ជាតិ
បោះឆ្នោត
នយោបាយជាតិ
ប្រធានគ.ជ.ប៖ អន្តរជាតិមិនល្ងង់ផ្កាប់មុខ ដោយវាយតម្លៃការបោះឆ្នោតកម្ពុជាខុសនោះទេ
× ភ្នំពេញ៖ ការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់ហើយ ដោយមានចំនួនអ្នកចូលរួមបោះឆ្នោត ៦ ,៧៤៤ ,៨៩៣ នាក់ ស្មើនឹង៨០,៤៩ភាគរយ [តួលេខចុងក្រោយដែល គ.ជ.ប ប្រកាស កើនដល់៦ ៨៨៥ ៧២៩នាក់ស្មើ ៨២,១៧ភាគរយ] ។ តួលេខនៃចំនួនអ្នកបោះឆ្នោតនេះ ច្រើនជាងការបោះឆ្នោតនីតិកាលទី៥ ដែលមានអ្នកបោះឆ្នោតជាង៦៩,៦១ ភាគរយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជឿជាក់ថា អន្តរជាតិនឹងវាយតម្លៃលើការបោះឆ្នោតកម្ពុជា ដោយភាពត្រឹមត្រូវ និងផ្តល់យុត្តធម៌ដល់កម្ពុជា។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បាននិយាយថា ចំនួនពលរដ្ឋបោះឆ្នោតច្រើននេះ គឺបង្ហាញពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ដើម្បីឆ្លើយតបទៅនឹងអន្តរជាតិ ដែលកំពុងព្រមានមិនទទួលស្គាល់ការបោះឆ្នោត និងសម្លឹងមើលកម្ពុជា ក្នុងក្រសែភ្នែកអាក្រក់។ ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មានពីរឿងសម្ពាធអន្តរជាតិនេះ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា អន្តរជាតិបានតាមដានមើលការបោះឆ្នោតនៅកម្ពុជាដែរ ដូច្នេះពួកគេមិនល្ងង់ផ្កាប់មុខ ដោយវាយតម្លៃការបោះឆ្នោតកម្ពុជាខុសនោះទេ។
ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធអំពីព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ថ្ងៃទី២៩ ខែកក្កដា ប្រធានគ.ជ.ប រូបនេះ បានបញ្ជាក់ដូច្នេះថា៖«បន្ទាប់ពីលទ្ធផល(អ្នកបោះឆ្នោត៨០,៤៩ភាគរយ) នេះទៅ យើងចាំពិនិត្យមើលជំហរអន្តរជាតិ តើគេនៅតែបន្តធ្វើសកម្មភាពមួយ ដែលផ្ទុយពីឆន្ទៈរបស់ប្រជាជនខ្មែរទូទាំងប្រទេស តាមរបៀបហ្នឹង(ដាក់សម្ពាធកម្ពុជា)ទៀតទេ។ យើងរង់ចាំមើលទៅ…។ តាមរយៈការពិតជាក់ស្ដែងនេះ អន្តរជាតិគេមិនល្ងង់ផ្កាប់មុខទេ គេជាប្រទេសជឿនលឿន ហើយគេជាប្រទេសមានបញ្ញវ័ន្តច្រើនណាស់ មនសិកាជាមនុស្សបញ្ញវ័ន្ត គេមិនធ្វើអ្វីទាំងងងឹតងងុលទេ»។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ ដោយមានគណបក្សចំនួន២០ចូលរួម ហើយមានពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ៨,៣៨០,២១៧នាក់ ។ ការបោះឆ្នោតនេះ ក៏មានអ្នកសង្កេតការណ៍អន្តរជាតិជាង២០០នាក់ មកពីប្រទេស៥២ ចូលរួមឃ្លាំមើលផងដែរ៕
សូមទស្សនាវីដេអូ៖
Tag:
ស៊ិក ប៊ុនហ៊ុក
បោះឆ្នោត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com