ជាតិ
បោះឆ្នោត
CPP បាន​សំឡេង​ជាង​៦៦​ភាគរយ​នៅ​ភ្នំពេញ ខណៈ​សន្លឹកឆ្នោត​អត់​បានការ​មាន​ជាង​១០​ម៉ឺន​
30, Jul 2018 , 12:51 pm        
រូបភាព
ដោយ: រួបរួម
​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ បានបង្ហាញ​ឲ្យ​ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​ជាង​៦៦​ភាគរយ ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ឈរ​នៅ​លំដាប់​បន្ទាប់ ប៉ុន្តែ​មាន​គម្លាត​ដ៏​ឆ្ងាយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ សន្លឹកឆ្នោត​មិនបានការ​មាន​រហូតដល់​ទៅជា​ង​១០​ម៉ឺន​សន្លឹក​។​

 
​រាជធានី​ភ្នំពេញ មាន​១២​អាសនៈ ដោយ​គណបក្ស​ចំនួន​១៩ បាន​ចូលរួម​ប្រកួតប្រជែង​។ យោងតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ គ​.​ជ​.​ប ក្រោយ​ការរាប់​សន្លឹកឆ្នោត​ទាំង​២១៣៨​ការិយាល័យ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ ៤៥៨ ០១៦​សំឡេង ស្មើ​៦៦,១០​ភាគរយ​។​
 
​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​ចំនួន​៨៦៦ ៣៤៧​នាក់ មាន​៦៩២ ៩០២​នាក់​បាន​ទៅ​បោះឆ្នោត ដែល​ស្មើនឹង​៧៩,៩៨​ភាគរយ​។ លទ្ធផល​បឋម គ​.​ជ​.​ប បង្ហាញថា ក្នុងចំណោម​ចំនួន​សំឡេងឆ្នោត មាន​៥៨៩ ០២៧ ជា​សន្លឹកឆ្នោត​បានការ និង​១០០ ៦១១ ជា​សន្លឹកឆ្នោត​មិនបានការ​។​
 
​គណបក្ស​ដែល​ទទួលបាន​សំឡេងគាំទ្រ​លំដាប់​បន្ទាប់​មាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៣០ ៤៧២​សំឡេង (៤,៤០​ភាគរយ​), គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ២៩ ៧៧៩​សំឡេង (៤,៣០​ភាគរយ​) គណបក្ស​ឆន្ទៈ​ខ្មែរ ១៤ ៦៤២​សំឡេង (២,១១​ភាគរយ​) គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ១៣ ៣៩៣​សំឡេង (១,៩៣​ភាគរយ​), គណបក្ស​ខ្មែរ​ក្រោក ៨៤៥១​សំឡេង (១,២២​ភាគរយ​)៕

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com