ជាតិ
បោះឆ្នោត
LDP ប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ តាមការិយាល័យមួយចំនួន លោក ខឹម វាសនា ប្រធានគណបក្សជួង ថ្លែងទៅកាន់អ្នកគាំទ្រ ក្នុងអំឡុងឃោសនា នៅមុនការបោះឆ្នោតមកដល់។ រូបពីទំព័រហ្វេសឈ្មោះ LDP Photos
× ភ្នំពេញ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់ពាក្យបណ្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញ នៅតាមការិយាល័យមួយចំនួន ដែលខ្លួនយល់ថា វាមានភាពមិនប្រក្រតី។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលបណ្តឹងចំនួន ២១៧៥ បណ្តឹងពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយមិនរាប់បញ្ចូលបណ្តឹងចំនួន៣១ផ្សេងទៀតពីគណបក្សផ្សងៗ។
គណបក្សប្រជាជនកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួនបានប្រាប់សារព័ត៌មានមួយចំនួនថាខ្លួនបានឈ្នះនៅក្នុងការបោះឆ្នោតដោយអាចទទួលបានអាសនៈទាំង១២៥នៅក្នុងរដ្ឋសភាផង។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា បានដាក់បណ្តឹងចំនួន២១៧៥ បណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលជាអ្នកបញ្ជាក់ដំណឹងនេះប្រាប់សារព័ត៌មានថ្មីៗ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថា បណ្តឹងទាំងនោះរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងបណ្តឹងចំនួន៣១ផ្សេងទៀតពីគណបក្សផ្សេងត្រូវបានដាក់នៅគណកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំសង្កាត់ គិតត្រឹមម៉ោង១១កន្លះថ្ងៃទី៣១កក្កដានេះ។ «បណ្តឹងទាំងនោះពាក់ព័ន្ធនឹងវត្តមាននៃអាជ្ញាធរក្បែរការិយាល័យបោះឆ្នោត ការបំពេញការងារមិនត្រឹមត្រូវនៃមន្ត្រីក្នុងការិយាល័យបោះឆ្នោតជាដើម»។ នេះជាការបញ្ជាក់របស់លោក ហង្ស ពុទ្ធា។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានអះអាងយ៉ាងច្បាស់ថាបណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះ គឺសុំឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅតាមការិយាល័យមួយចំនួន។ លោក ចិន ថុន អគ្គលេខាធិការនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានពន្យល់យ៉ាងដូច្នេះថា៖«ដោយសារមានភាពមិនប្រក្រតីច្រើនពេកក្នុងការរាប់សន្លឹកឆ្នោត និងការប្រើសញ្ញាផ្សេងៗក្នុងសន្លឹកឆ្នោត។ មិនតែប៉ុណ្ណោះនៅតាមការិយាល័យមួយចំនួន មានការគំរាមកំហែង និងមានការិយាល័យខ្លះទៀតអ្នកសង្កេតការណ៍របស់ LDP ត្រូវបានគេចាប់ដាក់ខ្នោះថែមទៀតផង»។
នៅថ្ងៃទី១១ ខែសីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងប្រកាសលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត ហើយបើគ្មានបណ្តឹងនោះទេ ថ្ងៃទី១៥ ខែសីហា គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ។ តែបើសិនជាមានពាក្យបណ្ដឹងទៅ គ.ជ.ប ដែលនឹងត្រូវការពេលវេលាដោះស្រាយនោះ ការប្រកាសលទ្ធផលផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា៕
Tag:
បោះឆ្នោត
ពាក្យបណ្ដឹង
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com