លោក ចិន ថុ​ន​៖ ទោះ​លទ្ធផល​បោះឆ្នោត​យ៉ាងណា ក៏ LDP ទទួលយក​ដែរ​
ជាតិ
បោះឆ្នោត
លោក ចិន ថុ​ន​៖ ទោះ​លទ្ធផល​បោះឆ្នោត​យ៉ាងណា ក៏ LDP ទទួលយក​ដែរ​
30, Jul 2018 , 2:56 pm        
រូបភាព
លោក ខឹម​ វាសនា ដឹកនាំក្បួនឃោសនា មុនការបោះឆ្នោត
លោក ខឹម​ វាសនា ដឹកនាំក្បួនឃោសនា មុនការបោះឆ្នោត
​ភ្នំពេញ​៖ អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ចិន ថុ​ន អះអាងថា ទោះជា​លទ្ធផល​បោះឆ្នោត​យ៉ាងណា​ក៏ LDP ទទួលយក​ដែរ​។ ការទទួលយក​នេះ ក៏​ព្រោះ​LDP មិនមាន​លទ្ធភាព​អ្វី​ក្នុងការ​ទាមទារ​ឡើងវិញ​ឡើយ​។​



​ក្រោយ​ការបោះឆ្នោត​ត្រូវបាន​បញ្ចប់ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែលមាន​លោក ខឹម វាសនា ជា​ប្រធាន ជឿជាក់ថា ខ្លួន​នឹង​ទទួលបាន​កៅអី​ក្នុង​រដ្ឋសភា​នា​អាណត្តិ​នេះ​។ នេះ​បើតាម​ការអះអាង​ពី​លោក ចិន ថុ​ន អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ តែ​អគ្គលេខាធិការ​គណបក្ស​រូបនេះ មិន​បង្ហាញថា ខ្លួន​អាច​ទទួលបាន​ប៉ុន្មាន​អាសនៈ​ក្នុង​រដ្ឋសភា​នោះឡើយ​។ ផ្ទុយទៅវិញ​គណបក្ស​នេះ នឹង​ព្រម​ទទួលយក​លទ្ធផល​ដែល​ទទួលបាន​ក្រោយ​ការបោះឆ្នោត​នេះ ព្រោះថា LDP មិនមាន​កម្លាំង​ដើម្បី​ទាមទារ​អ្វី​ឡើយ​។​

​លោក ចិន ថុ​ន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​មិនមាន​លទ្ធភាព​អី​ដើម្បី​ទៅ​ទាមទារ​គេ​នោះទេ​។ ព្រោះ​សូម្បីតែ​រឿង​គូស​ធិ​ក ក្នុង​សន្លឹកឆ្នោត ដែល​គេ (​គ​.​ជ​.​ប​) មិន​ចំណាយលុយ​សោះ​ក៏​យើង​ធ្វើ​មិនបាន​។ អ៊ីចឹង​យើង​គ្មាន​អី​ក្រៅពី​ការទទួលយក​លទ្ធផល​នោះទេ​»​។​

​យ៉ាងណាមិញ លោក ចិន ថុ​ន បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា ការបោះឆ្នោត គណបក្ស​លោក សង្កេតឃើញថា​មានដំណើរ​ការល្អ អាច​ទទួលយកបាន​។ តែ​ចំពោះ​ការរាប់​សន្លឹកឆ្នោត ភ្នាក់ងារ​សង្កេតការណ៍​របស់ LDP បាន​ជួប​បញ្ហា​ជាច្រើន ដូចជា​ការគំរាមកំហែង និង​ការហាមឃាត់​មិន​ឲ្យ​មានការ​ថតរូប សន្លឹកឆ្នោត​មិនបានការ ជាដើម​។

​អគ្គលេខាធិការ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ប្រមូល​រាល់​ទិន្ន័យ​ដែល​ទទួលបាន ដើម្បី​យកទៅដាក់​ពាក្យបណ្ដឹង​នៅ គ​.​ជ​.​ប ជុំវិញ​ភាពមិនប្រក្រតី ក្នុងការ​រាប់​សន្លឹកឆ្នោត​។ តែ​លោក ចិន ថុ​ន អះអាងថា គណបក្ស​លោក នឹងមិន​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ឡើយ​៕ 


Tag:
 ​បោះឆ្នោត​
 ​គ​.​ជ​.​ប​
 LDP
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67383 [1] => 9,78 [2] => លោក ចិន ថុ​ន​៖ ទោះ​លទ្ធផល​បោះឆ្នោត​យ៉ាងណា ក៏ LDP ទទួលយក​ដែរ​ [3] => content [4] => [5] => ​បោះឆ្នោត​,​គ​.​ជ​.​ប​,LDP [6] => 119 [7] => 0 [8] => )