ជាតិ
បោះឆ្នោត
អគ្គលេខាធិការ​គ​.​ជ​.​ប​៖ បង្ខំ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត ឬ​មិន​ឲ្យ​ទៅ សុទ្ធតែ​ខុសច្បាប់​
27, Jul 2018 , 7:02 pm        
រូបភាព
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប
ដោយ:
​ភ្នំពេញ​៖ ជន​ណា​ដែល​ហាមឃាត់ ឬ​ជំរុញ​ឲ្យ ឬ មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​អំពើ​ខុសច្បាប់​។ មិនតែប៉ុណ្ណោះ គ​.​ជ​.​ប ក៏បាន​ស្នើ​ឲ្យ​ពលរដ្ឋ ដាក់ពាក្យ​បណ្ដឹង​មក គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឬ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ ដើម្បី​ដោះស្រាយ​តាម​នីតិ​ច្បាប់​។ នេះ​បើតាម​លោក ទេព នីថា អគ្គលេខាធិការ​គ​.​ជ​.​ប​ ដែលថ្លែងក្នុងកិច្ចប្រជុំជាមួួភាគីពាក់ព័ន្ធ នៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ ជុំវិញការបោះឆ្នោត។


 
 
​សម្រាប់​ជន​ណា ដែល​ជាប់ចោទ​ពីបទ​រារាំង មិន​ឲ្យ​ពលរដ្ឋ​ទៅ ឬ​បង្ខំ​ឲ្យ​ទៅ​បោះឆ្នោត អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ​២០​លាន​រៀល ដោយ​មិនទាន់​រាប់បញ្ចូល​ពីបទ​ព្រហ្មទណ្ឌ​។ អគ្គលេខាធិការ​ខាងលើ បាន​បន្ថែមថា ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ក្នុងការ​ដាក់ពាក្យ​បណ្ដឹង ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ តែ​រាល់​ករណី​ដែល​ប្រព្រឹត្ត​មិន​លើសពី​៣​ថ្ងៃ​ឡើយ​។​
 
​នៅក្នុង​ករណី ដែល​ពលរដ្ឋ​ដាក់ពាក្យ​បណ្ដឹង​ហើយ នៅ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​សមស្រប ពលរដ្ឋ​អាច​បន្ត​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​រាជធានី ខេត្ត ឬ​អាច​បន្ត​មកកាន់ គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផ្ទាល់​។​
 
​ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៦ ខែកក្កដា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តបាត់ដំបង បានសម្រេច​ដាក់ទោស​បុគ្គល​៥​នាក់ ពីបទ​ញុះ​ញ៉​ង់​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និង​បាន​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​១០​លាន​រៀល​៕  

Tag:
 ​នយោបាយ​
  បោះឆ្នោត​
  ឃោសនា​
  គ​.​ជ​.​ប​
© រក្សាសិទ្ធិដោយ thmeythmey.com