ជាតិ
បោះឆ្នោត
អតីតសមាជិកសភាCNRP៖ ខ្ញុំប្រើសិទ្ធិបោះឆ្នោត ព្រោះមិនចង់ឲ្យរដ្ឋសភានីតិកាលទី៦ ឯកបក្ស រូបពីហ្វេសប៊ុកលោក គង់ បូរ៉ា ដែលឈរនៅខាងស្ដាំ (រាប់ពីស្ដាំ) លោក គង់ គាំ (ឪពុក) អង្គុយនៅកណ្ដាល និងលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ឈរនៅខាងឆ្វេង
× ភ្នំពេញ៖ ក្រៅពីលោក គង់ គាំ ដែលជាឪពុកខ្លួនទៅបោះឆ្នោតនោះ លោក គង់ បូរ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការហាមឃាត់ធ្វើនយោបាយ៥ឆ្នាំ បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ រួចរាល់ហើយ នៅក្នុងការិយាល័យសាលាបឋមសិក្សាសុធារស។
លោក គង់ បូរ៉ា ដែលបានអមដំណើរជាមួយឪពុកលោក គង់ គាំ ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនោះ បានទៅបំពេញកាតព្វកិច្ចបោះឆ្នោតខ្លួន នៅព្រឹកថ្ងៃទី២៩ កក្កដានេះ។ ស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នកនយោបាយ ដែលមិនអាចធ្វើសកម្មភាពនយោបាយបាននេះ លោក គង់ បូរ៉ា បានពន្យល់ថា មូលហេតុដែលលោកទៅបោះឆ្នោត ក្នុងបំណងចង់ឃើញមានគណបក្សនយោបាយដទៃ អាចទទួលបានកៅអីក្នុងរដ្ឋសភា អង្គុយជជែកតទល់គ្នា ពោលគឺចង់ឲ្យមិនចង់ឲ្យសភាជាតិនីតិកាលទី៦ «ឯកបក្ស»ឡើយ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមបណ្ដាញសង្គមហ្វេសប៊ុក អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំប្រើសិទ្ធិរបស់ខ្ញុំ បោះឆ្នោត គឺមិនចង់អោយ ស្ថាប័នរដ្ឋសភានីតិកាល ទី៦ «ឯកបក្ស» ផ្ទុយគ្នាពីអតីតមន្ត្រីគណបក្សសង្គ្រោះជាតិដទៃទៀត។ ក្នុងន័យនេះ ខ្ញុំចង់មានន័យថា បើគណបក្សសង្គ្រោះជាតិបាត់បង់ហើយ ក៏មិនត្រូវរង់ចាំរស់ឡើងវិញដែរ។ ខ្ញ្ញុំត្រូវប្រើសិទ្ធិបោះឆ្នោតជួយគាំពារអ្នកស្នហាជាតិ អ្នកប្រជាធិបតេយ្យផ្សេងៗទៀត ពុំគួររង់ចាំរហូតហួសពេលនោះទេ។ ការសោកស្តាយ គឺជាការហួសពេលដែលគ្មានថ្ងៃត្រឡប់ឡើយ»។
នៅពេលសួរថា លោកទៅបោះឆ្នោតនេះ គឺដោយសារតែប្អូនប្រុសលោក គឺលោក គង់ មុនីកា ជាប្រធានគណបក្សនយោបាយ ដូច្នេះចង់មិនចង់ លោកត្រូវតែទៅបោះឆ្នោត? លោក គង់ បូរ៉ា ឆ្លើយតបថា លោកចង់បំពេញសិទ្ធិពលរដ្ឋបោះឆ្នោត ហើយមិនមែនដោយសារប្អូនប្រុសខ្លួន ជាប្រធានគណបក្សនយោបាយទេ។ «ការបោះឆ្នោតនេះ មិនមែនមកពីខ្ញុំទទួលសម្ពាធ ឬគំរាមកហែង ឬដោយសារប្អូនប្រុស ខ្ញុំ គង់ មុនីកា ជាប្រធានគណបក្សនយោបាយ នោះទេ ប៉ុន្តែខ្ញុំចង់បំពេញសិទ្ធិពលរដ្ឋបោះឆ្នោត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសមេដឹកនាំល្អ ដែលយើងពេញចិត្ត»។ នេះជាការបញ្ជាក់របស់លោក គង់ បូរ៉ា។
គួរបញ្ជាក់ថា លោក គង់ គាំ ត្រូវបានតុលាការសម្រេចដាក់ចូលក្នុងបញ្ជីឈ្មោះអ្នកនយោបាយ១១៨នាក់ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលហាមធ្វើនយោបាយ៥ឆ្នាំ ខណៈដែលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយតាមច្បាប់ ដោយឆន្ទានុសិទ្ធរបស់តុលាការកំពូល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក៕
Tag:
គង់ បូរ៉ា
CNRP
បោះឆ្នោត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com