ជាតិ
បោះឆ្នោត
នៅ​កំពង់ធំ CPP បានការ​គាំទ្រ​ជិត​៦៤​ភាគរយ ខណៈ​ហ្វ៊ុនស៊ិនប៉ិច បាន​ជាង​១០​ភាគរយ
30, Jul 2018 , 2:25 pm        
រូបភាព
ដោយ: រួបរួម
​ខេត្តកំពង់ធំ មាន​៦​អាសនៈ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ១៩៩ ៤៦៨​សំឡេង​ស្មើ ៦៣,៩៩​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។



​យោង​ការរាប់​សន្លឹកឆ្នោត​បឋម​សរុប​ទាំង​១១០៤​ការិយាល័យ​នៅ​មណ្ឌល​ខេត្តកំពង់ធំ អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​៣១១ ៧២០​នាក់ ពោលគឺ​ស្មើ​៨១,០២​ភាគរយ​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប ៣៨៤ ៧៥៩​នាក់​។ ទាក់ទង​នឹង​ចំនួន​សំឡេងឆ្នោត សន្លឹក​បានការ​មាន ២៩០ ៨០៦​សំឡេង និង​មិនបានការ​មាន​២១ ១៨៤​សំឡេង​។​

​គណបក្ស​ចំនួន​១៧ បាន​ចូលរួម​ប្រកួតប្រជែង ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​៦៣,៩៩​ភាគរយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​៣២ ២០៤​សំឡេង (១០,៣៣​ភាគរយ​) គណបក្ស​ឆន្ទៈ​ខ្មែរ បាន​១២ ៩១៧​សំឡេង (៤,១៤​ភាគរយ​) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​១០ ៤៨៦​សំឡេង (៣,៣៦​ភាគរយ​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​៦៦០២​សំឡេង (២,១២​ភាគរយ​)​។​

​គណបក្ស​ដែល​ទទួលបាន​សំឡេង​ក្នុង​រង្វង់​១​ភាគរយ រួមមាន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ខ្មែរ​សាធារណរដ្ឋ និង​គណបក្ស​ខ្មែរ​តែមួយ​៕


Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com