ជាតិ
បោះឆ្នោត
គណនា​ក្រៅផ្លូវការ​៖ កៅអី​រដ្ឋសភា​ទាំងអស់ បាន​ទៅលើ​បក្ស​ប្រជាជន​កម្ពុជា​
31, Jul 2018 , 1:48 pm        
រូបភាព
សម្តេច ហ៊ុន សែន ទៅ​​បោះ​​​ឆ្នោតនៅការិ​​យាល័​​យ​​​លេខ ១៦៩៧ ក្នុង​​សាលា​​គរុ​​កោសល្យវិក្រិ​​ត្យការ ក្រុង​​​តាខ្មៅ ខេត្ត​​ក​​ណ្តាល កាលពី​​​ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨
សម្តេច ហ៊ុន សែន ទៅ​​បោះ​​​ឆ្នោតនៅការិ​​យាល័​​យ​​​លេខ ១៦៩៧ ក្នុង​​សាលា​​គរុ​​កោសល្យវិក្រិ​​ត្យការ ក្រុង​​​តាខ្មៅ ខេត្ត​​ក​​ណ្តាល កាលពី​​​ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨
​ភ្នំពេញ​៖ ដោយ​យោងតាម​រូបមន្ត​គណនា​នៅក្នុង​ច្បាប់​ស្តីពី​ការបោះឆ្នោត​តំណាងរាស្ត្រ និង​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត ​ដែល​ផ្សព្វផ្សាយ​ដោយគ.ជ.ប សារព័ត៌មាន​ថ្មីៗ​បាន​គណនា​រក​ចំនួន​អាសនៈ​ ដែល​គណបក្ស​ប្រកួតប្រជែង​ទទួលបាន​ក្នុង​រដ្ឋសភា​សម្រាប់​នីតិកាល​ទី​៦​នេះ​។ ការ​គណនា​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ ​ទទួលបាន​អាសនៈ​ទាំង​១២៥​នៅក្នុង​រដ្ឋសភា​។​



​អវត្តមាន​គណបក្ស​ស​ង្គ្រោះ​ជាតិ (CNRP) បានផ្តល់​ឱកាស​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួលបាន​ជោគជ័យ​យ៉ាង​មហិមា​នៅក្នុង​ការបោះឆ្នោត​នីតិកាល​ទី​៦​នេះ​។ គណបក្ស​គូប្រកួត​ទល់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១៩​ទៀត​នោះ ពុំមាន​លទ្ធភាព​ទទួល​បាន​អាសនៈ​មួយ​ឡើយ​។​
 
​លទ្ធផល​បឋម​ស្តីពី​ការបោះឆ្នោត ដែល​ផ្សាយ​ដោ​យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ​.​ជ​.​ប) បង្ហាញថា នៅតាម​មណ្ឌល​ទាំង​២៥​រាជធានី​-​ខេត្ត គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច ហ៊ុន សែន ទទួលបាន​សន្លឹកឆ្នោត​ដ៏​ច្រើន​លើសលុប ខណៈ​គណបក្ស​ផ្សេងទៀត ទទួលបាន​តិចតួច​បំផុត​។ បើ​លទ្ធផល​បឋម​នេះ មិនមាន​ការប្រែប្រួល គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​អាសនៈ​ទាំង​១២៥ នៅក្នុង​ស្ថាប័ន​រដ្ឋសភា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។ 
 
​សារព័ត៌មាន​ថ្មីៗ សូម​លើកយក​មណ្ឌល​រាជធានី​ភ្នំពេញ មក​ធ្វើជា​ឧទាហរណ៍ ក្នុងការ​បែងចែក​អាសនៈ ដែល​គណបក្សនយោបាយ ត្រូវ​ទទួលបាន​។ រាជធានី​ភ្នំពេញ ត្រូវបាន​កំណត់​ឲ្យ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន​១២​។ 
 
​លទ្ធផល​បឋម បង្ហាញថា សន្លឹកឆ្នោត​បានការ​សរុប ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​៥៨៩០២៧ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ច្រើនជាងគេ គឺ ៤៥៨០១៦​សំឡេង ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេង​ច្រើន​បន្ទាប់ គឺ​៣០៤៧២​សំឡេង ឯ​គណបក្ស​១៨​ផ្សេងទៀត ទទួល​សំឡេងគាំទ្រ​ទាប​ជា​បន្តបន្ទាប់​។ 
 
​បើ​គិត​តាម​រូបមន្ត​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា អាសនៈ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​។​
 
​ជំហាន​ទី​១ គឺ​រក​សន្លឹកឆ្នោត ដែល​ស្មើនឹង​១​អាសនៈ 


 
​គណបក្ស​នីមួយៗ ត្រូវមាន​សន្លឹកឆ្នោត​បា​ន​ការសរុប​ចំនួន​៤៩០៨៥ ទើប​អាច​ទទួលបាន​១​អាសនៈ​ក្នុង​រាជធានី​ភ្នំពេញ​។ 
 
​ជំហាន​ទី​២ គឺ​រក​អាសនៈ​បឋម ដែល​គណបក្ស​នីមួយៗ​ទទួលបាន​

 
 
ការបែងចែក​នេះ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​អាសនៈ​បឋម​ចំនួន​៩ ក្នុង​រាជធានី​ភ្នំពេញ​។ ឯ​គណបក្ស​ទាំង​១៩​ទៀត មិនអាច​ទទួលបាន​អាសនៈ​ឡើយ ព្រោះ​គណបក្ស​ទាំងនោះ មាន​សំឡេង​មិន​ដល់​៤៩០៨៥​។ 
 
​អាសនៈ​ក្នុង​រាជធានី​ភ្នំពេញ នៅសល់​៣​ទៀត​។ អាសនៈ​នៅសល់​៣​នេះ ត្រូវ​យកមក​បែងចែក​បន្ត​។ ដើម្បី​បែងចែក​បន្ត គេ​ត្រូវយក សន្លឹកឆ្នោត​បានការ​សរុប​របស់​គណបក្ស​នីមួយៗ ទៅ​ចែង​នឹង​ចំនួន​អាសនៈ​បឋម ដែល​គណបក្ស​នោះ ទទួលបាន ដោយ​ត្រូវ​បូក​ជាមួយ ១​អាសនៈ​បន្ថែម​។ បើ​គណបក្ស​ណា ទទួលបាន​ផលចែក​ច្រើនជាងគេ ឬក៏​ហៅថា «​មធ្យមភាគ​ខ្ពស់បំផុត​» គឺ​១​អាសនៈ ដែល​នៅសល់ ត្រូវបាន​ទៅលើ​គណបក្ស​នោះ​។ 


៤៥៨០១ ជា​ចំនួន​មធ្យមភាគ​ខ្ពស់បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ បើ​យក​សន្លឹកឆ្នោត​របស់​គ​ណ​បក្ស​ផ្សេង មក​គិត​តាម​រូបមន្ត​បែបនេះ នឹង​ទទួលបាន​មធ្យមភាគ​ទាប​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​។ គណបក្ស​ផ្សេង មិនចាំបាច់​គិត​។ តែ​គិត​ត្រឹម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ទទួលបាន​សំឡេង​ច្រើនជាងគេ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​។​
 
​បើ​គិត​ទៅ ៣០៤៧២​សំឡេង របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ទទួលបាន​ក្នុង​រាជធានី​ភ្នំពេញ គឺ​តិចជាង​៤៥៨០១​សំឡេង ដែលជា​ចំនួន​មធ្យមភាគ​ខ្ពស់បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ដូច្នេះ ១​អាសនៈ​នេះ ត្រូវបាន​ទៅលើ​គណបក្ស​ប្រជាន​កម្ពុជា​បន្ថែមទៀត ដែល​កើន​ឡើងដល់​ទៅ​១០​អាសនៈ ក្នុង​រាជធានី​ភ្នំពេញ​។ 
​អាសនៈ​នៅសល់​២​ទៀត ត្រូវ​យកមក​បែងចែក​តាមរបៀប​ខាងលើ​ដដែល​។ 

៤១៦៣៧​សំឡេង ជា​ចំនួន​មធ្យមភាគ​ខ្ពស់បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ច្រើនជាង​សំឡេង​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ដូច្នេះ ១​អាសនៈ​នេះ ត្រូវបាន​ទៅលើ​គណបក្ស​ប្រជាន​កម្ពុជា​បន្ថែមទៀត ដែល​កើន​ឡើងដល់​ទៅ​១១​អាសនៈ ក្នុង​រាជធានី​ភ្នំពេញ​។​
​នៅសល់​១​អាសនៈ​ចុងក្រោយ ត្រូវ​ធ្វើតាម​ក្បួន​ដដែល​។ 


 
 
៣៨១៦៨ សំឡេង ជា​ចំនួន​មធ្យមភាគ​ខ្ពស់បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ច្រើនជាង​សំឡេង​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដដែល​។ ដូច្នេះ ១​អាសនៈ​ចុង​ក្រោយនេះ ត្រូវបាន​ទៅលើ​គណបក្ស​ប្រជាន​កម្ពុជា​បន្ថែមទៀត ដែល​កើន​ឡើងដល់​ទៅ​១២​អាសនៈ ក្នុង​រាជធានី​ភ្នំពេញ​។​
 
​តាម​បណ្តា​ខេត្ត​ទាំង​២៤​ទៀត សុទ្ធតែ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សន្លឹកឆ្នោត​លើសលុប​បែបនេះ​។ សន្លឹកឆ្នោត នៅតាម​ខេត្ត​ទាំងនោះ បើ​យកមក​គិត​តាម​រូបមន្ត​ខាងលើ គឺ​អាសនៈ នឹងត្រូវ​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ដូច​រាជធានី​ភ្នំពេញ​ដែរ​។ 
 
​ការបែងចែក​អាសនៈ នឹង​បង្ហាញ​បែបនេះ ប្រសិនបើ​លទ្ធផល​បឋម នៃ​សំឡេងឆ្នោត ដែល​គណបក្ស​នីមួយៗ​ទទួលបាន មិនមាន​ការប្រែប្រួល​។ យ៉ាងណាក៏ដោយ គ​.​ជ​.​ប មិនទាន់​បែងចែក​អាសនៈ​ផ្លូវការ សម្រាប់​គណបក្ស​នីមួយៗ​ឡើយ​។ ប្រសិនបើ លទ្ធផល​ផ្លូវការ មានការ​ប្រែប្រួល​នោះ អ៊ីចឹង​ការបែងចែក​អាសនៈ​ក៏​អាច​នឹង​ប្រែប្រួល​ដែរ​។  
 
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា លទ្ធផល​ផ្លូវការ​ស្តីពី​ការ​បែង​ចែង​អាសនៈ អាច​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ក្នុងករណី​មិនមាន​ពាក្យបណ្តឹង​។ លោក បន្ថែមថា បើ​មាន​ពាក្យបណ្តឹង​ពី​គណបក្ស ឬ​ភាគី​ណាមួយ ការប្រកាស​លទ្ធផល​ផ្លូវការ​នេះ នឹងត្រូវ​លើក​ទៅ​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ វិញ​។ 
 
​ចាប់តាំងពី​ការបោះឆ្នោត​ដំបូង​មក​នៅ​ឆ្នាំ​១៩៩៣​មក នេះ​ជា​លើកទីមួយ​ហើយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ទាំងអស់​ក្នុង​រដ្ឋសភា​។ ក្នុង​នីតិកាល​ទី​៦​នេះ ប្រសិនបើ​លទ្ធផល​នឹង​បង្ហាញ​ដូច​ការ​គណនា​ខាងលើនេះ​មែន រដ្ឋសភា​កម្ពុជា នឹងត្រូវ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​។ 
 
​មាត្រា​៥១ នៃ​រដ្ឋធម្មនុញ្ញ បាន​ចែងថា ប្រទេស​កម្ពុជា អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​៕

Tag:
 បោះឆ្នោត​
  CPP
  អាសនៈ
© រក្សាសិទ្ធិដោយ thmeythmey.com