ជាតិ
បោះឆ្នោត
នៅខេត្តព្រះសីហនុដែលឡើងដល់៣អាសនៈ CPP បានសំឡេងជាង៧០ភាគរយ
× គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈទាំងបីនៅខេត្តព្រះសីហនុ តាមរយៈសំឡេងគាំទ្រដែលមានរហូតដល់ទៅជាង៧០ភាគរយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ នេះបើយោងតាមលទ្ធផលបឋមដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ខេត្តព្រះសីហនុ ដែលកន្លងមក មានតែ១អាសនៈប៉ុណ្ណោះ ហើយបានកើន២បន្ថែមទៀតសម្រាប់នីតិកាលទី៦នេះ។ ឆ្លងកាត់ការរាប់សន្លឹកឆ្នោតបឋមនៅការិយាល័យទាំង២៩៨ គណបក្សប្រជាជនកម្ពុជា បានសំឡេងគាំទ្រ ៧២ ២៣២សំឡេង ស្មើ ៧០,១៦ភាគរយ។
គណបក្សចំនួន១៣ផ្សេងទៀត មានការគាំទ្រមិនដល់មួយម៉ឺនឡើយ ដោយគណបក្សហ្វ៊ុនស៊ិនប៉ិច មានជាង៩០០០ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សឆន្ទៈខ្មែរ មានជាង៣០០០សំឡេងរៀងៗខ្លួន។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុ មានអ្នកបោះឆ្នោតក្នុងបញ្ជីចំនួន ១២៤ ០៧២នាក់ ដោយអ្នកបានទៅបោះមានចំនួន ១០២ ៩៥០នាក់ស្មើ ៨២,៩៨ភាគរយ។ ទាក់ទងនឹងចំនួនសំឡេងឆ្នោត សន្លឹកបានការមាន ៩៥ ៧០៨សំឡេង និងមិនបានការមាន៧៥៥៣សំឡេង៕
© រក្សាសិទ្ធិដោយ thmeythmey.com