ជាតិ
បោះឆ្នោត
បោះឆ្នោត៖ ICAPP និងCAPDI ថាអាស៊ីគួរយកគំរូតាមកម្ពុជា
× ប៉ុន្មានម៉ោងក្រោយពីការបិទទ្វារការិយាល័យបោះឆ្នោត ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិបានធ្វើសន្និសីទកាសែតរួមគ្នាវាយតម្លៃដំណើរការបោះឆ្នោតនីតិកាលទី៦នៃរដ្ឋសភា។ ក្រុមអ្នកសង្កេតការណ៍បានសរសើរការរៀបចំការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ី (CAPDI) និងសន្និសីទអន្តរជាតិនៃបណ្តាញគណបក្សនយោបាយនៅអាស៊ី(ICAP) ដែលតំណាងឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានអះអាងថាការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ និងមានតម្លាភាព។ ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្នុងសន្និសីទកាសែត ជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលទើបតែបិទបញ្ចប់ ពីក្រុមអ្នកសង្កេតការណ៍អន្តរជាតិតំណាង៥២ប្រទេស។ ទាក់ទងនឹងការបោះឆ្នោតនេះដែរ CAPDI និង ICAPP អះអាងទៀតថា អាស៊ីគួរយកគំរូតាមកម្ពុជាទៀតផង។
«ពលរដ្ឋទៅបោះឆ្នោតដោយរីករាយ»។ នេះជាការមើលឃើញរបស់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ។ ស្ថាប័ន CAPDI និង ICAPP លើកឡើងស្រដៀងគ្នាទៀតថា គណបក្សនយោបាយចូលរួមប្រកួតប្រជែងដោយសេរី ហើយក៏មានអ្នកសង្កេតការណ៍ទាំងជាតិ និងអន្តរជាតិ ជាច្រើន ចូលរួមសង្កេតមើលដំណើរកានៃការបោះឆ្នោតនេះដែរ។
នៅក្នុងសន្និសីទដដែលនេះ អង្គការ AIPA និង APA ក៏ទទួលស្គាល់ថាដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូនល្អដែរ។ ទន្ទឹមនឹងនោះ ពួកគេបានស្នើឲ្យកម្ពុលើកកម្ពស់ប្រជាធិបតេយ្យបន្តទៀត។
«ដំណើរការបោះឆ្នោត គឺមានភាពសេរី និងយុត្តិធម៌ និងមានប្រជាធិបតេយ្យពេញលេញ»។ នេះជាលើកឡើងពីតំណាងប្រទេសរុស្ស៊ី ដែលបានចូលរួមសង្កេតការណ៍ដែរ។ រុស្ស៊ី បានគូសបញ្ជាក់ថា ចំនួនអ្នកបោះឆ្នោតជាង៨០ភាគរយ គឺបង្ហាញពីការសម្រេចចិត្តជ្រើសរើសប្រជាធិតេយ្យរបស់ពលរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com