ជាតិ
បោះឆ្នោត
កំពង់ស្ពឺ​មាន​អ្នក​ទៅ​បោះឆ្នោត​ជិត​៩០​ភាគរយ ក្នុងនោះ​៧៥​ភាគរយ​បោះ​ឲ្យ CPP
31, Jul 2018 , 11:08 am        
រូបភាព
ដោយ: រួបរួម
​ខេត្តកំពង់ស្ពឺ មាន​៦​អាសនៈ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ៣៣៨ ០២៥​សំឡេង​ស្មើ ៧៥,០៣​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។



​យោង​ការរាប់​សន្លឹកឆ្នោត​បឋម​សរុប​ទាំង​១៤៨២​ការិយាល័យ​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​៤៥០ ៥២៥​នាក់ ពោលគឺ​ស្មើ​៨៩,៤៨​ភាគរយ​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប ៥០៣ ៤៨៣​នាក់​។ ទាក់ទង​នឹង​ចំនួន​សំឡេងឆ្នោត សន្លឹក​បានការ​មាន ៤២៤ ៤៤៨​សំឡេង និង​មិនបានការ​មាន​២៦ ៣៦៧​សំឡេង​។​

​គណបក្ស​ចំនួន​១៨ បាន​ចូលរួម​ប្រកួតប្រជែង ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​ជាង​៧៥​ភាគរយ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន ៤,៣៣​ភាគរយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​៣,៦២​ភាគរយ គណបក្ស​ឆន្ទៈ​ខ្មែរ បាន​៣,០៨​ភាគរយ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​១,២២​ភាគរយ​ដូចគ្នា​៕



Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com