ជាតិ
បោះឆ្នោត
លោក យ៉ង សាំង​កុមារ​៖ ទោះ​មិនបាន​កៅអី តែ​យើង​ទទួល​សំឡេងគាំទ្រ​គ្រប់កន្លែង​
30, Jul 2018 , 11:30 am        
រូបភាព
លោក យ៉ាង សាំងកុមារ ចាកចេញពីការិយាល័យបោះឆ្នោត ក្រោយបានបោះឆ្នោតរួច។ រូបពីហ្វេសបុករបស់លោក យ៉ង សាំងកុមារ
លោក យ៉ាង សាំងកុមារ ចាកចេញពីការិយាល័យបោះឆ្នោត ក្រោយបានបោះឆ្នោតរួច។ រូបពីហ្វេសបុករបស់លោក យ៉ង សាំងកុមារ
ដោយ: ថ្មីៗ
​ថ្វី​ដ្បិត​លទ្ធផល​បោះឆ្នោត​មិនទាន់​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ក៏ដោយ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ប្រមូលផ្តុំ​ទៅដោយ​ក្រុម​បញ្ញវន្ត​និង​អតីត​ក្រុម​សង្គម​ស៊ីវិល ហាក់​ដឹង​ជាមុន​ថា ខ្លួន​ទំនងជា​មិនបាន​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា​នោះទេ​។



​បើ​ពិតជា​គ្មាន​វាសនា​បាន​កៅអី​ក្នុង​អាណត្តិ​នេះ​ក្តី ក៏​គណបក្ស​មួយ​នេះ មិនតូច​ចិត្ត​ដែរ​។ គណបក្ស​នេះ នៅតែ​បង្ហាញ​ពី​មោទនភាព និង​លើកទឹកចិត្ត​ខ្លួនឯង​ថា បានទទួល​សំឡេងគាំទ្រ​ស្ទើរតែ​នៅ​គ្រប់​ទីកន្លែង សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​៦​។

​ក្រោយ​ការបោះឆ្នោត​ត្រូវបាន​បញ្ចប់ លោក យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ទោះបីជា​យើង​មិនបាន​ទទួល​អាសនៈ ដើម្បី​ធ្វើជា​តំណាង​ប្រជាពលរដ្ឋ ក៏​យើង​បានទទួល​សំឡេងគាំទ្រ​នៅ​គ្រប់កន្លែង ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ យើង ក៏បាន​ចាប់ផ្តើម​សាប​ព្រួស​វប្បធម៌​នយោបាយ​ថ្មី និង​របៀប​ធ្វើ​នយោបាយ​ដោយ​សុចរិត​ភាព​»​។​

​លោក យ៉ង សាំង​កុមារ ដែលជា​បណ្ឌិត​កសិកម្ម បាន​បន្ថែមថា គណបក្ស​របស់លោក នឹង​បន្តធ្វើ​កិច្ចការ​កាន់តែខ្លាំង​ជាមួយ​យុវជន និង​ប្រជាពលរដ្ឋ ដើម្បី​បណ្តុះ​ប្រជាធិបតេយ្យ​នៅតាម​មូលដ្ឋាន​។ ឃ្លា​ចុងក្រោយ​របស់លោក លោក បាន​សរសេរ​បែបនេះ​ថា​៖«​យើង បន្ត​រួមគ្នា​តស៊ូ​ដើម្បី​សេរីភាព​នយោបាយ​»​។​

​មុន និង​ក្នុងដំណាក់កាល​នៃ​ការបោះឆ្នោត ម​ជ្ឈ​ដ្ឋា​ន​មួយចំនួន រំពឹងថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អាចនឹងទទួល​បាន​អាសនៈ​ខ្លះ​ក្នុង​រដ្ឋសភា​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានដាក់​បេក្ខជន​ឈរឈ្មោះ នៅ​គ្រប់​រាជធានី​-​ខេត្ត​។

​មាន​មូលហេតុ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​គេ យល់ថា គណបក្ស​នេះ មានលទ្ធភាព​ក្នុងការ​ទទួលបាន​អាសនៈ ដូចជា ការធ្វើ​នយោបាយ​ទន់ភ្លន់ និង​ការចុះទៅ​បង្រៀន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ហើយ​ជាពិសេស​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ថា​ជា​ក្រុម​បញ្ញវន្ត​។  ចំណុច​សំខាន់​មួយទៀត គឺ​គណបក្ស​នេះ ចាប់បាន​លេខ​៧ ដែលជា​លេខ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ យ៉ាងណា បាន​អាសនៈ ឬ​មិនបាន គឺ​អាស្រ័យ​លើ​លទ្ធផល ដែល​នឹងត្រូវ​ប្រកាស​ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នាពេល​ឆាប់ៗ​នេះ​។

​គ​.​ជ​.​ប ប្រកាសថា ការបោះឆ្នោត​លើក​នេះ មាន​អ្នកបោះឆ្នោត​ជាង​៨២​ភាគរយ​៕ 


Tag:
 បោះឆ្នោត​
  យ៉ង សាំង​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com