ជាតិ
បោះឆ្នោត
GDP សង្ឃឹមទទួលបានអាសនៈ បើអ្នកបោះឆ្នោតឡើងដល់៨០ភាគរយ
× ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ រំពឹងថា គណបក្សលោក នឹងទទួលបានអាសនៈរដ្ឋសភា បើសិនជាសន្ទុះពលរដ្ឋទៅបោះឆ្នោត៨០ភាគរយ។
ក្រុមមន្ត្រីជំនាញគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កំពុងតាមដានស្ថានការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ។ គិតត្រឹមម៉ោង២រសៀលនេះ លោក យ៉ង សាំងកុមារ វាយតម្លៃថា បរិយាកាសបោះឆ្នោតល្អ ប្រព្រឹត្តទៅដោយរលូន ពោលគឺគ្មានបញ្ហាអ្វីដែលគួរឲ្យព្រួយបារម្ភឡើយ។ បើតាមលោក យ៉ង សាំងកុមារ មណ្ឌលនីមួយៗនៃការបោះឆ្នោត ដែលលោកបានតាមដានយ៉ាងយកចិត្តទុកដាក់នេះ មានពលរដ្ឋបោះឆ្នោតបានជាង៥០ ទៅ៦០ភាគរយ។
បន្ថែមពីនេះលោក យ៉ង សាំងកុមារ រំពឹងថា បើសិនជាសន្ទុះពលរដ្ឋទៅបោះឆ្នោត ដល់៨០ភាគរយនៅទូទាំងប្រទេសនោះ គណបក្សលោក ក៏អាចទទួលបានអាសនៈក្នុងរដ្ឋសភាដែរ។គិតត្រឹមម៉ោង១១ ព្រឹកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោត ៨ ៣៨០ ២១៧នាក់ មានពលរដ្ឋចំនួន ៤ ៩២៧ ៨៩៤នាក់ហើយ ដែលបានទៅបោះឆ្នោត ។ ក្នុងចំណោមអាត្រាអ្នកទៅបោះ ៥៨,៨០ភាគរយ មណ្ឌលខេត្តមណ្ឌលគិរី កែប ឧត្តរមានជ័យ មានចំនួនលើស៦៥ភាគរយ៕
Tag:
យ៉ង សាំងកុមារ
GDP
បោះឆ្នោត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com