ភ្នំពេញ៖ ដោយយោងតាមរូបមន្តគណនានៅក្នុងច្បាប់ស្តីពីការបោះឆ្នោតតំណាងរាស្ត្រ និងលទ្ធផលបឋមនៃការបោះឆ្នោត ដែលផ្សព្វផ្សាយដោយគ.ជ.ប សារព័ត៌មានថ្មីៗបានគណនារកចំនួនអាសនៈ ដែលគណបក្សប្រកួតប្រជែងទទួលបានក្នុងរដ្ឋសភាសម្រាប់នីតិកាលទី៦នេះ។ ការគណនាបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទាំង១២៥នៅក្នុងរដ្ឋសភា។
អវត្តមានគណបក្សសង្គ្រោះជាតិ (CNRP) បានផ្តល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានជោគជ័យយ៉ាងមហិមានៅក្នុងការបោះឆ្នោតនីតិកាលទី៦នេះ។ គណបក្សគូប្រកួតទល់គណបក្សប្រជាជនកម្ពុជាចំនួន១៩ទៀតនោះ ពុំមានលទ្ធភាពទទួលបានអាសនៈមួយឡើយ។
លទ្ធផលបឋមស្តីពីការបោះឆ្នោត ដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញថា នៅតាមមណ្ឌលទាំង២៥រាជធានី-ខេត្ត គណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ទទួលបានសន្លឹកឆ្នោតដ៏ច្រើនលើសលុប ខណៈគណបក្សផ្សេងទៀត ទទួលបានតិចតួចបំផុត។ បើលទ្ធផលបឋមនេះ មិនមានការប្រែប្រួល គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈទាំង១២៥ នៅក្នុងស្ថាប័នរដ្ឋសភា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។
សារព័ត៌មានថ្មីៗ សូមលើកយកមណ្ឌលរាជធានីភ្នំពេញ មកធ្វើជាឧទាហរណ៍ ក្នុងការបែងចែកអាសនៈ ដែលគណបក្សនយោបាយ ត្រូវទទួលបាន។ រាជធានីភ្នំពេញ ត្រូវបានកំណត់ឲ្យមានអាសនៈក្នុងរដ្ឋសភាចំនួន១២។
លទ្ធផលបឋម បង្ហាញថា សន្លឹកឆ្នោតបានការសរុប ក្នុងរាជធានីភ្នំពេញ មានចំនួន៥៨៩០២៧ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានច្រើនជាងគេ គឺ ៤៥៨០១៦សំឡេង ហើយគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងច្រើនបន្ទាប់ គឺ៣០៤៧២សំឡេង ឯគណបក្ស១៨ផ្សេងទៀត ទទួលសំឡេងគាំទ្រទាបជាបន្តបន្ទាប់។
បើគិតតាមរូបមន្តនៃការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា អាសនៈទាំង១២ ក្នុងរាជធានីភ្នំពេញ ត្រូវបានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់។
ជំហានទី១ គឺរកសន្លឹកឆ្នោត ដែលស្មើនឹង១អាសនៈ
គណបក្សនីមួយៗ ត្រូវមានសន្លឹកឆ្នោតបានការសរុបចំនួន៤៩០៨៥ ទើបអាចទទួលបាន១អាសនៈក្នុងរាជធានីភ្នំពេញ។
ជំហានទី២ គឺរកអាសនៈបឋម ដែលគណបក្សនីមួយៗទទួលបាន
ការបែងចែកនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈបឋមចំនួន៩ ក្នុងរាជធានីភ្នំពេញ។ ឯគណបក្សទាំង១៩ទៀត មិនអាចទទួលបានអាសនៈឡើយ ព្រោះគណបក្សទាំងនោះ មានសំឡេងមិនដល់៤៩០៨៥។
អាសនៈក្នុងរាជធានីភ្នំពេញ នៅសល់៣ទៀត។ អាសនៈនៅសល់៣នេះ ត្រូវយកមកបែងចែកបន្ត។ ដើម្បីបែងចែកបន្ត គេត្រូវយក សន្លឹកឆ្នោតបានការសរុបរបស់គណបក្សនីមួយៗ ទៅចែងនឹងចំនួនអាសនៈបឋម ដែលគណបក្សនោះ ទទួលបាន ដោយត្រូវបូកជាមួយ ១អាសនៈបន្ថែម។ បើគណបក្សណា ទទួលបានផលចែកច្រើនជាងគេ ឬក៏ហៅថា «មធ្យមភាគខ្ពស់បំផុត» គឺ១អាសនៈ ដែលនៅសល់ ត្រូវបានទៅលើគណបក្សនោះ។
៤៥៨០១ ជាចំនួនមធ្យមភាគខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា។ បើយកសន្លឹកឆ្នោតរបស់គណបក្សផ្សេង មកគិតតាមរូបមន្តបែបនេះ នឹងទទួលបានមធ្យមភាគទាបជាងគណបក្សប្រជាជនកម្ពុជា។ គណបក្សផ្សេង មិនចាំបាច់គិត។ តែគិតត្រឹមគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលទទួលបានសំឡេងច្រើនជាងគេ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។
បើគិតទៅ ៣០៤៧២សំឡេង របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលទទួលបានក្នុងរាជធានីភ្នំពេញ គឺតិចជាង៤៥៨០១សំឡេង ដែលជាចំនួនមធ្យមភាគខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះ ១អាសនៈនេះ ត្រូវបានទៅលើគណបក្សប្រជានកម្ពុជាបន្ថែមទៀត ដែលកើនឡើងដល់ទៅ១០អាសនៈ ក្នុងរាជធានីភ្នំពេញ។
អាសនៈនៅសល់២ទៀត ត្រូវយកមកបែងចែកតាមរបៀបខាងលើដដែល។
៤១៦៣៧សំឡេង ជាចំនួនមធ្យមភាគខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា នៅតែច្រើនជាងសំឡេងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច។ ដូច្នេះ ១អាសនៈនេះ ត្រូវបានទៅលើគណបក្សប្រជានកម្ពុជាបន្ថែមទៀត ដែលកើនឡើងដល់ទៅ១១អាសនៈ ក្នុងរាជធានីភ្នំពេញ។
នៅសល់១អាសនៈចុងក្រោយ ត្រូវធ្វើតាមក្បួនដដែល។
៣៨១៦៨ សំឡេង ជាចំនួនមធ្យមភាគខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា នៅតែច្រើនជាងសំឡេងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចដដែល។ ដូច្នេះ ១អាសនៈចុងក្រោយនេះ ត្រូវបានទៅលើគណបក្សប្រជានកម្ពុជាបន្ថែមទៀត ដែលកើនឡើងដល់ទៅ១២អាសនៈ ក្នុងរាជធានីភ្នំពេញ។
តាមបណ្តាខេត្តទាំង២៤ទៀត សុទ្ធតែគណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតលើសលុបបែបនេះ។ សន្លឹកឆ្នោត នៅតាមខេត្តទាំងនោះ បើយកមកគិតតាមរូបមន្តខាងលើ គឺអាសនៈ នឹងត្រូវបានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់ ដូចរាជធានីភ្នំពេញដែរ។
ការបែងចែកអាសនៈ នឹងបង្ហាញបែបនេះ ប្រសិនបើលទ្ធផលបឋម នៃសំឡេងឆ្នោត ដែលគណបក្សនីមួយៗទទួលបាន មិនមានការប្រែប្រួល។ យ៉ាងណាក៏ដោយ គ.ជ.ប មិនទាន់បែងចែកអាសនៈផ្លូវការ សម្រាប់គណបក្សនីមួយៗឡើយ។ ប្រសិនបើ លទ្ធផលផ្លូវការ មានការប្រែប្រួលនោះ អ៊ីចឹងការបែងចែកអាសនៈក៏អាចនឹងប្រែប្រួលដែរ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា លទ្ធផលផ្លូវការស្តីពីការបែងចែងអាសនៈ អាចនឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ក្នុងករណីមិនមានពាក្យបណ្តឹង។ លោក បន្ថែមថា បើមានពាក្យបណ្តឹងពីគណបក្ស ឬភាគីណាមួយ ការប្រកាសលទ្ធផលផ្លូវការនេះ នឹងត្រូវលើកទៅនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វិញ។
ចាប់តាំងពីការបោះឆ្នោតដំបូងមកនៅឆ្នាំ១៩៩៣មក នេះជាលើកទីមួយហើយ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា។ ក្នុងនីតិកាលទី៦នេះ ប្រសិនបើលទ្ធផលនឹងបង្ហាញដូចការគណនាខាងលើនេះមែន រដ្ឋសភាកម្ពុជា នឹងត្រូវដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែមួយ។
មាត្រា៥១ នៃរដ្ឋធម្មនុញ្ញ បានចែងថា ប្រទេសកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស៕