ជាតិ
បោះឆ្នោត
បោះឆ្នោតលើកនេះ បក្សជួង កើនសំឡេងពី ៧ម៉ឺន ទៅ ៣សែន តែមិនបានអាសនៈ លោក ខឹម វាសនា ប្រធានគណបក្សជួង ងើបចេញពីដំបូលឡាន ហើយថ្លែងសារនយោបាយតាមឧគ្ឃោសនសព្ទ ខណៈក្បួនឃោសនារកសំឡេងគាំទ្រ កំពុងដំណើរការនៅតាមដងផ្លូវ កាលពីមុនពេលបោះឆ្នោត។ រូបពីទំព័រហ្វេសបុកឈ្មោះ LDP Photos
× មានប្រជាពលរដ្ឋ ៣០៨២៩២នាក់ បានបោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលមានរូបជួងជាសញ្ញាសម្គាល់។ នេះបើតាមលទ្ធផលបឋមស្តីពីសំឡេងឆ្នោតសរុប ដែលគណបក្សនីមួយៗ ទទួលបាន ហើយត្រូវបានផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សំឡេងគាំទ្រ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ បានកើនឡើងយ៉ាងច្រើន បើធៀបនឹងនីតិកាលទី៥។ នីតិកាលទី៥ កាលឆ្នាំ២០១៣ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមានលោក ខឹម វាសនា ជាប្រធាន ទទួលបានសំឡេងគាំទ្រតែ ៦៨៣៨៩ប៉ុណ្ណោះ។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតែងប្រកាសថាខ្លួនជាចលនាផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋ ហើយមានវ័យជាងមួយទសវត្សរ៍ក្នុងឆាកនយោបាយកម្ពុជា ក៏បានកើនសំឡេងគាំទ្រមិនចេះតិចដែរ បើធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិទី៤ កាលពីឆ្នាំ២០១៧ ដោយកាលនោះ ទទួលបានសំឡេងគាំទ្រ១២២៨៨២។
ទោះជាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានកើនសំឡេងគាំទ្រច្រើនគួរសមក្នុងការបោះឆ្នោតលើកនេះក៏ដោយ ក៏ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ ដើម្បីបានអាសនៈក្នុងរដ្ឋសភា។ តាមពិតទៅ មិនមែនមានតែគណបក្សជួងនេះទេ ដែលមិនបានទទួលអាសនៈក្នុងរដ្ឋសភា សូម្បីតែគណបក្ស១៨ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដែរនោះ ក៏មិនបានអាសនៈដូចគ្នា។
តាមការគណនាក្រៅផ្លូវការរបស់សារព័ត៌មានថ្មីៗ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលទទួលបានអាសនៈក្នុងរដ្ឋសភា ពោលគឺទទួលបានអាសនៈទាំង១២៥តែម្តង។
លទ្ធផលបឋមស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ទទួលបានសំឡេងគាំទ្រលំដាប់ទី១ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួលសំឡេងគាំទ្រលំដាប់ទី២ ហើយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រលំដាប់ទី៣៕
Tag:
បោះឆ្នោត
LDP
ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com