ជាតិ
បោះឆ្នោត
សេត​វិមាន​អាមេរិក​ថា ការបោះឆ្នោត​នៅ​កម្ពុជា មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
30, Jul 2018 , 8:41 am        
រូបភាព
អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​លោកស្រី Sarah Sander​
អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​លោកស្រី Sarah Sander​
អត្រា​នៃ​អ្នក​ដែល​ទៅ​ឆ្នោត​កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា មាន​រហូតដល់​ទៅ​៨២,១៧​ភាគរយ​ក្នុងចំណោម​អ្នក​ដែលមាន​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​សហរដ្ឋអាមេរិក បែរជា​សម្តែង​ការសោកស្តាយ​ទៅវិញ​។ តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន សេត​វិមាន ចាត់ទុកថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ មិន​សេរី និង​យុត្តិធម៌ ហើយ​មិនអាច​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​នោះដែរ​។​

 
​សេចក្តីថ្លែងការណ៍​រប​ស់​អាមេរិក បាន​គូសបញ្ជាក់ថា ការបោះឆ្នោត​គ្មាន​ភាពត្រឹមត្រូវ ព្រោះ​គ្មាន​វត្តមាន​គណបក្សប្រឆាំង​ដ៏​សំខាន់ វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការដើរថយក្រោយ​យ៉ាងធ្ងន់ធ្ងរ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏ដូចជា​បំផ្លាញ​ដល់​ភាពជោគជ័យ​ក្នុងការ​លើកស្ទួយ​ការផ្សះផ្សា​នយោបាយ​និង​ការរីកលូតលាស់​នៃ​សេដ្ឋកិច្ច​ចាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឆ្នាំ ១៩៩១​មក​។​
 
«​យើង​ពិតជា​ខកចិត្ត​ខ្លាំងណាស់​ចំពោះ​ជម្រើស​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បដិសេធ​សិទ្ធិ​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ដែលមាន​មោទកភាព​ចំពោះ​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ​។ ប្រជាធិបតេយ្យ​ដែល​ល្អប្រសើរ​នោះ​គឺ​ យោគយល់​អធ្យាស្រ័យ​ដល់​គំនិត​នយោបាយ​ផ្ទុយ​, ជំរុញ​ការប្រកួតប្រជែង​តាម​ការបោះឆ្នោត លើកស្ទួយ និង​ការពារ​សេរីភាព​ក្នុងការ​ផ្លាស់ប្តូរ​គំនិត​»​។ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​លោកស្រី Sarah Sander​។ 
 
​អ្នកនាំពាក្យ​សេត​វិមាន បាន​កត់សម្គាល់ថា ក្នុងពេល​ប៉ុន្មាន​ខែ​មុន​ដល់ពេល​បោះឆ្នោត រដ្ឋាភិបាល​កម្ពុជា​បន្ត​រឹតបន្តឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សង្គម​ស៊ីវិល រំលាយ​បក្សប្រឆាំង​ដ៏​មាន​ឥទ្ធិពល ចាប់​មេដឹកនាំ​បក្សប្រឆាំង​ដាក់គុក និង​ហាមឃាត់​មន្ត្រីជាន់ខ្ពស់​ប​ក្ស​ប្រឆាំង​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​ទៀត​។ យុទ្ធនាការ​បោះឆ្នោត​ពោរពេញ​ដោយ​ការគំរាមកំហែង​ពី​អាជ្ញាធរ​ថ្នាក់ជាតិ​និង​ថ្នាក់មូលដ្ឋាន​ដែលមាន​គោល​ដាក់ពិន័យ​អ្នក​ដែល​ជ្រើសរើស​ការមិន​ទៅ​បោះឆ្នោត​។ សកម្មភាព​នេះ​ជាការ​បដិសេធ​សំឡេង​ប្រជាជន​កម្ពុជា និង​ជម្រើស​របស់​ប្រជាជន​ក្នុងការ​កំណត់​អនាគត​ប្រទេសជាតិ​ផងដែរ​។
 
​សេត​វិមាន​អាមេរិក​ក៏បាន​ប្រកាស​ផងដែរ​ថា ​ខ្លួន​នឹង​ពិចារណា​លើ​ចំណាត់​ការបន្ថែម​ដើម្បី​ឆ្លើយតប​នឹង​ការបោះឆ្នោត​នេះ រួមជាមួយ​ការ​ថយក្រោយ​នៃ​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផងដែរ ក្នុងនោះ​មានការ​បង្កើន​ការ​រឹតបន្តឹង​ទិដ្ឋាការ​ដែល​បានប្រកាស​តាំងពី​ថ្ងៃ​៦ ខែធ្នូ​ឆ្នាំ ២០១៧​។ 
 
​ស្របពេល​ជាមួយគ្នា​នោះដែរ អាមេរិក​នៅ​បន្ត​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សកម្មភាព​ជាក់ស្តែង​ក្នុងការ​ចាប់យក​ការផ្សះផ្សា​នយោបាយ​ដោយ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​បំពេញ​តួនាទី​ដ៏​សំខាន់​របស់​ពួកគេ​ដោយ​មិន​រង​ការហាមឃាត់​,​ដោះលែង​លោក កឹម សុខា និង​អ្នកទោសនយោបាយ​ឯទៀត ហើយ​បញ្ហា​ការហាមឃាត់​បក្សប្រឆាំង​៕

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com