ចិន​អបអរ​ជ័យជម្នះ​របស់​សម្ដេច ហ៊ុន សែន
ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​អបអរ​ជ័យជម្នះ​របស់​សម្ដេច ហ៊ុន សែន
31, Jul 2018 , 9:16 am        
រូបភាព
ខណៈដែលប្រទេសបស្ចិមលោកមួយចំនួននាំគ្នាចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការបោះឆ្នោតនៅកម្ពុជា ថ្ងៃទី២៩ ខែកក្កដា ចិនឯណោះបានសាទរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នេះ។ នៅថ្ងៃទី៣០ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិនបានអបអរកម្ពុជាចំពោះជោគជ័យនៃការរៀបចំការបោះឆ្នោត និងអបអរគណបក្សប្រជាជនកម្ពុជាផង។ ចិនក៏សង្ឃឹមថា នៅអាណត្តិថ្មី កម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនទៀត។


«ក្នុងនាមជាអ្នកជិតខាងល្អ និងមិត្តភក្តិល្អ ចិនអបអរដោយស្មោះត្រង់កម្ពុជាដែលបានរៀបចំដោយជោគជ័យការបោះឆ្នោតអាណត្តិទី៦ »។ នេះជាការលើកឡើងរបស់លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃទី៣០ ខែកក្កដា ជុំវិញទៅនឹងសំណួរជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខណៈដែលក្រុមប្រទេសលោកខាងលិចខ្លះបានរិះគន់ការបោះឆ្នោតនេះកប់មាត់។
 
នាសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យដដែលនេះក៏បានសាទរគណបក្សប្រជាជនកម្ពុជាដែលទទួលជ័យជម្នះក្នុងការបោះឆ្នោតលើកនេះ។ បើតាមអ្នកនាំពាក្យគណបក្សប្រជាជន គណបក្សកាន់អំណាចនេះទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។

លោក Geng Shuang បន្ថែមថា ក្រោមការដឹកនាំរបស់រដ្ឋសភាអាណត្តិថ្មី និងរាជរដ្ឋាភិបាលថ្មី ប្រជាជនកម្ពុជានឹងបង្កើតសមិទ្ធផល​ថ្មីៗក្នុង​ការ​អភិវឌ្ឍរបស់​ខ្លួន​ហើយ​ចិន​ត្រៀម​ខ្លួន​ធ្វើការជាមួយកម្ពុជាដើម្បីអនុវត្តការព្រមព្រៀងរបស់មេដឹកនាំប្រទេសទាំងពីរផង។

ការអធិប្បាយរបស់ក្រុងប៉េកាំង គឺផ្ទុយពីជំហររបស់អាមេរិក សហភាពអឺរ៉ុប កាណាដា និងអូស្ត្រាលី ដែលបានថ្កោលទោសការបោះឆ្នោតនេះ។ ប្រទេសទាំងនេះយល់ថា អវត្តមានគូប្រជែងដ៏ធំ គឺអតីតបក្សសង្រ្គោះជាតិ មិនបានបង្ហាញពីឆន្ទៈប្រជាជនឡើយ ហើយដែលនាំឲ្យមានភាពមិនយុត្តិធម៌ មិនសេរី និងមិនត្រឹមត្រូវ។

ជុំវិញបញ្ហានេះ មន្រ្តីក្រសួងការបរទេសចិនខាងលើបានប្រកាសជំហររបស់ចិន ដែលបានចាត់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានៅកម្ពុជា គឺជារឿងផ្ទៃក្នុងកម្ពុជា និងព្រឹត្តិការណ៍នយោបាយសំខាន់ក្នុងជីវិតនយោបាយរបស់ប្រជាជនកម្ពុជា៕
 


© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67413 [1] => 9,78,17,21 [2] => ចិន​អបអរ​ជ័យជម្នះ​របស់​សម្ដេច ហ៊ុន សែន [3] => content [4] => [5] => [6] => 70 [7] => 0 [8] => )