ជាតិ
បោះឆ្នោត
នៅកំពង់ធំ CPP បានការគាំទ្រជិត៦៤ភាគរយ ខណៈហ្វ៊ុនស៊ិនប៉ិច បានជាង១០ភាគរយ
× ខេត្តកំពង់ធំ មាន៦អាសនៈ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ១៩៩ ៤៦៨សំឡេងស្មើ ៦៣,៩៩ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
យោងការរាប់សន្លឹកឆ្នោតបឋមសរុបទាំង១១០៤ការិយាល័យនៅមណ្ឌលខេត្តកំពង់ធំ អ្នកទៅបោះឆ្នោតមានចំនួន៣១១ ៧២០នាក់ ពោលគឺស្មើ៨១,០២ភាគរយក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុប ៣៨៤ ៧៥៩នាក់។ ទាក់ទងនឹងចំនួនសំឡេងឆ្នោត សន្លឹកបានការមាន ២៩០ ៨០៦សំឡេង និងមិនបានការមាន២១ ១៨៤សំឡេង។
គណបក្សចំនួន១៧ បានចូលរួមប្រកួតប្រជែង ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានសំឡេងគាំទ្ររហូតដល់ទៅ៦៣,៩៩ភាគរយ គណបក្សហ្វ៊ុនស៊ិនប៉ិច បាន៣២ ២០៤សំឡេង (១០,៣៣ភាគរយ) គណបក្សឆន្ទៈខ្មែរ បាន១២ ៩១៧សំឡេង (៤,១៤ភាគរយ) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន១០ ៤៨៦សំឡេង (៣,៣៦ភាគរយ) គណបក្សខ្មែររួបរួមជាតិ បាន៦៦០២សំឡេង (២,១២ភាគរយ)។
គណបក្សដែលទទួលបានសំឡេងក្នុងរង្វង់១ភាគរយ រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សខ្មែរតែមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com