រថយន្ត
អន្តរជាតិ
អាល្លឺម៉ង់រីករាយជាងគេ ក្រោយត្រាំ ផ្អាកផែនការយកពន្ធនាំចូលរថយន្តពីអឺរ៉ុប
× សហរដ្ឋអាមេរិកសុខចិត្តផ្អាកផែនការយកពន្ធនាំចូលលើយានយន្តរបស់អឺរ៉ុប ឯអឺរ៉ុបនឹងដកហូតវិធានការប្រឆាំងការដំឡើងពន្ធរបស់អាមេរិកដែរ។ ជំហានបន្ទាប់ ភាគីទាំងពីរឯកភាពបន្តជជែកគ្នាលើការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិកដែរ។ នេះជាការសម្បទានគ្នាទៅវិញទៅមក ដើម្បីបន្ថយកម្តៅតានតឹងផ្នែកពាណិជ្ជកម្មរវាងសម្ព័ន្ធមិត្តជិតស្និទ្ធឆ្លងមហាសមុទ្រអាត្លង់ទិក។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បានស្វាគមន៍ប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ នៅសេតវិមានដើម្បីជជែកពីការខ្វែងគំនិតលើវិស័យពាណិជ្ជកម្ម ដែលបានធ្វើឲ្យទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរល្អក់កករខ្លាំង។ ក្រោយជំនួបច្រើនជាងពីរម៉ោង មេដឹកនាំទាំងពីរបានយល់ព្រមលើផែនការរួមគ្នាមួយ សំដៅកាត់បន្ថយជម្លោះផ្នែកពាណិជ្ជកម្ម ដែលកើតចេញពីការដំឡើងពន្ធរបស់អាមេរិក។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP អាមេរិកនឹងមិនអនុវត្តតាមផែនការចាស់ដែលចង់ដាក់ពន្ធនាំចូលលើរថយន្តរបស់អឺរ៉ុបឡើយ។ ត្រង់ចំណុចនេះ អាល្លឺម៉ង់ជាអ្នករីករាយជាងគេ ព្រោះលែងបារម្ភឧស្សាហកម្មរថយន្តរបស់ខ្លួន ត្រូវរងគ្រោះ ហើយអាល្លឺម៉ង់ក៏នាំរថយន្តទៅអាមេរិកច្រើនជាងគេ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ចាត់ទុកការព្រមព្រៀងរវាងលោក ត្រាំ និងលោក ចាំងគើ ជាកិច្ចព្រមព្រៀងដែលអាចបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម។
អ្វីកាន់តែសំខាន់នោះ មេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំងពីរ ក៏បានឯកភាពគ្នាក្នុងការបន្តដោះស្រាយបញ្ហាពន្ធលើដែកថែប និងអាលុយមីញ៉ូម ដែលជាដើមហេតុនាំឲ្យមានបញ្ហាដូចសព្វថ្ងៃ ហើយអឺរ៉ុបនឹងបញ្ឈប់វិធានការរបស់ខ្លួនដែលដាក់ចេញដើម្បីឆ្លើយតបចំណាត់ការរបស់អាមេរិកផង។ លោក ត្រាំ ដាក់បន្ទន់ជំហរត្រង់ចំណុចនេះ ព្រោះលោកតែងប្រកាសថា ការដំឡើងពន្ធនេះជាការយកចិត្តទុកដាក់លើឧស្សាហកម្មក្នុងស្រុក ដែលរងគ្រោះដោយសារការនាំចូល។
ជាថ្នូរទៅឲ្យអាមេរិកវិញ ប្រធានាធិបតីអាមេរិកនិយាយថា អឺរ៉ុបនឹងបង្កើនការនាំចូលសណ្ដែកបាយរបស់អាមេរិក និងបង្កើនបរិមាណនាំចូលឧស្ម័នរាវផង។ លោក ត្រាំ បានហៅសកម្មភាពរបស់អឺរ៉ុបជារឿងសំខាន់ ដែលនឹងជួយដល់វិស័យថាមពល និងកសិករអាមេរិក។ ក្រោយជំនួបនេះ លោកក៏បានសរសេរតាមបណ្ដាញសង្គម Twitter ដោយបង្ហាញការពេញចិត្តចំពោះការចរចាជាមួយសហភាពអឺរ៉ុប ដែលលោកធ្លាប់ចាត់ទុកសត្រូវពាណិជ្ជកម្មក៏ដោយ។
បន្ថែមពីលើបញ្ហាពាណិជ្ជកម្មទ្វេភាគី អាមេរិក និងអឺរ៉ុបក៏ព្រមព្រៀងធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីឈានទៅដោះស្រាយបញ្ហាពាណិជ្ជកម្មរវាងអាមេរិក និងចិនជុំវិញការចោទប្រកាន់ចិនថា បានលួចបច្ចេកវិទ្យាអាមេរិក និងការជួយឧបត្ថម្ភធនឲ្យក្រុមហ៊ុនរដ្ឋជាដើម។ លោក ត្រាំ ធ្លាប់ចោទ WTO អយុត្តិធម៌ ទោះជាបណ្ដឹងរបស់អាមេរិកជាច្រើនប្រឆាំងចិន បានទទួលជោគជ័យជាបន្តបន្ទាប់ក្ដី៕
© រក្សាសិទ្ធិដោយ thmeythmey.com