ជាតិ
បោះឆ្នោត
បោះឆ្នោត​លើក​នេះ បក្ស​ជួង កើន​សំឡេង​ពី ៧​ម៉ឺន ទៅ ៣​សែន តែ​មិនបាន​អាសនៈ​
31, Jul 2018 , 8:19 pm        
រូបភាព
លោក ខឹម វាសនា ប្រធានគណបក្សជួង ងើបចេញពីដំបូលឡាន ហើយថ្លែងសារនយោបាយតាមឧគ្ឃោសនសព្ទ ខណៈក្បួនឃោសនារកសំឡេងគាំទ្រ កំពុងដំណើរការនៅតាមដងផ្លូវ កាលពីមុនពេលបោះឆ្នោត។ រូបពីទំព័រហ្វេសបុកឈ្មោះ LDP Photos
លោក ខឹម វាសនា ប្រធានគណបក្សជួង ងើបចេញពីដំបូលឡាន ហើយថ្លែងសារនយោបាយតាមឧគ្ឃោសនសព្ទ ខណៈក្បួនឃោសនារកសំឡេងគាំទ្រ កំពុងដំណើរការនៅតាមដងផ្លូវ កាលពីមុនពេលបោះឆ្នោត។ រូបពីទំព័រហ្វេសបុកឈ្មោះ LDP Photos
ដោយ:
​មាន​ប្រជាពលរដ្ឋ ៣០៨២៩២​នាក់ បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែលមាន​រូប​ជួង​ជា​សញ្ញា​សម្គាល់​។ នេះ​បើតាម​លទ្ធផល​បឋម​ស្តីពី​សំឡេងឆ្នោត​សរុប ដែល​គណបក្ស​នីមួយៗ ទទួលបាន ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។



​សំឡេងគាំទ្រ ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ បាន​កើន​ឡើង​យ៉ាងច្រើន បើ​ធៀប​នឹង​នីតិកាល​ទី​៥​។ នីតិកាល​ទី​៥ កាល​ឆ្នាំ​២០១៣ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែលមាន​លោក ខឹម វាសនា ជា​ប្រធាន ទទួលបាន​សំឡេងគាំទ្រ​តែ ៦៨៣៨៩​ប៉ុណ្ណោះ​។

​គណ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​ដែល​តែង​ប្រកាសថា​ខ្លួន​ជា​ចលនា​ផ្លាស់ប្តូរ​ផ្នត់គំនិត​ប្រជាពលរដ្ឋ ហើយ​មាន​វ័យ​ជាង​មួយ​ទសវត្សរ៍​ក្នុង​ឆាកនយោបាយ​កម្ពុជា ក៏បាន​កើនសំឡេងគាំទ្រ​មិនចេះ​តិច​ដែរ បើ​ធៀប​នឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​អាណត្តិ​ទី​៤ កាលពី​ឆ្នាំ​២០១៧ ដោយ​កាលនោះ ទទួលបាន​សំឡេងគាំទ្រ​១២២៨៨២​។​

​ទោះជា​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​កើន​សំឡេងគាំទ្រ​ច្រើន​គួរសម​ក្នុងការ​បោះឆ្នោត​លើក​នេះ​ក៏ដោយ ក៏ប៉ុន្តែ​នៅតែ​មិនគ្រប់គ្រាន់ ដើម្បី​បាន​អាសនៈ​ក្នុង​រដ្ឋសភា​។ តាមពិតទៅ មិនមែន​មានតែ​គណបក្ស​ជួង​នេះ​ទេ ដែល​មិនបាន​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា សូម្បីតែ​គណបក្ស​១៨​ផ្សេងទៀត ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ដែរនោះ ក៏​មិនបាន​អាសនៈ​ដូចគ្នា​។​

​តាម​ការ​គណនា​ក្រៅផ្លូវការ​របស់​សារព័ត៌មាន​ថ្មីៗ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយគត់ ដែល​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា ពោលគឺ​ទទួលបាន​អាសនៈ​ទាំង​១២៥​តែម្តង​។

អត្ថបទទាក់ទង


​លទ្ធផល​បឋម​ស្តីពី​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច ហ៊ុន សែន ទទួលបាន​សំឡេងគាំទ្រ​លំដាប់​ទី​១ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួល​សំឡេងគាំទ្រ​លំដាប់​ទី​២ ហើយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​សំឡេងគាំទ្រ​លំដាប់​ទី​៣៕ 



Tag:
 បោះឆ្នោត​
  LDP
  ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com