ជាតិ
បោះឆ្នោត
ក្រចេះ​៖ CPP បាន​សំឡេង​ជាង​១០​ម៉ឺន ហ្វ៊ុនស៊ិនប៉ិច និង​សន្លឹក​អត់​បានការ​មាន​ជាង​១​ម៉ឺន​ដូចគ្នា​
31, Jul 2018 , 12:35 pm        
រូបភាព
ដោយ: រួបរួម
​ខេត្តក្រចេះ មាន​៣​អាសនៈ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេងគាំទ្រ​ជិត​៧១​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា​។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។

 
​ការរាប់​សន្លឹកឆ្នោត​ប​ឋ​ម​សរុប​ទាំង​៥៥៥​ការិយាល័យ​នៅ​មណ្ឌល​ខេត្តក្រចេះ បង្ហាញថា អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​១៥៥ ០៦៦​នាក់ ពោលគឺ​ស្មើ​៨១,៧០​ភាគរយ​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប ១៨៩ ៨០៣​នាក់​។ ទាក់ទង​នឹង​ចំនួន​សំឡេងឆ្នោត សន្លឹក​បានការ​មាន ១៤៤ ៥២៥​សំឡេង និង​មិនបានការ​មាន​១០ ៥៣៤​សំឡេង​។​
 
​ក្នុងចំណោម​គណបក្ស​ទាំង​១៣ ដែល​បាន​ចូលរួម​ប្រកួតប្រជែង បក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​១០៩ ៧៧៨​សំឡេង ស្មើ​៧០,៧៩​ភាគរយ​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ពីរ ដោយមាន​សំឡេងគាំទ្រ ១១ ១៥៥​សំឡេង ស្មើ​៧,១៩​ភាគរយ ពោលគឺ​ប្រហាក់ប្រហែល​នឹង​ចំនួន​សន្លឹកឆ្នោត​មិនបានការ​។​
 
​គណបក្ស​ផ្សេងទៀត​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​ចន្លោះ​ពី​១០០០​ទៅ​ជាង​៥០០០ ដោយ​បក្ស​ដែល​បក្ស​ដែល​ខ្ពស់​លំដាប់​បន្ទាប់​មាន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ជនជាតិដើម​ភាគតិច​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​៕

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com