អង្គការ​ក្នុងស្រុក​ចំនួន​៧ ប្រកាសថា ការបោះឆ្នោត​នៅ​កម្ពុជា សេរី និង​យុត្តិធម៌​
ជាតិ
បោះឆ្នោត
អង្គការ​ក្នុងស្រុក​ចំនួន​៧ ប្រកាសថា ការបោះឆ្នោត​នៅ​កម្ពុជា សេរី និង​យុត្តិធម៌​
30, Jul 2018 , 6:31 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​-​សមាគម​ក្នុងស្រុក​ចំនួន​៧ បានប្រកាសថា ការបោះឆ្នោត​នៅ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព​។ អង្គការ​ទាំង​៧​នេះ បាន​ចូលរួម​សង្កេត​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។


​ក្រោយពី​បាន​ចូលរួម​សង្កេតការណ៍​ពេញ​មួយថ្ងៃ​ក្នុងការ​បោះឆ្នោត​នៅ​កម្ពុជា អង្គការ​ជាតិ​ទាំង​៧ បានចេញ​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា​ជុំវិញ​ស្ថានការណ៍​នៃ​ដំណើរការ​បោះឆ្នោត​។ របាយការណ៍​ទាំង​៧​របស់​អង្គការ​ទាំងនោះ សុទ្ធសឹងតែ​គាំទ្រ​លើ​ដំណើរការ​បោះឆ្នោត ដែល​បញ្ជាក់ថា ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព ហើយ​អាច​ទទួលយកបាន​។
​ជាពិសេស​របាយការណ៍​ទាំង​៧​អង្គភាព​នេះ បាន​បញ្ជាក់ថា ពលរដ្ឋ​មាន​ភាព​រីករាយ​ក្នុងការ​ចូលរួម​បោះឆ្នោត ព្រមទាំង​បាន​ចូលរួម​យ៉ាងច្រើន​លើសលប់​រហូតដល់​ជាង​៨០​ភាគរយ​នៃ​ចំនួន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​សរុប​។ មិនតែប៉ុណ្ណោះ ក្រុម​អ្នកសង្កេតការណ៍​ជាតិ​ទាំងនោះ បាន​បញ្ជាក់ថា ការប្រព្រឹត្តទៅ​នៃ​ការបោះឆ្នោត មាន​ភាពស្ងប់ស្ងាត់ និង​មិនឃើញ​មានការ​គំរាមកំហែង​ឡើយ​។ កត្តា​ទាំងអស់​នេះហើយ ទើប អង្គការ​-​សមាគម​ទាំង​៧​ខាងលើ ទទួលស្គាល់​ការរៀប​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​
 
​អង្គការ​-​សមាគម​ទាំង​៧​នេះ មានដូចជា អង្គការ​ដៃគូ​ផ្ដល់​មេត្តា ដាក់​អ្នកសង្កេតការណ៍​៦​នាក់​, សមាគមនិស្សិត​បញ្ញវន្ត​កម្ពុជា​-​អាស៊ាន ដាក់​សង្កេតការណ៍​៧៦​នាក់​, អង្គការ​ជំនួយ​អភិវឌ្ឍន៍ និង​សន្តិភាព​(​ផ្ដៅ​) ដាក់​សង្កេតការណ៍​១២​នាក់​, អង្គការ​ក្រុម​ទ្រទ្រង់​ស្ត្រី​ខ្មែរ ដាក់​អ្នកសង្កេតការណ៍​១០​នាក់​, អង្គការ​អមរា ដាក់​អ្នកសង្កេតការណ៍​៩​នាក់​, អង្គការ​ភ្នំ​ស្រី​ដើម្បី​អភិវឌ្ឍន៍ ដាក់​អ្នកសង្កេតការណ៍​៤០​នាក់​, និង​សមាគម​ប្រឹក្សា​សុខភាព​ប្រជាជន​មូលដ្ឋាន ដាក់​អ្នកសង្កេតការណ៍​១០​នាក់​៕
 

Tag:
 ​នយោបាយ​
 ​បោះឆ្នោត​
 ​គ​.​ជ​.​ប​
 ​អ្នកសង្កេតការណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com