ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
២០​ថ្ងៃ មាន​អ្នក​ចូល​ឃោសនា​សរុប​ជាង ១​លាន ៤​សែន​នាក់​
27, Jul 2018 , 4:10 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រយៈពេល​២០​ថ្ងៃ នៃ​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គ្រប់​គណបក្ស​ទាំងអស់ មាន​អ្នក​ឃោសនា​សរុប​ជាង ១​លាន ៤​សែន​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​



​ក្រៅពី​ចំនួន​អ្នកចូលរួម​ក្នុង​ក្បួន​ឃោសនា មាន​សកម្មជន​គ្រប់​គណបក្ស​ទាំងអស់​ដែល​ចុះ​តាម​មូលដ្ឋាន ដើម្បី​ចែក​ខិត​បណ្ណ និង​ជួបប្រជុំ​សរុប​មាន​គ្នា​ជាង ២​លាន ១​សែន ៥​ម៉ឺន​នាក់​។ ចំណែក​រថយន្ត​ប្រើ​ក្នុងការ​ឃោសនាបោះឆ្នោត មាន​ជាង ៦​ម៉ឺន​រថយន្ត ខណៈដែល​ចំនួន​ម៉ូតូ និង​កង់ មាន​ចំនួន ៣៧​ម៉ឺន​គ្រឿង​។​

​ការឃោសនាបោះឆ្នោត​រប​ស់​គណបក្ស​ទាំង​២០ ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត ត្រូវបាន​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប ឲ្យ​សារព័ត៌មាន​ថ្មីៗ ដឹងថា មាន​ភាពល្អប្រសើរ និង​ចាស់ទុំ​ជាង​អាណត្តិ​មុនៗ​។ ដោយ​នៅក្នុង​រយៈពេល​២០​ថ្ងៃ​នៃ ការឃោសនា​នេះ គ​.​ជ​.​ប បានទទួល​ពាក្យបណ្ដឹង​សរុប​ចំនួន ៣០​បណ្ដឹង តិចជាង​អាណត្តិ​មុនៗ​។​

​នៅក្នុង​ពាក្យបណ្ដឹង​ទាំង​៣០​នេះ មាន​២៩​បណ្ដឹង ត្រូវបាន​ដាក់​នៅ​គណៈកម្មការ​ឃុំ សង្កាត់ និង​១​បណ្ដឹង​ប្ដឹង​ផ្ទាល់​ទៅ​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត​។ នៅក្នុង​ចំណោម​ពាក្យបណ្ដឹង​ទាំង​៣០ មាន​៥​បណ្ដឹង ប្ដឹង​ទាក់ទង និង​យុទ្ធនាការ​ម្រាមដៃ​ស្អាត ហើយ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តបាត់ដំបង​ជា​អ្នកដោះស្រាយ​៕



Tag:
 នយោបាយ​
 ​បោះឆ្នោត​
 ​ឃោសនា​
© រក្សាសិទ្ធិដោយ thmeythmey.com