ជាតិ
បោះឆ្នោត
ការបោះឆ្នោត​ចាប់ផ្តើម​ពី​ម៉ោង​៧​ព្រឹក​នេះ រហូតដល់​ម៉ោង​៣​រសៀល​!
29, Jul 2018 , 5:59 am        
រូបភាព
ដោយ: ថ្មីៗ
ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ប្រព្រឹត្តទៅ​ពី​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា នេះ រហូតដល់​ម៉ោង​៣​រសៀល​។ ប្រធាន​គណបក្ស​ជាច្រើន​ត្រូវ​បោះឆ្នោត​នៅ​មណ្ឌល​នានា​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​មួយចំនួនទៀត ត្រូវ​បោះ​នៅ​មណ្ឌល​ដែល​ខ្លួន​ឈរ​ជា​បេក្ខភាព​តំណាងរាស្ត្រ​។​



​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បោះឆ្នោត​នៅ​ខេត្តបន្ទាយមានជ័យ លោក ស៊ិន សុភាព ប្រធាន​គណបក្ស​រស្មី​ខេមរា នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​មណ្ឌល​ខេត្តកំពង់ចាម លោក ហួន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច នៅ​មណ្ឌល​ខេត្តតាកែវ  លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ លោក ប្លា​ង សី​ន ប្រធាន​គណបក្ស​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា នៅ​មណ្ឌល​ខេត្តមណ្ឌលគិរី រីឯ​សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកណ្ដាល​។​

​នៅ​រាជធានី​ភ្នំពេញ មានដូចជា លោក ច័ន្ទ ប៊ុន​ហន ប្រធាន​គណបក្ស​មាតុភូមិ​យើង លោក នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី លោក សេង សុ​ខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក យ៉េ​ង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ខ្មែរ​តែមួយ​។​

​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​មិនបាន​ឈរឈ្មោះ ក៏ត្រូវ​បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ផងដែរ​។  លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោកស្រី សុខ រ័ត្ន​សុវណ្ណ​ប​ច្ចៈ​សីលា ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ  លោក លន់ ឫទ្ធិ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ និង​​លោក ក្រវ៉ា​ញ ដា​រ៉​ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ ស្ថិតក្នុង​ចំណោម​មេបក្ស​ដែល​មិន​ឈរ​ជា​បេក្ខភាព​តំណាងរាស្ត្រ​៕



Tag:
 បោះឆ្នោត
 
© រក្សាសិទ្ធិដោយ thmeythmey.com