ជាតិ
បោះឆ្នោត
បក្ស​សំបុក​ឃ្មុំ​៖ មិនមាន​ការតវ៉ា​អ្វី​ទេ បើទោះជា​មិន​ពេញចិត្ត​ក្នុងការ​បោះឆ្នោត​
30, Jul 2018 , 5:44 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ឡាយ ណារិន អគ្គលេខាធិការ​គណបក្ស​សំបុក​ឃ្មុំ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ខ្លួន​មិនមាន​ក​ការទាមទារ​អ្វី​ឡើយ​ចំពោះ​លទ្ធផល​បោះឆ្នោត​។ តែ​មិនមែន​មានន័យថា គណបក្ស​នេះ ពេញចិត្ត​នូវ​ការរៀបចំ​ការបោះឆ្នោត​នេះដែរ​។



​ក្រោយ​បញ្ចប់​ការបោះឆ្នោត គណបក្ស​សំបុក​ឃ្មុំ បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា ខ្លួន​មិនមាន​សង្ឃឹម​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​នោះទេ​។ បន្ថែម​ពីនេះ បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ក៏​មិន​ពេញចិត្ត​ចំពោះ​ការរៀបចំ​ការបោះឆ្នោត​ឡើយ​។ អ្វី​ដែរ​គណបក្ស​នេះ​មិន​ពេញចិត្ត គឺ​ការ​គូស​សន្លឹកឆ្នោត ដែល គ​.​ជ​.​ប សម្រេចយក​គ្រប់​ទម្រង់​ទាំងអស់​ឲ្យ​តែ​គូស​នៅក្នុង​សន្លឹកឆ្នោត​។ ប្រការនេះ​ត្រូវបាន​លោក ឡាយ ណារិន បញ្ជាក់ថា អាចមាន​ករណី​អំពើពុករលួយ ឬ​ការគំរាមកំហែង ឬ​ទិញ​លក់​សន្លឹកឆ្នោត​ជាដើម​។​

​លោក ឡាយ ណារិន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​មិនមាន​ភ័ស្តុតាង​អី​បញ្ជាក់ថា​មានការ​ទិញ​លក់​សន្លឹក​ឆ្នោត​ទេ​។ តែ​យើង​សង្ស័យថា​សញ្ញា​ទាំងនោះ​អាចពាក់ព័ន្ធ​នឹង​ការគំរាមកំហែង​ដល់​ពលរដ្ឋ​ក៏​ថា​បាន​។ យ៉ាងណា​យើង​បានត្រឹមតែ​ស្នើ​ទៅ គ​.​ជ​.​ប ប៉ុណ្ណោះ ធ្វើ​មិន​ធ្វើជា​សិទ្ធិ​របស់គេ​»​។​

​ក្រៅពី​មិន​ពេញចិត្ត​លើ​ការ​គូស​សន្លឹកឆ្នោត​គណបក្ស​នេះ ក៏​មិន​រំពឹងថា​ខ្លួន​នឹង​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា និង​មិន​ពេញចិត្ត​ចំពោះ​ការរៀបចំ​បោះឆ្នោត​នេះឡើយ​។ បើទោះជា​មិន​ពេញចិត្ត​គណបក្ស​នេះ មិនមាន​ជំហរ​ក្នុងការ​ប្ដឹង​ទាមទារ​អ្វី​ដែរ ព្រោះ​លទ្ធផល​មិនអាច​ប្រកែក​បាន​។ នេះ​ជាការ​បន្ថែម​ពី​លោក ឡាយ ណារិន អគ្គលេខាធិការ​គណបក្ស​សំបុក​ឃ្មុំ​។​

​ក្រោយ​បញ្ចប់​ការបោះឆ្នោត​ដោយ​មិនបាន​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា​អគ្គលេខា​គណបក្ស​នេះ បាន​ឲ្យ​ដឹងថា ខ្លួន​នឹងសិក្សា​ពី​គណបក្ស​ដទៃទៀត ដែលមាន​ឆន្ទៈ​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​ដូចគ្នា ដើម្បី​រួបរួមគ្នា​ធ្វើ​នយោបាយ​នា​អាណត្តិ​ក្រោយ​៕


Tag:
 ​បោះឆ្នោត​
 ​លទ្ធផល​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com