ជាតិ
បោះឆ្នោត
លោក យ៉ង សាំងកុមារ៖ ទោះមិនបានកៅអី តែយើងទទួលសំឡេងគាំទ្រគ្រប់កន្លែង លោក យ៉ាង សាំងកុមារ ចាកចេញពីការិយាល័យបោះឆ្នោត ក្រោយបានបោះឆ្នោតរួច។ រូបពីហ្វេសបុករបស់លោក យ៉ង សាំងកុមារ
× ថ្វីដ្បិតលទ្ធផលបោះឆ្នោតមិនទាន់ត្រូវបានប្រកាសជាផ្លូវការក៏ដោយ ប៉ុន្តែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលប្រមូលផ្តុំទៅដោយក្រុមបញ្ញវន្តនិងអតីតក្រុមសង្គមស៊ីវិល ហាក់ដឹងជាមុនថា ខ្លួនទំនងជាមិនបានទទួលអាសនៈក្នុងរដ្ឋសភានោះទេ។
បើពិតជាគ្មានវាសនាបានកៅអីក្នុងអាណត្តិនេះក្តី ក៏គណបក្សមួយនេះ មិនតូចចិត្តដែរ។ គណបក្សនេះ នៅតែបង្ហាញពីមោទនភាព និងលើកទឹកចិត្តខ្លួនឯងថា បានទទួលសំឡេងគាំទ្រស្ទើរតែនៅគ្រប់ទីកន្លែង សម្រាប់ការបោះឆ្នោតអាណត្តិទី៦។
ក្រោយការបោះឆ្នោតត្រូវបានបញ្ចប់ លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាបេក្ខជននាយករដ្ឋមន្ត្រី បានសរសេរលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖«ទោះបីជាយើងមិនបានទទួលអាសនៈ ដើម្បីធ្វើជាតំណាងប្រជាពលរដ្ឋ ក៏យើងបានទទួលសំឡេងគាំទ្រនៅគ្រប់កន្លែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាធិបតេយ្យមូលដ្ឋាន។ យើង ក៏បានចាប់ផ្តើមសាបព្រួសវប្បធម៌នយោបាយថ្មី និងរបៀបធ្វើនយោបាយដោយសុចរិតភាព»។
លោក យ៉ង សាំងកុមារ ដែលជាបណ្ឌិតកសិកម្ម បានបន្ថែមថា គណបក្សរបស់លោក នឹងបន្តធ្វើកិច្ចការកាន់តែខ្លាំងជាមួយយុវជន និងប្រជាពលរដ្ឋ ដើម្បីបណ្តុះប្រជាធិបតេយ្យនៅតាមមូលដ្ឋាន។ ឃ្លាចុងក្រោយរបស់លោក លោក បានសរសេរបែបនេះថា៖«យើង បន្តរួមគ្នាតស៊ូដើម្បីសេរីភាពនយោបាយ»។
មុន និងក្នុងដំណាក់កាលនៃការបោះឆ្នោត មជ្ឈដ្ឋានមួយចំនួន រំពឹងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អាចនឹងទទួលបានអាសនៈខ្លះក្នុងរដ្ឋសភា។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់បេក្ខជនឈរឈ្មោះ នៅគ្រប់រាជធានី-ខេត្ត។
មានមូលហេតុផ្សេងៗ ដែលធ្វើឲ្យគេ យល់ថា គណបក្សនេះ មានលទ្ធភាពក្នុងការទទួលបានអាសនៈ ដូចជា ការធ្វើនយោបាយទន់ភ្លន់ និងការចុះទៅបង្រៀនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយជាពិសេសត្រូវបានគេឲ្យតម្លៃថាជាក្រុមបញ្ញវន្ត។ ចំណុចសំខាន់មួយទៀត គឺគណបក្សនេះ ចាប់បានលេខ៧ ដែលជាលេខរបស់អតីតគណបក្សសង្គ្រោះជាតិ។ យ៉ាងណា បានអាសនៈ ឬមិនបាន គឺអាស្រ័យលើលទ្ធផល ដែលនឹងត្រូវប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាពេលឆាប់ៗនេះ។
គ.ជ.ប ប្រកាសថា ការបោះឆ្នោតលើកនេះ មានអ្នកបោះឆ្នោតជាង៨២ភាគរយ៕
Tag:
បោះឆ្នោត
យ៉ង សាំងកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com