ជាតិ
បោះឆ្នោត
GDP សង្ឃឹម​ទទួលបាន​អាសនៈ បើ​អ្នកបោះឆ្នោត​ឡើងដល់​៨០​ភាគរយ​
29, Jul 2018 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំង​កុមារ រំពឹងថា គណបក្ស​លោក នឹង​ទទួលបាន​អាសនៈ​រដ្ឋសភា បើសិនជា​សន្ទុះ​ពលរដ្ឋ​ទៅ​បោះឆ្នោត​៨០​ភាគរយ​។​



​ក្រុមមន្ត្រី​ជំនាញ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កំពុង​តាមដាន​ស្ថានការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ​។ គិត​ត្រឹម​ម៉ោង​២​រសៀល​នេះ លោក យ៉ង សាំង​កុមារ វាយតម្លៃថា បរិយាកាស​បោះឆ្នោត​ល្អ ប្រព្រឹត្ត​ទៅដោយ​រលូន ពោលគឺ​គ្មាន​បញ្ហា​អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ​។ បើតាម​លោក យ៉ង សាំង​កុមារ មណ្ឌល​នីមួយៗ​នៃ​ការបោះឆ្នោត ដែល​លោក​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នេះ មាន​ពលរដ្ឋ​បោះឆ្នោត​បាន​ជាង​៥០ ទៅ​៦០​ភាគរយ​។​

​បន្ថែម​ពីនេះ​លោក យ៉ង សាំង​កុមារ រំពឹងថា បើសិនជា​សន្ទុះ​ពលរដ្ឋ​ទៅ​បោះឆ្នោត ដល់​៨០​ភាគរយ​នៅ​ទូទាំងប្រទេស​នោះ គណបក្ស​លោក ក៏​អាច​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែរ​។​​គិត​ត្រឹម​ម៉ោង​១១ ព្រឹក​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​អះអាងថា ក្នុងចំណោម​អ្នកមាន​ឈ្មោះ​បោះឆ្នោត ៨ ៣៨០ ២១៧​នាក់ មាន​ពលរដ្ឋ​ចំនួន ៤ ៩២៧ ៨៩៤​នាក់​ហើយ ដែល​បាន​ទៅ​បោះឆ្នោត ។ ក្នុងចំណោម​អាត្រា​អ្នក​ទៅ​បោះ ៥៨,៨០​ភាគរយ មណ្ឌល​ខេត្តមណ្ឌលគិរី កែប ឧ​ត្ត​រ​មានជ័យ មាន​ចំនួន​លើស​៦៥​ភាគរយ​៕


Tag:
 យ៉ង សាំង​កុមារ​
  GDP
  បោះឆ្នោត​
  គ​.​ជ​.​ប​
© រក្សាសិទ្ធិដោយ thmeythmey.com