នាំ ដែលមាន​ឈាមជ័រ​អ្នកនយោបាយ​រូបនេះ សម្រេច​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​បន្ត​នយោបាយ ក្នុងទិសដៅ​សម្រេច​គោលបំណង​ឪពុក​ខ្លួន​។​



​នៅក្នុង​ផ្ទះថ្ម​តៀម​មួយ ក្នុង​ទីធ្លា​ដ៏​ធំ ដែលមាន​លើក​ស្លាក​គណបក្ស​ឆន្ទៈ​ខ្មែរ បុរស​ម្នាក់ ដែលមាន​មាឌធំ កំពុង​អង្គុយ​ពិភាក្សា​ការងារ ជាមួយ​សមាជិក​បក្ស​ខ្លួន​ប្រមាណ​៣​នាក់ អំពី​គោលនយោបាយ​បក្ស​មួយចំនួន សម្រាប់​ផ្សព្វផ្សាយ​ទៅ​ប្រជាពលរដ្ឋ​។ ផ្ទះថ្ម​តៀម​មួយ​នេះ ពីមុន​គឺជា​អតីត​ទីស្នាក់ការ​គណបក្ស​សម រង្ស៊ី (១៩៩៥-២០១២) ប៉ុន្តែ​នៅពេលនេះ វា​ក្លាយជា​ទីស្នាក់ការ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ដឹកនាំ​លោក គង់ មុនី​កា កូនប្រុស​ពៅ​របស់លោក គង់ គាំ អតីតមន្ត្រី​គណបក្សប្រឆាំង​នេះ​។ ក្នុង​សភាព​ហាក់ដូចជា​ហត់នឿយ និង​រវល់​ភារកិច្ច​បោះ​ឆ្នោត​ក្តី ប៉ុន្តែ​លោក គង់ មុនី​កា ក៏​នៅតែ​ឆ្លៀតពេល​មក​ផ្ដល់​កិច្ច​សម្ភាស​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ អំពី​គោលបំណង​ដែល​ខ្លួន ឈាន​ជើង​ចូល​ឆាកនយោបាយ​។​



​សម្រាប់​លោក គង់ មុនី​កា ការបង្កើត​គណបក្សនយោបាយ ដើរតួ​ជា​គណបក្សប្រឆាំង ជំនួស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​រំលាយ​កន្លងមក​នេះ គឺ​មិនមែន​ដោយសារ​លោក ស្អប់​លោក សម រង្ស៊ី និង​សម្ដេច ហ៊ុន សែន ទេ ប៉ុន្តែ​លោក ចង់​ក្លាយជា​ជម្រើស​ថ្មី សម្រាប់​ប្រជាពលរដ្ឋ ។​

​ឪពុក និង​បងប្រុស​ខ្ញុំ មិនដែល​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ​នយោបាយ​ទេ ប៉ុន្តែ​ពេលវេលា​បង្ខំ​

«​ដោយសារ​ខ្ញុំ​មាន​ឈាមជ័រ ជា​អ្នកនយោបាយ​ផង ហើយ​ខ្ញុំ​ក៏​ជា​អ្នក​ចូលចិត្ត​តាមដាន​នយោបាយ​តាំងពីដើម ដ្បិត​ខ្ញុំ​មិនសូវ​ចេញមុខ ចេញ​មាត់​ក្តី ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​ធ្វើ​នយោបាយ​ហ្នឹង​»​។ នេះ​ជាការ​បកស្រាយ​របស់លោក គង់ មុនី​កា ដែលមាន​បំណង​ចង់​បន្ត​នយោបាយ​របស់​ឪពុក និង​បងប្រុស​ខ្លួន ។ បំណង​ចង់​ធ្វើ​នយោបាយ​របស់លោក គង់ មុនី​កា នេះ គឺ​កើតចេញពី​ពេលវេលា​នៃ​នយោបាយ​ក្ដៅ ស្របពេល​ដែល​លោក គង់ គាំ ជា​ឪពុក និង​បងប្រុស​ខ្លួន​ពីរ​នាក់ គឺ​លោក គង់ បូរ៉ា និង​លោក គង់ សភា ត្រូវ​បាត់បង់​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ តាម​អំណាច​របស់​តុលាការ​កំពូល​។​

​នៅពេល​សួរថា តើ​លោក ឈាន​ជើង​ចូលក្នុង​វិស័យ​នយោបាយ ដោយសារ​ឪពុក​លោក និង​គ្រួសារ​បង្ខំ​មែន​ទេ​? លោក គង់ មុនី​កា ញញឹម​បន្តិច​ហើយ​ឆ្លើយតប​ភ្លាមៗ​ថា ឪពុក និង​បងប្រុស​លោក មិនដែល​ជំរុញ​ឲ្យ​លោក​ធ្វើ​នយោបាយ​ទេ ប៉ុន្តែ​ពេលវេលា​ទៅវិញ​ទេ ដែលជា​អ្នក​បង្ខំ​លោក​ឲ្យ​ឈាន​ជើង​ចូល​នយោបាយ បន្ត​ក្តី​ស្រមៃ​របស់​ឪពុក​ខ្លួន​។​



​បុរស​វ័យ​ជាង​៣០​ឆ្នាំ សប្បុរស មាន​មាឌធំ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ក្នុង​ក្រុមគ្រួសារ​ខ្ញុំ​មាន​៣​នាក់​ហើយ ដែល​ជាប់​បម្រាម​នយោបាយ​រយៈពេល​៥​ឆ្នាំ ដែលមាន​លោកឪពុក និង​បងប្រុស​ខ្ញុំ​២​នាក់ ដូច្នេះ​ពួកគាត់​មិនមាន​សិទ្ធិ​អ្វីដែល​អាចរួមចំណែក​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ​អ្វី​ទេ ប៉ុន្តែ​យើង​ត្រូវការ​ជា​យោបល់ ជា​បទពិសោធន៍​ពី​គាត់ ចំពោះ​ខ្ញុំ ជា​ឪពុក​និង​កូន ជា​បង​និង​ប្អូន ចៀស​មិន​ផុតពី​សុំ​យោបល់​ពី​គាត់​ថា គួរ​ធ្វើ​យ៉ាងម៉េច​យ៉ាងណា គឺ​គ្រាន់តែ​សុំ​ជា​បទពិសោធន៍​ទេ​។ ក៏ប៉ុន្តែ​ពួកគាត់​មិនមែនជា​អ្នក​ដែល​ជំរុញ​ឲ្យ​យើង​ធ្វើជា​អ្នកដឹកនាំ​គណបក្សនយោបាយ​នោះទេ​»​។

​ក្តី​ស្រមៃ​ចង់​ក្លាយជា​គណបក្ស​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ហាក់​នៅលើ​ដំណើរ​ផ្លូវ​វែងឆ្ងាយ​ទៀត​។ ដ្បិតអ្វី​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​បង្កើតឡើង​ដោយ​លោក គង់ មុនី​កា កូន​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្សប្រឆាំង​នេះ ហាក់​នៅ​ក្មេងខ្ចី ហើយ​គ្រាន់​តែមាន​ក្តី​រំពឹង​លើ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក គង់ មុនី​កា ដែល​ដឹង​ពី​ចំណុច​នេះ បាន​និយាយថា គណបក្ស​ឆន្ទៈ​ខ្មែរ ត្រូវ​ប្រើ​ពេលវេលា​យូរ​ទៀត ដើម្បី​ឈរជើង​ឲ្យ​រឹងមាំ ក្លាយទៅជា​គណបក្សប្រឆាំង​មួយ ដែល​អាច​ផ្ដល់​ក្តី​ទុក​ដល់​ពលរដ្ឋ នោះ​ទើប​អាច​ទទួលបាន​ការគាំទ្រ​ពី​ពួកគេ ដើម្បី​ឈានទៅ​ដឹកនាំ​រដ្ឋាភិបាល​នាពេល​អនាគត​។​

​ខ្ញុំ​គោរព​ការដឹកនាំ​របស់លោក សម រង្ស៊ី និង​សម្ដេច ហ៊ុន សែន ប៉ុន្តែ​ខ្ញុំ​ចង់​ធ្វើជា​ជម្រើស​ថ្មី សម្រាប់​ពលរដ្ឋ​

​គិត​មកដល់ពេលនេះ វា​មាន​រយៈពេល​ជាង​២​ខែ​ហើយ ដែល​លោក គង់ មុនី​កា ស្គាល់​រសជាតិ​ជីវិត​នៅក្នុង​វិស័យ​នយោបាយ​។ ការ​ទាញ​ប្រជាប្រិយភាព ទាញ​ការគាំទ្រ និង​ជំនឿ​ចិត្ត​ពី​ពលរដ្ឋ គឺជា​ភារកិច្ច​ថ្មី ដែល​លោក គង់ មុនី​កា ត្រូវបំពេញ​ឲ្យ​បាន​ខ្លាំង​ដូច​ឪពុក និង​បងប្រុស​ខ្លួន ដែល​ធ្លាប់ជា​អតីត​អ្នកនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​កន្លងមក​។ ដ្បិត​មិនទាន់​ឈាន​ជើងកប់​ជ្រៅ​ក្នុង​នយោបាយ​ក្ដី ប៉ុន្តែ​កិច្ចការងារ​ជាច្រើន​ដែល​លោក គង់ មុនី​កា បាន​រៀនសូត្រ​ពី​ឪពុក និង​បងប្រុស​ខ្លួន​នោះ គឺ​ការត្រៀម​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ តាមរយៈ​ការប្រមូល​ទុក្ខលំបាក​របស់​ពួកគេ យកទៅ​ដោះស្រាយ​។ សម្រាប់​លោក គង់ មុនី​កា ការធ្វើ​នយោបាយ​របស់​ឪពុក និង​បងប្រុស​លោក រួមទាំង​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​លោក សម រង្ស៊ី (​លើកយក​ឈ្មោះ​លោក សម រង្ស៊ី ជា​គោល​)​កន្លងមក គឺ​បាន​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ និង​បញ្ហា​ជាតិ​ច្រើន ដែល​មិនអាច​ប្រកែក​បាន​។​



​ប៉ុន្តែ​និយាយ​បែបនេះ មិនមែន​មានន័យថា លោក គង់ មុនី​កា ឲ្យ​តម្លៃ​ការដឹកនាំ​របស់លោក សម រង្ស៊ី ខ្លាំង​ជាង​សម្ដេច ហ៊ុន សែន ឡើយ ហើយក៏​មិនមែន​ឲ្យ​តម្លៃ​សម្ដេច ហ៊ុន សែន ខ្លាំង​ជាង​លោក សម រង្ស៊ី ដែរ​។ ក្នុង​ក្រសែភ្នែក​របស់​អ្នកនយោបាយ​វ័យក្មេង​រូបនេះ ទាំង​លោក សម រង្ស៊ី និង​សម្ដេច ហ៊ុន សែន សុទ្ធ​តែមាន​គោលនយោបាយ​ដឹកនាំ​ល្អ​រៀងៗ​ខ្លួន ប៉ុន្តែ​គ្រាន់តែ​អ្នកនយោបាយ​ជើងចាស់​ទាំងពីរ​នេះ មិនចេះ​ប្រើ​ឱកាស​ដោះស្រាយ​បញ្ហា​ជាតិ​រួមគ្នា​ប៉ុណ្ណោះ​។ ដោយសារតែ​ចំណុច​នេះហើយ ទើបបានជា​លោក គង់ មុនី​កា សម្រេចចិត្ត​បង្កើត​គណបក្ស​ឡើងមក ដើម្បី​ផ្ដល់​ជា​ជម្រើស​ថ្មី​សម្រាប់​ពលរដ្ឋ​។​

«​ជា​យុវជន​ស្រករ​ក្រោយ យើង​មិន​ចង់ឃើញ​គំរូ​មិនល្អ ពី​អ្នកនយោបាយ​ចាស់ៗ​ទេ ចំណុច​ល្អ​យើង​ទទួលយក​ទាំងអស់ ។ យើង​គោរព​នូវ​វីរៈភាព​របស់​អ្នកដឹកនាំ​រដ្ឋាភិបាល (​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន​) យើង​គោរព​នូវ​វីរៈភាព​របស់​មេដឹកនាំ​គណបក្សប្រឆាំង (​សំដៅលើ​លោក សម រង្ស៊ី​) ដែល​ជួយ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស ហើយ​ពលរដ្ឋ​បាន​ស្គាល់​សិទ្ធិ​កន្លងមក​។ ខ្ញុំ​ពិតជា​គោរព​នូវ​វីរៈភាព​របស់​ពួកគាត់​។ ប៉ុន្តែ​ពួកគាត់​មាន​ចំណុច​មួយចំនួន​ដែល​ខ្ញុំ​មើលឃើញ​នោះ គឺ​មិនបាន​ប្រកួតប្រជែង​គ្នា ដោយ​ឈរ​នៅលើ​គោលនយោបាយ​អភិវឌ្ឍន៍​ប្រទេសជាតិ ហើយ​បែរជា​យកឈ្នះ​-​ចាញ់​គ្នា​លើ​រឿង​បុគ្គល លាប​ពណ៌​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​»​។ នេះ​ជាការ​មើលឃើញ​របស់​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ប្ដេជ្ញា​ថា គណបក្ស​លោក នឹងចូលរួម​ប្រកួតប្រជែង​នយោបាយ ដោយ​ឈរលើ​គោលការណ៍​ផ្សះផ្សារ​ជាតិ និង​បង្រួបបង្រួម​ជាតិ ដើម្បី​ដំណើរការ​អភិវឌ្ឍ​ប្រទេស​។​

​ចង់​បង្រៀន​ឲ្យ​យុវជន​ចូលរួម​នយោបាយ​ក្នុង​ភាពត្រឹមត្រូវ​

​ខណៈ​កំណើន​យុវជន មាន​ចំនួន​៦៥​ភាគរយ នៃ​ចំនួន​ប្រជាជន​ទូទាំងប្រទេស​នោះ ភាគច្រើន​ពួកគេ​បាននាំគ្នា​ឈាន​ជើង​ក្នុង​វិស័យ​នយោបាយ តាមរយៈ​ការគាំទ្រ​គណបក្សនយោបាយ​ដែល​ពួកគេ​ពេញចិត្ត​។ ចលនា​យុវជន​ក្នុង​វិស័យ​នយោបាយ ជា​រឿង​មួយ​ចាំបាច់ ដែល​មិនអាច​ខ្វះ​បាន នៅក្នុង​សង្គមជាតិ​ទូទាំង​សាកលលោក មិនថាតែ​កម្ពុជា​នោះទេ​។ ប្រទេសជាតិ​រីកចម្រើន ក៏ដោយ​សារ​តែមាន​យុវជន​ជា​សសរទ្រូង​ជាតិ ប៉ុន្តែ​បើជា​តិ​ប្រេះស្រាំ​នោះ ក៏​ដោយសារតែ​យុវជន​បែកបាក់​សាមគ្គី​ផងដែរ​។ វា​ជា​បញ្ហា​មួយ ដែល​លោក គង់ មុនី​កា កំពុង​ព្រួយបារម្ភ​។​



​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​រូបនេះ បាន​មើលឃើញថា អ្នកនយោបាយ​ជើងចាស់ តែងតែ​ប្រើប្រាស់​យុវជន​ជា​ឈ្នាន់​នយោបាយ​ខ្លួន តាមរយៈ​ការប្រកួត​ឈ្នះ​-​ចាញ់ ជា​លក្ខណៈ​បុគ្គល ដោយ​ការ​លាប​ពណ៌​គ្នា​ទៅវិញទៅមក ថា​អ្នកនេះ​ល្អ ឬ​អ្នកនោះ​អាក្រក់​។ ទម្លាប់​នយោបាយ​បែបនេះ នឹងធ្វើ​ឲ្យ​យុវជន​បែកបាក់​គ្នា ឈ្លោះប្រកែក​គ្នា​ដោយសារ​កាន់ជើង​អ្នកនយោបាយ​រៀងៗ​ខ្លួន ហើយ​ប្រទេសជាតិ នឹង​ប្រឈម​ហានិភ័យ​។ សម្រាប់​លោក មុនី​កា ការធ្វើ​នយោបាយ​បែប​អភិវឌ្ឍ​ជាតិ នឹង​អាចជួយ​ឲ្យ​យុវជន​រឹងមាំ ក្លាយជា​មេដឹកនាំ​ល្អ សម្រាប់​ប្រទេសជាតិ​។​

​អង្គុយ​នៅក្នុង​សា​ឡុង​ឈើ ក្នុង​ការិយាល័យ​នៃ​ស្នាក់ការ​គណបក្ស​ឆន្ទៈ​ខ្មែរ អ្នកនយោបាយ​វ័យក្មេង​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ត្រូវ​ស្គាល់​អ្វី​ជា​សិទ្ធិ យើង​កុំ​ធ្វើ​អ្វីដែល​វា​ជ្រុល​ហួស ឬក៏​លាប​ពណ៌​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​។ យើង​ត្រូវ​ផ្ដល់​ឲ្យ​យុវជន​រួមចំណែក​កសាង​ប្រទេស យើង​កុំ​រារាំង និង​ចោទ​គ្នា​ទៅវិញទៅមក​។ ដូច្នេះ​ក្នុងនាម​ខ្ញុំ​ជា​អ្នកនយោបាយ​ជំនាន់​ក្រោយ ខ្ញុំ​នឹងធ្វើ​ចិត្ត​ឲ្យ​ទូលាយ ព្រោះ​យើង​បានឃើញ​បទពិសោធន៍​របស់​អ្នកនយោបាយ​ជើងចាស់​រួចហើយ ការ​ចង្អៀតចង្អល់​ដាក់គ្នា​វា​មិនល្អ​ទេ​។ ដូច្នេះ​យុវជន ក៏ត្រូវ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​ដែរ​។ កាលណា​យើង​បើក​ចិត្ត​ឲ្យ​ទូលាយ គំនិត​យើង​កាន់តែ​ទូលាយ យើង​នឹងមាន​លំហរ​ច្រើន​ក្នុងការ​ជ្រើសរើស ហើយ​អាច​ប្រើប្រាស់​សិទ្ធិ​កាន់តែ​ទូលាយ​»​។​

​បើតាម​លោក គង់ មុនី​កា គំរូ​មេដឹកនាំ​ល្អ នឹង​អាច​បណ្ដុះ​គ្រាប់ពូជ​ធនធានមនុស្ស​ល្អ សម្រាប់​ប្រទេសជាតិ​។​

​ពី​មន្ត្រី​ទូត និង​ព្រឺទ្ធសភា ក្លាយជា​អ្នកនយោបាយ​

​កើត​នៅ​ឆ្នាំ ១៩៨០ កុមារ គង់ មុនី​កា គឺជា​កូន​ទី​៦ នៅក្នុង​គ្រួសារ​មួយ រស់នៅ​ទីក្រុង​ភ្នំពេញ ដែលមាន​ឪពុក ជា​អតីត​អ្នកនយោបាយ​។ យុវជន គង់ មុនី​កា ដែល​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា និង​អក្សរសាស្ត្រ​ខ្មែរ បានបញ្ចប់​ការសិក្សា​សញ្ញាបត្រ​បឋមសិក្សា​ទុតិយ​ស​ភូមិ នៅ​ឆ្នាំ​១៩៩៦ ហើយ​បាន​បន្ត​សិក្សា​បញ្ចប់​ការ​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់សាធារណៈ នៅ​សាកល​វិទ្យា​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ឆ្នាំ​២០០១ មុននឹង​បន្ត​សិក្សា​បញ្ចប់​ថ្នាក់អនុបណ្ឌិត ផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៅ​សាកលវិទ្យាល័យ​ម៉ូ​ណាស់ (Monash University) ប្រទេស​អូស្ត្រាលី នៅក្នុង​ឆ្នាំ​២០០៥​។​



​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​អូស្ត្រាលី យុវជន គង់ មុនី​កា បាន​ត្រឡប់មក​កម្ពុជា​វិញ ដោយ​ចូល​បម្រើ​ការងារ​ជាម​ន្ត្រី ក្នុង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​មួយរយៈ​ពេល​ខ្លី មុននឹង​បន្ត​ការសិក្សា​បញ្ចប់​ជំនាញ​ច្បាប់​អន្តរជាតិ ថ្នាក់អនុបណ្ឌិត នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ឆ្នាំ​២០១០​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​អនុបណ្ឌិត​ទី​២​នេះ លោក គង់ មុនី​កា បាន​វិល​មក​ចូល​បម្រើ​ការងារ​នៅតាម​អង្គការ និង​បណ្ដា​ទូត​មួយចំនួន (​សុំ​មិន​បញ្ចេញ​ឈ្មោះ​ទីកន្លែង​) ប្រចាំ​កម្ពុជា​វិញ អស់​រយៈ​ជាង​៧​ឆ្នាំ​មកនេះ ទើប​សម្រេច​ឈាន​ជើង​ឆាកនយោបាយ ដោយ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

«​ឆ្លៀត​នៅក្នុង​ពេលដែល​ស្ថានភាព​នយោបាយ​ផុយស្រួយ​បែបនេះ យើង​ក៏​សោកស្ដាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ចូលរួម​ការបោះឆ្នោត ហើយ​យើង​ដែលមាន​ឈាមជ័រ​ជា​អ្នកប្រជាធិបតេយ្យ​ដូចគ្នា ទើប​យល់ឃើញថា យើង​មិនអាច​បណ្ដែតបណ្ដោយ​ឲ្យ​គណបក្សកាន់អំណាច កាន់អំណាច​តែឯង​ជិះសេះ​លែងដៃ​បានទេ​។ ហើយ​យើង​ក៏​មិនអាច​បណ្ដោយ​ឲ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​កន្លងមក ថមថយ​ដោយ​គ្មាន​ការទទួលខុសត្រូវ​។ ដូច្នេះ​យើង​ឲ្យ​ឱកាស​នេះ ដែល​បក្ស​យើង​ក្លាយជា​ជម្រើស​ថ្មី​របស់​ប្រជាពលរដ្ឋ​។ យើង​នឹង​អាច​ចូលរួម​ក្នុងនាម​ជា​អ្នកនយោបាយ​ស្រករ​ក្រោយ ដើម្បី​អភិវឌ្ឃន៍​ប្រទេស​តាមបែប​ផែន​ប្រជាធិបតេយ្យ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គង់ មុនី​កា ដែល​រំពឹងថា គណបក្ស​លោក នឹង​អាច​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ឈានទៅ​ដឹកនាំ​រដ្ឋាភិបាល ដើម្បី​សម្រេច​បំណង​របស់​ឪពុក​ខ្លួន​កន្លងមក​៕


Tag:
 គង់ មុនី​ការ​
  គង់ គាំ​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com