អ្នកសង្កេតការណ៍​រុស្ស៊ី​៖ ការបោះឆ្នោត​នៅ​កម្ពុជា មិនមែន​ទាល់តែ​អាមេរិក​ទទួលស្គាល់ ទើប​ហៅ​ប្រជាធិបតេយ្យ​នោះទេ​

ជាតិ
បោះឆ្នោត
អ្នកសង្កេតការណ៍​រុស្ស៊ី​៖ ការបោះឆ្នោត​នៅ​កម្ពុជា មិនមែន​ទាល់តែ​អាមេរិក​ទទួលស្គាល់ ទើប​ហៅ​ប្រជាធិបតេយ្យ​នោះទេ​
30, Jul 2018 , 10:19 pm         79896
រូបភាព
 ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតមកពីរុស្ស៊ី
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតមកពីរុស្ស៊ី
​ភ្នំពេញ​៖ ក្រុម​អ្នកសង្កេតការណ៍​មកពី​រុស្ស៊ី ដែលមាន​ឈ្មោះថា «​សភា​សង្គម​ស៊ីវិល​រុស្ស៊ី​» បាន​វាយតម្លៃ​វិជ្ជមាន​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​។ ឆ្លើយតប​នឹង​សំនួរ​អ្នកកាសែត​ពី​រឿង​អន្តរជាតិ មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​នោះ ក្រុម​អ្នកសង្កេតការណ៍​រុស្ស៊ី បាន​និយាយ​ចំ​ថា ការបោះឆ្នោត​នេះ មិនមែន​ពឹង​លើ​អាមេរិក​ទទួលស្គាល់ ទើប​កម្ពុជា​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​នោះទេ​។


​សង្គម​ស៊ីវិល​រុស្ស៊ី ដែល​បានមក​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ពេញ​មួយ​ថ្ងៃនោះ បាន​វាយតម្លៃថា ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​តម្លាភាព ដែល​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ សម្រាប់​អ្នកសង្កេតការណ៍​រុស្ស៊ី​នេះ ប្រជាធិបតេយ្យ​ប្រទេសមួយ មិនមែន​កើតចេញពី​ការទទួលស្គាល់​របស់​ប្រទេស​ណាមួយ​ឡើយ​។ ការបកស្រាយ​របស់​ស​ង្គ​ម​ស៊ីវិល​រុស្ស៊ី​នេះ គឺ​ចង់​សំដៅ​ទៅលើ​សម្ពាធ​អន្តរជាតិ ជាពិសេស​អាមេរិក ដែល​ព្រមាន​មិន​ទទួលស្គាល់​បោះឆ្នោត​នៅ​កម្ពុជា​។​

​ឆ្លើយតប​នឹង​សំនួរ​អ្នកកាសែត ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ មកពី​សភា​សង្គម​ស៊ីវិល​រុស្ស៊ី កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា អ្នកសង្កេតការណ៍​រុស្ស៊ី បានបញ្ជាក់​ដូច្នេះ​ថា​៖ «​អ្នក​ថា​សហរដ្ឋអាមេរិក​ជា​ប្រទេស​ប្រជាធិបតេយ្យ​តែ​អាមេរិក​មាន​បក្ស​តែ​២​ប៉ុណ្ណោះ​។ ឯ​ការបោះឆ្នោត​នៅ​កម្ពុ​ជាមាន​បក្ស​រហូតដល់​ទៅ​២០​បក្ស ។ ដូច្នេះ​ហេតុអ្វី បានជា​មិន​ប្រជាធិបតេយ្យ​? មិនមែន​ទាល់តែ​អាមេរិក​ថា​ប្រជាធិបតេយ្យ​ទើប​ប្រជាធិបតេយ្យ​នោះទេ តែ​ប្រជាធិបតេយ្យ គឺជា​ការកំណត់​របស់​ពលរដ្ឋ​ក្នុងប្រទេស​»​។​

អត្ថបទទាក់ទង
 

​ក្រៅពី​អ្នក​អង្កេត​ការណ៍​រុស្ស៊ី​នេះ ក៏មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ផ្សេងទៀត វាយតម្លៃ​វិជ្ជមាន​លើ​ការបោះឆ្នោត​កម្ពុជា​ផងដែរ​។ ក្នុង​កែវភ្នែក​របស់​អន្តរជាតិ​ទាំងនេះ មើលឃើញថា ការបោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅដោយ​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ដោយ​ពួកគេ​អះអាងថា អាស៊ី​គួរតែ​យក​គំ​រូពី​ការបោះឆ្នោត​នៅ​កម្ពុជា​។​

​ទោះ​អន្តរជាតិ​មួយចំនួន​វាយតម្លៃ​លើ​កម្ពុជា​ល្អ​ក្តី ក៏​អាមេរិក​នៅតែ​ចេញ​សេចក្តីថ្លែងការណ៍​រិះគន់​លើ​ការបោះឆ្នោត​នេះ​។ អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក ចាត់ទុកថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ មិន​សេរី និង​យុត្តិធម៌ ហើយ​មិនអាច​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​។​អាមេរិក បាន​និយាយថា ការបោះឆ្នោត​គ្មាន​ភាពត្រឹមត្រូវ ព្រោះ​គ្មាន​វត្តមាន​គណបក្សប្រឆាំង​ដ៏​សំខាន់ វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការដើរថយក្រោយ​យ៉ាងធ្ងន់ធ្ងរ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏ដូចជា​បំផ្លាញ​ដល់​ភាពជោគជ័យ​ក្នុងការ​លើកស្ទួយ​ការផ្សះផ្សារ​នយោបាយ​និង​ការរីកលូតលាស់​នៃ​សេដ្ឋកិច្ច​ចាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឆ្នាំ ១៩៩១​មក​។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​និយាយថា អាមេរិក​កំពុង​វាយតម្លៃ​លើ​ការបោះឆ្នោត​កម្ពុជា ទាំង​ពាក់​វ៉ែនតា​ខ្មៅ ដោយ​មើលឃើញ​អ្វី​ក្នុង​ភាព​ងងឹត​ជានិច្ច​៕


Tag:
 រុស្ស៊ី​
  បោះឆ្នោត​
 ​គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង