ជាតិ
ខេត្តក្រចេះ ទឹកទន្លេ​មេគង្គ​ក្នុង​ឡើង​ជិត​ដល់​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​
31, Jul 2018 , 4:07 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
ដោយ:
​ក្រចេះ​៖ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ២០១៨ ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ២១,៥៦​ម៉ែត្រ ជិត​ដល់​កម្ពស់​ទឹក​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ២២​ម៉ែត្រ​។ តំបន់​ទំនាប​មួយចំនួន​នៅតាម​ដង​ទន្លេ​ក្នុង​ខេត្ត ក៏ត្រូវ​ទឹក​លិច​ចូល​ជាបណ្តើរៗ​ដែរ​។ នេះ​បើតាម​ការឱ្យ​ដឹង ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​



​បើតាម​សេចក្ដីជូនដំណឹង ចុះ​ថ្ងៃទី​៣០ ខែកក្កដា របស់​អភិបាលខេត្ត​ក្រចេះ និង​ជា​គណៈកម្មាធិការ​គ្រប់គ្រង​មហន្តរាយ​ខេត្ត លោក វ៉ា ថន បាន​ប្រាប់​ទៅ​មន្ត្រី​អាជ្ញាធរ​ខេត្តក្រចេះ ដែល​ពាក់ព័ន្ធ​ត្រៀម​ប្រចាំការ​ដើម្បី​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ សត្វ​ចិញ្ចឹម និង​សម្ភារ​ប្រើប្រាស់​ដែល​នឹង​អាច​រង​ការលិចលង់ ទៅកាន់​ទីទួល​សុវត្ថិភាព និង​ទីតាំង​ខ្ពស់ៗ ឱ្យបាន​ទាន់ពេលវេលា ព្រមទាំង​ពង្រឹង​សន្តិសុខ សុវត្ថិភាព​ឱ្យបាន​ហ្មត់ចត់​។​

​អភិបាលខេត្ត​ក្រចេះ បាន​បន្តថា មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត និង​មន្ទីរ​ព័ត៌មាន ត្រូវ​តាមដាន​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹកជំនន់ ព្រមទាំង​ផ្ដល់ព័ត៌មាន ហើយ​ផ្សព្វផ្សាយ​ឱ្យទាន់​ពេលវេលា​។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងស្មារតី និង​ប្រយ័ត្ន​ដោយ​ត្រៀមលក្ខណៈ រៀបចំ​នូវ​សម្ភារ និង​របស់របរ​ផ្សេងៗ ជម្លៀស​ចេញពី​លំនៅដ្ឋាន ដែល​អាច​នឹង​លិច​ទឹក ទៅកាន់​ទីទួល​សុវត្ថិភាព ឬ​ទីតាំង​ខ្ពស់ ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​កើតឡើង ដោយសារ​ទឹកជំនន់​។

​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ជាប់​ច្រាំងទន្លេ ត្រូវ​ប្រុងប្រយ័ត្ន និង​ចាកចេញ​ជា​បណ្ដោះអាសន្ន ពីព្រោះ​ច្រាំងទន្លេ​ងាយ​ទទួលរង​នូវ​ការបាក់​។ នេះ​ជាការ​បន្ថែម របស់លោក វ៉ា ថន និង​បាន​បញ្ជាក់ថា​៖«​ការរស់នៅ​ត្រូវមាន​អនាម័យ និង​យកចិត្តទុកដាក់​ថែទាំ​កុមារ​តូច និង​ចាស់ជរា​ឱ្យបាន​គត់មត់ ពីព្រោះ​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់​»៕


Tag:
 ​ជំនន់​ទន្លេ​
 ​វ៉ា ថន
© រក្សាសិទ្ធិដោយ thmeythmey.com