អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូ​ទីន ប្រកាស​បន្ថែម​នាវាចម្បាំង ២៦​គ្រឿង​ទៀត​នៅ​ឆ្នាំ​២០១៨ ពង្រឹង​អំណាច​ទ័ពជើងទឹក​រុស្ស៊ី​
30, Jul 2018 , 11:28 am        
រូបភាព
​កងទ័ពជើងទឹក​រុស្ស៊ី​នឹង​ទទួលបាន​នាវាចម្បាំង​ថ្មី ២៦​គ្រឿង​នៅក្នុង​ឆ្នាំនេះ​។ នេះ​ជាការ​អះអាង​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃកំណើត​កងទ័ពជើងទឹក​រុស្ស៊ី​ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃអាទិត្យ​ទី ២៩ ខែកក្កដា​នេះ​។ 

​នាវាចម្បាំង ២៦ គ្រឿង​ដែល​កងទ័ពជើងទឹក​រុស្ស៊ី​ទទួលបាន​ក្នុងឆ្នាំនេះ​មាន​រួមទាំង​ប្រភេទ​នាវា​បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវ​បួន​គ្រឿង​ផង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ពី​ទីក្រុង Saint Petersburg លោក ពូ​ទីន បាន​ថ្លែង​ដូច្នេះ​៖«  ក្នុង​ឆ្នាំ ២០១៨​នេះ នាវា​សរុប​ដែល​នឹងត្រូវ​ផ្តល​ឲ្យ​កងទ័ពជើងទឹក​មាន ២៦ គ្រឿង​ហើយ​ក្នុងចំណោម​នោះ​មាន​នាវា​បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវ Kalibr ចំនួន​បួន​គ្រឿង​។ 
 
​ក្នុង​ខួប​កងទ័ព​ដែល​រៀ​ចំ​ឡើង​រៀងរាល់​ឆ្នាំនេះ លោក ពូ​ទីន ត្រួតពល និង​ទស្សន​ការ​សមយុទ្ធ​របស់​កង​នាវា​រុស្ស៊ី ៣៩ គ្រឿង​ផង​។ លោក ពូ​ទីន ក៏បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ដល់​កងទ័ព​រុស្ស៊ី​ប្រហែល ៤០០០​នាក់​ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​ប្រារព្ធ​ខួប​កងទ័ព​នេះដែរ​ចំពោះ​ការរួមចំណែក​ការពារ​ប្រទេសជាតិ​កន្លងមក​។​
 
​ប្រធានាធិបតី​រូបនេះ​បាន​បន្ថែមថា កងទ័ពជើងទឹក​រុស្ស៊ី​បានទទួល​នាវា​ចំនួប​ប្រាំបី​គ្រឿង​រួចរាល់​ហើយ ហើយ​ការទទួលបាន​នាវាចម្បាំង​បន្ថែម​នេះ​នឹងធ្វើ​ឲ្យ​កងទ័ព​រុស្ស៊ី​កាន់តែ​ខ្លាំងក្លា​ថែម​ទៀតផង​នៅពេល​អនាគត​។​
 
​តាមពិតទៅ នាវា​បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវ Kalibr ត្រូវបាន​ប្រើប្រាស់​ច្រើនដង​ដែរ​នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​សមុទ្រ​កា​ព្យែ​ន​ក្នុង​ប្រតិបត្តិការ​យោធា​នៅក្នុង​ប្រទេស​ស៊ី​រី​ដើម្បី​គាំទ្រ​របប​ដឹកនាំ​លោក បា​សា​អាល់​អាសាដ ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​កាលពី​ថ្មីៗ​កន្លងមកនេះ​។​
 
​ដោយឡែក មេបញ្ជាការ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​ដែលមាន​មូលដ្ឋាន​នៅ​កំពង់ផែ Sevastopol នៅ​ឧបទ្វីប​គ្រី​មា (Crimea) លោក Alexander Moiseyev បាន​អះអាងថា​នាវា​ចំ​នួ​ប្រាំ​មួយគ្រឿង​ថ្មីៗ​រួមទាំង​នាវា​សម្រាប់​បាញ់​មី​ស៊ី​ល​ផង​នោះ​នឹងត្រូវ​ចេញ​ប្រតិបត្តិការ​នៅត្រឹម​ចុងឆ្នាំ​នេះ​។​
 
​ចាប់តាំងពី​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​ឆ្នាំ ២០១៤ រ​ស្ស៊ី​បន្ត​ទំនើបកម្ម​កងទ័ព​រប​ស់​ខ្លួន​ជា​ហូរហែរ ហើយ​របប​ដឹកនាំ​ក្រេ​ម​ឡាំង​ក៏​បន្ត​បញ្ចូល​សព្វាវុធ​ទំនើបៗ​ជាច្រើន​ដើម្បី​ឲ្យ​កងកម្លាំង​របស់ខ្លួន​ប្រើប្រាស់​ជាពិសេស​កងពលធំ​ដែល​ស្ថិតនៅតាម​តំបន់​ព្រំដែន​ជាប់​អឺរ៉ុប​។ នេះ​ក៏​ដើម្បី​ឆ្លើយតប​នឹង​ការបន្ត​កសាង​កម្លាំងយោធា​ជា​បន្តបន្ទាប់​របស់​សមា​ជិ​ក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​កន្លងមកនេះ​ផងដែរ​៕
 

Tag:
 ​រុស្ស៊ី​
  កងទ័ពជើងទឹក​
  វ៉ា្ល​ឌី​មៀ ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com