ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​គ​.​ជ​.​ប​៖ អន្តរជាតិ​មិន​ល្ងង់​ផ្កាប់មុខ ដោយ​វាយតម្លៃ​ការបោះឆ្នោត​កម្ពុជា​ខុស​នោះទេ​
29, Jul 2018 , 6:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការបោះឆ្នោត​នៅ​កម្ពុជា​បានបញ្ចប់​ហើយ ដោយមាន​ចំនួន​អ្នកចូលរួម​បោះឆ្នោត ៦ ,៧៤៤ ,៨៩៣ នាក់ ស្មើនឹង​៨០,៤៩​ភាគរយ [​តួលេខ​ចុងក្រោយ​ដែល គ​.​ជ​.​ប ប្រកាស កើន​ដល់​៦ ៨៨៥ ៧២៩​នាក់​ស្មើ ៨២,១៧​ភាគរយ​] ។ តួលេខ​នៃ​ចំនួន​អ្នកបោះឆ្នោត​នេះ ច្រើនជាង​ការបោះឆ្នោត​នីតិកាល​ទី​៥ ដែលមាន​អ្នកបោះឆ្នោត​ជាង​៦៩,៦១ ភាគរយ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ជឿជាក់ថា អន្តរជាតិ​នឹង​វាយតម្លៃ​លើ​ការបោះឆ្នោត​កម្ពុជា ដោយ​ភាពត្រឹមត្រូវ និង​ផ្តល់​យុត្ត​ធម៌​ដល់​កម្ពុជា​។​



​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ស៊ិ​ក ប៊ុន​ហុក បាន​និយាយថា ចំនួន​ពលរដ្ឋ​បោះឆ្នោត​ច្រើន​នេះ គឺ​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​អន្តរជាតិ ដែល​កំពុង​ព្រមាន​មិន​ទទួលស្គាល់​ការបោះឆ្នោត និង​សម្លឹងមើល​កម្ពុជា ក្នុង​ក្រសែភ្នែក​អាក្រក់​។ ឆ្លើយតប​នឹង​សំនួរ​អ្នកសារព័ត៌មាន​ពី​រឿង​សម្ពាធ​អន្តរជាតិ​នេះ លោក ស៊ិ​ក ប៊ុន​ហុក បាន​បញ្ជាក់ថា អន្តរជាតិ​បាន​តាមដាន​មើល​ការបោះឆ្នោត​នៅ​កម្ពុជា​ដែរ ដូច្នេះ​ពួកគេ​មិន​ល្ងង់​ផ្កាប់មុខ ដោយ​វាយតម្លៃ​ការបោះឆ្នោត​កម្ពុជា​ខុស​នោះទេ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​អំពី​ព្រឹត្តិការណ៍​ទូទៅ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ថ្ងៃទី​២៩ ខែកក្កដា ប្រធាន​គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បន្ទាប់ពី​លទ្ធផល​(​អ្នកបោះឆ្នោត​៨០,៤៩​ភាគរយ​) នេះ​ទៅ យើង​ចាំ​ពិនិត្យមើល​ជំហរ​អន្តរជាតិ តើ​គេ​នៅតែ​បន្តធ្វើ​សកម្មភាព​មួយ ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តាមរបៀប​ហ្នឹង​(​ដាក់​សម្ពាធ​កម្ពុជា​)​ទៀត​ទេ​។ យើង​រង់ចាំ​មើលទៅ​…​។ តាមរយៈ​ការពិត​ជាក់ស្ដែង​នេះ អន្តរជាតិ​គេ​មិន​ល្ងង់​ផ្កាប់មុខ​ទេ គេ​ជា​ប្រទេស​ជឿនលឿន ហើយ​គេ​ជា​ប្រទេស​មាន​បញ្ញវ័ន្ត​ច្រើនណាស់ មនសិកា​ជា​មនុស្ស​បញ្ញវ័ន្ត គេ​មិន​ធ្វើ​អ្វី​ទាំង​ងងឹត​ងងុល​ទេ​»​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ ដោយមាន​គណបក្ស​ចំនួន​២០​ចូលរួម ហើយ​មាន​ពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត ៨,៣៨០,២១៧​នាក់ ។ ការបោះឆ្នោត​នេះ ក៏មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ជាង​២០០​នាក់ មកពី​ប្រទេស​៥២ ចូលរួម​ឃ្លាំមើល​ផងដែរ​៕

សូមទស្សនាវីដេអូ៖



Tag:
 ​ស៊ិ​ក ប៊ុន​ហ៊ុ​ក​
  បោះឆ្នោត​
  គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com