ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
អ្វី​ទៅជា​ចលនា នំ​បញ្ចុក​?
27, Jul 2018 , 5:07 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​អ្វី​ទៅជា​ចលនា នំ​បញ្ចុក​»? គឺជា​ចលនា​របស់​ពលរដ្ឋ ដែល​មិន​ពេញចិត្ត ចំពោះ​ការបោះឆ្នោត​។ «​ចលនា​នំ​បញ្ចុក​» នេះ កំពុង​ស្ថិតក្រោម​ការតាមដាន​របស់​សមត្ថកិច្ច និង​អាជ្ញាធរ ក្រោយពី​មាន​បញ្ជា​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​



​ពលរដ្ឋ​ដែលមាន​និន្នាការ គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ត្រៀម​ធ្វើ​យុទ្ធនាការ «​ចលនា​នំ​បញ្ចុក​» ដើម្បី​បង្ហាញ​ពី​ការមិន​ពេញចិត្ត​របស់​ពួកគេ តាម​រូប​ភាពមិន​ទៅ​ចូលរួម​បោះឆ្នោត​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដែល​កំពុង​តាមដាន​«​ចលនា​នំ​បញ្ចុក​»​នេះ បាន​ពន្យល់​ពី​អត្ថន័យ​យ៉ាង​ដូច្នេះ​ថា​៖« ចលនា​នំ​បញ្ចុក​នេះ គឺ​សំដៅលើ​ពលរដ្ឋ​នាំគ្នា​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​បោះឆ្នោត ហើយ​មិន​ទៅ​បោះឆ្នោត​។ បានន័យថា ពួកគេ​មិន​ទៅ​បោះឆ្នោត បែរជា​សុខចិត្ត​ជុំគ្នា​ហូប​នំ​បញ្ចុក​វិញ​»​។​

​នៅពេល​សួរថា តើ​ចលនា​នេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោត ហើយ​អាជ្ញាធរ​នឹងមាន​វិធានការ​អ្វី​ទេ​? លោក ខៀវ សុភ័គ ឆ្លើយថា អាជ្ញាធរ​មិនទាន់​សម្រេច​ថា​នឹងមាន​ចំណាត់ការ​អ្វី​នោះទេ ប៉ុន្តែ​គ្រាន់តែ​តាមដាន​លើ​ចលនា​របស់​ពួកគេ​នេះ​។ «​ចលនា​នំ​បញ្ចុក​នេះ វា​ចង់បង្ហាញ​ពី​ការសម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ ខាង​គណបក្ស​ប្រជាជន ក៏មាន​នំ​បញ្ចុក​ហូប​ដូចគ្នា ប៉ុន្តែ​គេ​ហូប​ហើយ គេ​ទៅ​បោះឆ្នោត​។ តែ​អ្នកធ្វើ​ចលនា​នំ​បញ្ចុក​នេះ គេ​មានបំណង​ហូប​ហើយ មិន​ទៅ​បោះឆ្នោត​។ ដូច្នេះ​យើង​គ្រាន់តែ​តាមដាន​មើល​ចលនា​នេះ ថា​តើ​វា​មាន​លក្ខណៈ​ដូចម្ដេច​។ យើង​អាច​ចំណាំ​មើល​លើ​ពួកគាត់ ដែល​ធ្វើ​ចលនា​នំ​បញ្ចុក​នេះ គឺ​អត់​មានទឹក​ថ្នាំ​នៅ​ចង្អុលដៃ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។​

អត្ថបទទាក់ទង


​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ចាំផ្ទះ ដែល​បានដឹង​ពី​យុទ្ធនាការ​នេះ​ជាមុន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​តាមដាន​សកម្មភាព ពលរដ្ឋ​ធ្វើ​ចលនា​នំ​បញ្ចុក ដែល​គ្រោង​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៨-២៩ កក្កដា នៃ​ការបោះឆ្នោត​នេះ​។ «​អ្នក​ដែល​ទៅ​បោះឆ្នោត គឺជា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ ហើយ​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត គឺជា​អ្នក​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​» ។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​

​គួរ​បញ្ជាក់ថា «​ចលនា​នំ​បញ្ចុក​»​នេះ កើតចេញពី​មាត់​របស់លោក ឈាង វុន ដែល​បាន​រិះគន់​លើក​ញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊ិ​ត អតីត​ចៅសង្កាត់​អូ​ចារ ខេត្តបាត់ដំបង កន្លងមក​ថា បង្កើត​ទីតាំង​លក់​នំ​បញ្ចុក ដើម្បី​ប្រមូលផ្ដុំ​ក្រុម​ពួក​ឧទ្ទាម ដែល​ប្រឆាំង​រដ្ឋាភិបាល​។ ប៉ុន្តែ​ការចោទប្រកាន់​របស់លោក ឈាង វុន ត្រូវបាន​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊ិ​ត បដិសេធថា មិនបាន​លក់​នំ​បញ្ចុក ដើម្បី​ទទួលភ្ញៀវ​ក្រុម​ឧទ្ទាម​ឡើយ​៕


Tag:
 ហ៊ុន សែន​
  ខៀវ សុភ័គ
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com