ជាតិ
បោះឆ្នោត
អ្នកសង្កេតការណ៍រុស្ស៊ី៖ ការបោះឆ្នោតនៅកម្ពុជា មិនមែនទាល់តែអាមេរិកទទួលស្គាល់ ទើបហៅប្រជាធិបតេយ្យនោះទេ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតមកពីរុស្ស៊ី
× ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍មកពីរុស្ស៊ី ដែលមានឈ្មោះថា «សភាសង្គមស៊ីវិលរុស្ស៊ី» បានវាយតម្លៃវិជ្ជមានលើការបោះឆ្នោតនៅកម្ពុជា។ ឆ្លើយតបនឹងសំនួរអ្នកកាសែតពីរឿងអន្តរជាតិ មិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជានោះ ក្រុមអ្នកសង្កេតការណ៍រុស្ស៊ី បាននិយាយចំថា ការបោះឆ្នោតនេះ មិនមែនពឹងលើអាមេរិកទទួលស្គាល់ ទើបកម្ពុជាក្លាយជាប្រទេសប្រជាធិបតេយ្យនោះទេ។
សង្គមស៊ីវិលរុស្ស៊ី ដែលបានមកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាពេញមួយថ្ងៃនោះ បានវាយតម្លៃថា ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព ដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សម្រាប់អ្នកសង្កេតការណ៍រុស្ស៊ីនេះ ប្រជាធិបតេយ្យប្រទេសមួយ មិនមែនកើតចេញពីការទទួលស្គាល់របស់ប្រទេសណាមួយឡើយ។ ការបកស្រាយរបស់សង្គមស៊ីវិលរុស្ស៊ីនេះ គឺចង់សំដៅទៅលើសម្ពាធអន្តរជាតិ ជាពិសេសអាមេរិក ដែលព្រមានមិនទទួលស្គាល់បោះឆ្នោតនៅកម្ពុជា។
ឆ្លើយតបនឹងសំនួរអ្នកកាសែត ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មកពីសភាសង្គមស៊ីវិលរុស្ស៊ី កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា អ្នកសង្កេតការណ៍រុស្ស៊ី បានបញ្ជាក់ដូច្នេះថា៖ «អ្នកថាសហរដ្ឋអាមេរិកជាប្រទេសប្រជាធិបតេយ្យតែអាមេរិកមានបក្សតែ២ប៉ុណ្ណោះ។ ឯការបោះឆ្នោតនៅកម្ពុជាមានបក្សរហូតដល់ទៅ២០បក្ស ។ ដូច្នេះហេតុអ្វី បានជាមិនប្រជាធិបតេយ្យ? មិនមែនទាល់តែអាមេរិកថាប្រជាធិបតេយ្យទើបប្រជាធិបតេយ្យនោះទេ តែប្រជាធិបតេយ្យ គឺជាការកំណត់របស់ពលរដ្ឋក្នុងប្រទេស»។
ក្រៅពីអ្នកអង្កេតការណ៍រុស្ស៊ីនេះ ក៏មានអ្នកសង្កេតការណ៍អន្តរជាតិផ្សេងទៀត វាយតម្លៃវិជ្ជមានលើការបោះឆ្នោតកម្ពុជាផងដែរ។ ក្នុងកែវភ្នែករបស់អន្តរជាតិទាំងនេះ មើលឃើញថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី និងយុត្តិធម៌ ដោយពួកគេអះអាងថា អាស៊ីគួរតែយកគំរូពីការបោះឆ្នោតនៅកម្ពុជា។
ទោះអន្តរជាតិមួយចំនួនវាយតម្លៃលើកម្ពុជាល្អក្តី ក៏អាមេរិកនៅតែចេញសេចក្តីថ្លែងការណ៍រិះគន់លើការបោះឆ្នោតនេះ។ អ្នកនាំពាក្យសេតវិមានអាមេរិក ចាត់ទុកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ មិនសេរី និងយុត្តិធម៌ ហើយមិនអាចតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋខ្មែរឡើយ។អាមេរិក បាននិយាយថា ការបោះឆ្នោតគ្មានភាពត្រឹមត្រូវ ព្រោះគ្មានវត្តមានគណបក្សប្រឆាំងដ៏សំខាន់ វាបង្ហាញឲ្យឃើញច្បាស់ពីការដើរថយក្រោយយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធប្រជាធិបតេយ្យមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជាបំផ្លាញដល់ភាពជោគជ័យក្នុងការលើកស្ទួយការផ្សះផ្សារនយោបាយនិងការរីកលូតលាស់នៃសេដ្ឋកិច្ចចាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ ១៩៩១មក។
តែយ៉ាងណាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិយាយថា អាមេរិកកំពុងវាយតម្លៃលើការបោះឆ្នោតកម្ពុជា ទាំងពាក់វ៉ែនតាខ្មៅ ដោយមើលឃើញអ្វីក្នុងភាពងងឹតជានិច្ច៕
Tag:
រុស្ស៊ី
បោះឆ្នោត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com