ជាតិ
សេដ្ឋកិច្ច
ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ ក្នុង​ឆមាស​ទី​១ មាន​ជាង ២​ពាន់​លាន​ដុល្លារ ថយចុះ​ច្រើន​
28, Jul 2018 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការ​បោះទុន​ក្នុង​វិស័យ​សំណង់ ក្នុង​រយៈពេល​៦​ខែ​ឆ្នាំនេះ ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ចំនួន ២១៥៣​លាន​ដុល្លារ លើ​ផ្ទៃក្រឡា​សំណង់​សរុប​ជាង ៥​លាន​ម៉ែត្រក្រឡា​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចេញផ្សាយ​នៅ​ថ្ងៃទី​២៤​ខែកក្កដា​។​



​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ ក្រសួង និង​មន្ទីរ​រៀបចំ​ដែនដី បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​ចំនួន ១៦៤៣​គម្រោង លើ​ផ្ទៃក្រឡា​សំណង់​សរុប​ជាង ៥,៣​លាន​ម៉ែត្រក្រឡា​។ គម្រោង​ទាំងនេះ ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ទុនវិនិយោគ ២១៥៣​លាន​ដុល្លារ​។

​ក្នុងនោះ​ការវិនិយោគ​របស់​បរ​ទេស​មាន ២១​គម្រោង​មកពី ៨​ប្រទេស និង​ត្រូវប៉ាន់​ស្មានថា​មាន​ទុន ៣៩៤​លាន​ដុល្លារ​។ ការវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ បានផ្ដល់​ការងារ​ដល់​អ្នកជំនាញ កម្មករ​ប្រមាណ ១៨​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។​

​ទឹកប្រាក់​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ ថយចុះ​ខ្លាំង ធៀប​នឹង ៤,៩​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​ដូចគ្នា​នៅ​កាលពី​ឆ្នាំ​២០១៧​។

​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century 21 លើកឡើងថា ទោះជា​តួលេខ​ទឹកប្រាក់ និង​ចំនួន​គម្រោង​ក្នុង​វិស័យនេះ​ធ្លាក់ចុះ តែ​មិន​មានន័យថា​វិស័យនេះ​ដាំ​ក្បាល​ចុះ​នោះទេ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​តួលេខ​ចុះ​ប​ញ្ចី​ថ្មីៗ​ក្នុង​ឆមាស​ទី​១ ធ្លាក់ចុះ​មែន  តែ​ខ្ញុំ​មើលមិនឃើញ​ថា​វិស័យនេះ​ដាំ​ក្បាល​ចុះ​ទេ ព្រោះ​គម្រោង​ចុះបញ្ជី​ថ្មី​ជាការ​បញ្ចូល​បន្ថែម​ក្នុង​វិស័យនេះ ខណៈ​គម្រោង​ចាស់ៗ​នៅតែ​បន្តធ្វើ​។ លោក​បន្ថែមថា​៖«​វិស័យ​សំណង់​នៅតែ​ដំណើរ​ការល្អ និង​មាន​សក្ដានុពល​»​។

​ការវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំ​២០១៧ តាម​ការប៉ាន់ស្មាន​មាន​ចំនួន​ជាង ៦៤០០ លាន​ដុល្លារ​អាមេរិក កើនឡើង ២២,៣​ភាគរយ​៕


Tag:
 សំណង់​
  អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com