ជាតិ
មន្ត្រីកសិកម្ម៖ យើងក៏មានបន្លែនាំចេញទៅវៀតណាមខ្លះដែរ
× សៀមរាប៖ កន្លងមកគេធ្លាប់តែឮពីការនាំចូលបន្លែពីប្រទេសវៀតណាមកមកម្ពុជា ដោយកម្រឮពីការនាំចេញបន្លែកម្ពុជាទៅទីផ្សារប្រទេសវៀតណាមណាស់។ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម លោក ហ៊ាន វណ្ណហន បានលើកឡើងថា កម្ពុជាក៏មានបន្លែនាំចេញទៅទីផ្សារវៀតណាមដែរ ហើយប្រជាជនដែលទិញបន្លែនេះភាគច្រើនជាអ្នកមានធនធានគ្រប់គ្រាន់ ទើបអាចទិញបន្លែពីកម្ពុជាហូបបាន។
នាពិធីបើកពិព័រណ៌ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលកសិកម្ម នៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី២៦ ខែកក្កដា លោក ហ៊ាន វណ្ណហន លើកឡើងថា លោកទទួលស្គាល់ថាកម្ពុជាពិតជានាំចូលបន្លែប្រទេសក្បែរខាង ដូចជាវៀតណាម និងថៃ ច្រើនពិតមែន។ តែលោកពន្យល់ថា ស្ថានភាពភូមិសាស្ដ្រនៅកម្ពុជា មិនអំណោយផលគ្រប់គ្រាន់សម្រាប់ដំណាំបន្លែស្លឹកមួយចំនួន ទើបតម្រូវការនាំចូលចាំបាច់សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងមូល។
លោក វណ្ណហន បន្ថែមថា កន្លងមកស្ថិតិនៃការនាំចូលមានច្រើន តែសម្រាប់ស្ថិតិនាំចេញវិញ គឺគ្មានការកក់ត្រាទេ។ លោកថា មានបន្លែកម្ពុជាមួយចំនួនក៏បានចេញទៅទីផ្សារប្រទេសវៀតណាមដែរ ហើយការលក់ក៏មានតម្លៃខ្ពស់ផងដែរ។ ក្រៅពីនេះ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក៏បានបន្ថែម ទីផ្សារបន្លែកម្ពុជាសព្វថ្ងៃ ក៏បាននាំចេញទៅកាន់អឺរ៉ុបដែរ ដូចជាប្រភេទជី និងស្លឹកគ្រៃ ជាដើម ហើយបន្លែទាំងនោះមានស្ដង់ដាត្រឹមត្រូវ ស្របតាមគោលការការអនុវត្តកសិកម្មល្អ ឬGAP៕
សូមស្ដាប់ការលើកឡើងរបស់លោក ហ៊ាន វណ្ណហន ដូចតទៅ
© រក្សាសិទ្ធិដោយ thmeythmey.com