ជាតិ
បោះឆ្នោត
អ្នកនាំពាក្យ​៖ CPP បាន​សំឡេង​ជាង​៤,៨​លាន កើន​១,៣​លាន បើ​ធៀប​នឹង​ការបោះឆ្នោត ២០១៧
30, Jul 2018 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​បាន​ទៅ​បោះឆ្នោត មាន​ជាង ៦,៧​លាន​នាក់ ដោយ​ក្នុងនោះ អ្នក​ដែល​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) មាន​ដល់​ទៅ ៤,៨​លាន​នាក់​។ នេះ​ជាការ​អះអាង​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បញ្ជាក់​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​សំឡេង​កើនឡើង​ចំនួន ១,៣ លាន​សំឡេង បើ​ប្រៀបធៀប​ជាមួយ​សំឡេងឆ្នោត​ដែល​គណបក្ស​នេះ​ទទួលបាន​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​កើន ១,៦​លាន សំឡេង បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​តំណាងរាស្ត្រ​២០១៣​។​



​អ្នកនាំពាក្យ​មួយរូប​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ា​រ៉ា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​៣០​កក្កដា​នេះដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​បានឈ្នះ​នៅក្នុង​ការបោះឆ្នោត​នីតិកាល​ទី​៦​នេះ​។​

«​យើង​អាច​និយាយបានថា គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨​នេះ យ៉ាង​សន្ធឹកសន្ធាប់ នេះ​បើ​យោងតាម​លទ្ធផល​បឋម​របស់ គ​.​ជ​.​ប​»​។ នេះ​ជាការ​អធិប្បាយ​របស់លោក សួស យ៉ា​រ៉ា​។​

​ទោះយ៉ាងណា​ក៏ដោយ អ្នកនាំពាក្យ​ទាំង​ពីររូប​មិនអាច​បញ្ជាក់​នៅឡើយ​ទេ​អំពី​ចំនួន​អាសនៈ​រដ្ឋសភា​ពិតប្រាកដ​ដែល​គណបក្ស​របស់​ពួកគេ​បានឈ្នះ ខណៈ​លោក សុខ ឥសាន គ្រាន់តែ​អាចនិយាយបាន​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​អាសនៈ ចាប់ពី​១០០​ឡើងទៅ​៕



Tag:
 បោះឆ្នោត​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com