ជាតិ
បោះឆ្នោត
អង្គការក្នុងស្រុកចំនួន៧ ប្រកាសថា ការបោះឆ្នោតនៅកម្ពុជា សេរី និងយុត្តិធម៌
× ភ្នំពេញ៖ អង្គការ-សមាគមក្នុងស្រុកចំនួន៧ បានប្រកាសថា ការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។ អង្គការទាំង៧នេះ បានចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។
ក្រោយពីបានចូលរួមសង្កេតការណ៍ពេញមួយថ្ងៃក្នុងការបោះឆ្នោតនៅកម្ពុជា អង្គការជាតិទាំង៧ បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាជុំវិញស្ថានការណ៍នៃដំណើរការបោះឆ្នោត។ របាយការណ៍ទាំង៧របស់អង្គការទាំងនោះ សុទ្ធសឹងតែគាំទ្រលើដំណើរការបោះឆ្នោត ដែលបញ្ជាក់ថា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ហើយអាចទទួលយកបាន។
ជាពិសេសរបាយការណ៍ទាំង៧អង្គភាពនេះ បានបញ្ជាក់ថា ពលរដ្ឋមានភាពរីករាយក្នុងការចូលរួមបោះឆ្នោត ព្រមទាំងបានចូលរួមយ៉ាងច្រើនលើសលប់រហូតដល់ជាង៨០ភាគរយនៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប។ មិនតែប៉ុណ្ណោះ ក្រុមអ្នកសង្កេតការណ៍ជាតិទាំងនោះ បានបញ្ជាក់ថា ការប្រព្រឹត្តទៅនៃការបោះឆ្នោត មានភាពស្ងប់ស្ងាត់ និងមិនឃើញមានការគំរាមកំហែងឡើយ។ កត្តាទាំងអស់នេះហើយ ទើប អង្គការ-សមាគមទាំង៧ខាងលើ ទទួលស្គាល់ការរៀបការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
អង្គការ-សមាគមទាំង៧នេះ មានដូចជា អង្គការដៃគូផ្ដល់មេត្តា ដាក់អ្នកសង្កេតការណ៍៦នាក់, សមាគមនិស្សិតបញ្ញវន្តកម្ពុជា-អាស៊ាន ដាក់សង្កេតការណ៍៧៦នាក់, អង្គការជំនួយអភិវឌ្ឍន៍ និងសន្តិភាព(ផ្ដៅ) ដាក់សង្កេតការណ៍១២នាក់, អង្គការក្រុមទ្រទ្រង់ស្ត្រីខ្មែរ ដាក់អ្នកសង្កេតការណ៍១០នាក់, អង្គការអមរា ដាក់អ្នកសង្កេតការណ៍៩នាក់, អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ដាក់អ្នកសង្កេតការណ៍៤០នាក់, និងសមាគមប្រឹក្សាសុខភាពប្រជាជនមូលដ្ឋាន ដាក់អ្នកសង្កេតការណ៍១០នាក់៕
Tag:
នយោបាយ
បោះឆ្នោត
គ.ជ.ប
អ្នកសង្កេតការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com