ជាតិ
បោះឆ្នោត
បក្សសំបុកឃ្មុំ៖ មិនមានការតវ៉ាអ្វីទេ បើទោះជាមិនពេញចិត្តក្នុងការបោះឆ្នោត
× ភ្នំពេញ៖ លោក ឡាយ ណារិន អគ្គលេខាធិការគណបក្សសំបុកឃ្មុំបានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនមិនមានកការទាមទារអ្វីឡើយចំពោះលទ្ធផលបោះឆ្នោត។ តែមិនមែនមានន័យថា គណបក្សនេះ ពេញចិត្តនូវការរៀបចំការបោះឆ្នោតនេះដែរ។
ក្រោយបញ្ចប់ការបោះឆ្នោត គណបក្សសំបុកឃ្មុំ បានឲ្យសារព័ត៌មានថ្មីៗដឹងថា ខ្លួនមិនមានសង្ឃឹមទទួលបានអាសនៈក្នុងរដ្ឋសភានោះទេ។ បន្ថែមពីនេះ បក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក៏មិនពេញចិត្តចំពោះការរៀបចំការបោះឆ្នោតឡើយ។ អ្វីដែរគណបក្សនេះមិនពេញចិត្ត គឺការគូសសន្លឹកឆ្នោត ដែល គ.ជ.ប សម្រេចយកគ្រប់ទម្រង់ទាំងអស់ឲ្យតែគូសនៅក្នុងសន្លឹកឆ្នោត។ ប្រការនេះត្រូវបានលោក ឡាយ ណារិន បញ្ជាក់ថា អាចមានករណីអំពើពុករលួយ ឬការគំរាមកំហែង ឬទិញលក់សន្លឹកឆ្នោតជាដើម។
លោក ឡាយ ណារិន បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនមានភ័ស្តុតាងអីបញ្ជាក់ថាមានការទិញលក់សន្លឹកឆ្នោតទេ។ តែយើងសង្ស័យថាសញ្ញាទាំងនោះអាចពាក់ព័ន្ធនឹងការគំរាមកំហែងដល់ពលរដ្ឋក៏ថាបាន។ យ៉ាងណាយើងបានត្រឹមតែស្នើទៅ គ.ជ.ប ប៉ុណ្ណោះ ធ្វើមិនធ្វើជាសិទ្ធិរបស់គេ»។
ក្រៅពីមិនពេញចិត្តលើការគូសសន្លឹកឆ្នោតគណបក្សនេះ ក៏មិនរំពឹងថាខ្លួននឹងទទួលបានអាសនៈក្នុងរដ្ឋសភា និងមិនពេញចិត្តចំពោះការរៀបចំបោះឆ្នោតនេះឡើយ។ បើទោះជាមិនពេញចិត្តគណបក្សនេះ មិនមានជំហរក្នុងការប្ដឹងទាមទារអ្វីដែរ ព្រោះលទ្ធផលមិនអាចប្រកែកបាន។ នេះជាការបន្ថែមពីលោក ឡាយ ណារិន អគ្គលេខាធិការគណបក្សសំបុកឃ្មុំ។
ក្រោយបញ្ចប់ការបោះឆ្នោតដោយមិនបានទទួលអាសនៈក្នុងរដ្ឋសភាអគ្គលេខាគណបក្សនេះ បានឲ្យដឹងថា ខ្លួននឹងសិក្សាពីគណបក្សដទៃទៀត ដែលមានឆន្ទៈក្នុងការបម្រើប្រជាពលរដ្ឋដូចគ្នា ដើម្បីរួបរួមគ្នាធ្វើនយោបាយនាអាណត្តិក្រោយ៕
Tag:
បោះឆ្នោត
លទ្ធផលបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com