មន្ត្រី​រដ្ឋាភិបាល និង​គ​.​ជ​.​ប ថា អន្តរជាតិ​ខ្លះ​វាយតម្លៃ​ទាំង​បិទ​ភ្នែក​!

ជាតិ
បោះឆ្នោត
មន្ត្រី​រដ្ឋាភិបាល និង​គ​.​ជ​.​ប ថា អន្តរជាតិ​ខ្លះ​វាយតម្លៃ​ទាំង​បិទ​ភ្នែក​!
31, Jul 2018 , 10:19 pm         5368
រូបភាព
​ភ្នំពេញ​៖ «​សង្គ្រាម​សម្ដី​»! ២​ថ្ងៃក្រោយ​ការបោះឆ្នោត អន្តរជាតិ​មួយចំនួន ដែលមាន​អាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី និង​កាណាដា បាន​ចេញមក​រិះគន់​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​។ អន្តរជាតិ​ទាំងនោះ វាយតម្លៃថា ការបោះឆ្នោត​កម្ពុជា គឺ​មិនបាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ឆ្លើយតប​ការវាយតម្លៃ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​និយាយថា អន្តរជាតិ​កំពុង​ពា​ក់វែន​តាខ្មៅ ដោយ​មើលមិនឃើញ​ចំណុច​ល្អ​របស់​កម្ពុជា​។​


​បន្ទាប់ពី​អាមេរិក ចេញមុខ​រិះគន់​មុនគេ លើ​ការបោះឆ្នោត​កម្ពុជា​នោះ ក៏មាន​បណ្ដា​ប្រទេស​អន្តរជាតិ​ផ្សេងទៀត​ចេញមក​រិះគន់​ជា​បន្តបន្ទាប់​។ សហភាព​អឺរ៉ុប បាន​រិះគន់ថា ការបោះឆ្នោត​នៅ​កម្ពុជា បានរៀបចំ​ឡើង​ក្នុង​បរិយាកាស​នយោបាយ​តានតឹង​ខ្ពស់បំផុត ដែល​អាជ្ញាធរ​កម្ពុជា បាន​ប្រើ​ប្រព័ន្ធតុលាការ​គ្រប់​ទម្រង់​ផ្សេងៗ ដាក់​សម្ពាធ​មកលើ​ក្រុម​គណបក្សប្រឆាំង និង​អ្នក​តវ៉ា​រិះគន់​មកលើ​រដ្ឋាភិបាល រួមទាំង​ការហាម​សកម្មភាព​នយោបាយ និង​រំលាយ​បក្សប្រឆាំង​។

​តាមរយៈ​ការប្រើ​វិធានការ​លើ​បក្សប្រឆាំង​នេះហើយ ទើប​ធ្វើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ ខ្វះ​ការប្រកួតប្រជែង​ពិតប្រាកដ ដោយសារ​អវត្តមាន​គណបក្សប្រឆាំង ដែល​វា​មានន័យថា ការបោះឆ្នោត​នេះ មិនបាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​សហភាព​អឺរ៉ុប ដែល​ចេញ​ដោយ​អ្នកនាំពាក្យ លើកឡើង​ពី​ស្ថានការណ៍​ជុំវិញ​ការបោះឆ្នោត​នៅ​កម្ពុជា​។​

អត្ថបទទាក់ទង


​ងាក​មក​អូស្ត្រាលី​វិញ ក៏បាន​បង្ហាញ​ពី​ការមិន​ពេញចិត្ត​របស់ខ្លួន ចំពោះ​ការបោះឆ្នោត​នេះ​។ ស្រដៀង​នឹង​អាមេរិក និង​សហភាព​អឺរ៉ុប​ដែរ អូស្ត្រាលី លើក​ក្តី​ព្រួយបារម្ភ​ខ្លួន​ថា ការបោះឆ្នោត​កម្ពុជា រៀបចំឡើង​ក្នុង​បរិយាកាស​នយោបាយ​មិនល្អ​នេះ ដែល​បង្ហាញ​ពី​ការចូលរួម​របស់​គណ​បក្សនយោបាយ និង​សង្គម​ស៊ីវិល ដោយ​មិនមាន​សេរីភាព​។

«​អូស្ត្រាលី​ខកចិត្ត ដែល​ប្រជាជន​កម្ពុជា មិនអាច​ជ្រើសរើស​អ្នកតំណាង​របស់​ពួកគេ​បាន​ដោយ​សេរី​»​។ នេះ​ជាការ​បញ្ជាក់​របស់​អូស្ត្រាលី នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បាន​បន្ថែមថា អូស្ត្រាលី​ជា​មិត្ត​របស់​កម្ពុជា ដូច្នេះ​អូស្ត្រាលី នឹង​បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើកផ្លូវ​នយោបាយ ឲ្យ​មាន​ការជជែក​ដេញដោល ដោយ​សេរី ហើយ​គ្មាន​អំពើហិង្សា និង​ការបំភិតបំភ័យ​។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផាន ចំអក​ឲ្យ​បណ្ដា​អន្តរជាតិ​ខាងលើ​ថា ការចូលរួម​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ ដែលមាន​ចំនួន​ច្រើន​លើស​ការរំពឹងទុក​នេះ គឺ​បង្ហាញ​ពី​ឆន្ទៈ​របស់​ពួកគេ គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ដោយ​មិន​ពឹង​លើ​អន្តរជាតិ​នោះទេ​។ បើតាម​លោក ផៃ ស៊ី​ផាន លទ្ធផល​បោះឆ្នោត​នេះ ក៏​ជា​សារ​មួយ​ឆ្លើយតប​ទៅ​អន្តរជាតិ ដែល​កំពុង​បរាជ័យ​ក្នុង​ដាក់​សម្ពាធ​មកលើ​កម្ពុជា​ផងដែរ​។ «​ចំនួន​ពលរដ្ឋ​បោះឆ្នោត​ជាង​៨២​ភាគរយ គឺ​បង្ហាញថា ពលរដ្ឋ​ស្រលាញ់​ប្រជាធិបតេយ្យ និង​ឯករាជ្យ​ជាតិ​ពេញលេញ ដូច្នេះ​ពលរដ្ឋ​ប្រាប់​អន្តរជាតិ​ថា ពួកគេ​មិន​ត្រូវការ​ឲ្យ​បរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​ទេ​។ ហើយ​ការលើកឡើង​របស់​អន្តរជាតិ​នោះ គឺ​កំពុង​បន្លប់​ភាពបរាជ័យ​ខ្លួន​ប៉ុណ្ណោះ​…»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន​។ 

​ផ្ទុយ​ពី​ការលើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ ភាគី​កាណាដា បាន​មើលឃើញថា ប្រជាជន​កម្ពុជា បាន​រង​ការបំភិតបំភ័យ​យ៉ាងខ្លាំង មុន​ការបោះឆ្នោត​នៅ​កម្ពុជា តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធយុត្តិធម៌ គំរាមកំហែង​លើ​ពួកគេ និង​អ្នកនយោបាយ​។ សម្រាប់​កាណាដា ការបោះឆ្នោត​ដែលមាន​ការគាបសង្កត់​លើ​អ្នកនយោបាយ និង​សង្គម​ស៊ីវិល រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ គឺ​វា​មិនមែនជា​សញ្ញា​ដែល​បង្ហាញ​ពី​សេរីភាព ភាពត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ​។

​សេចក្តីថ្លែងការណ៍​ដោយឡែក​មួយ របស់​កាណាដា បានបញ្ជាក់​ដូច្នេះ​ថា​៖«​កាណាដា គឺជា​មិត្តភក្តិ​របស់​ប្រជាជន​កម្ពុជា​យូរណាស់​មកហើយ ដែល​គាំទ្រ​យ៉ាង​មុតមាំ ចំពោះ​សិទ្ធ​សេរីភាព​ជ្រើសរើស​មេដឹកនាំ​របស់​ពួកគេ​។ យើង​បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​សិទ្ធ​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា​»​។

​តែ​យ៉ាងណា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចាត់ទុក​ការវាយតម្លៃ​បែប​អវិជ្ជមាន​របស់​អន្តរជាតិ​មកលើ​កម្ពុជា​នេះ ជាការ​រិះគន់​ដោយ​គ្មាន​មូលដ្ឋានគ្រឹះ​ច្បាស់លាស់ ដោយ​មិន​បានមក​ពិនិត្យ​ជាក់ស្ដែង​ក្នុងការ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ សម្រាប់​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប ក្រុម​អន្តរជាតិ​ដែល​វាយតម្លៃ​កម្ពុជា​បែបនេះ គឺ​កំពុង​ពា​ក់វែន​តាខ្មៅ ដោយ​មើលមិនឃើញ​ពី​ចំណុច​ល្អ​របស់​កម្ពុជា​ឡើយ​។ បើតាម​លោក ហង្ស ពុទ្ធា កម្ពុជា​កំពុង​រងគ្រោះ​ដោយសារតែ​នយោបាយ​ការបរទេស​របស់​ប្រទេស​មហាអំណាច​។​

​ដោយ​មិន​និយាយ​ដល់​រឿង​នយោបាយ​លោក ហង្ស ពុទ្ធា បានបញ្ជាក់​ដូច្នេះ​ថា​៖«​អ្វី​ដែលជា​តួនាទី​របស់ គ​.​ជ​.​ប ធ្វើតាម​ច្បាប់ រៀបចំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​អំណាច ផ្លាស់ប្តូរ​រដ្ឋបាល​គ្រប់គ្រង​របស់​រដ្ឋ គឺថា​តាមរយៈ​វិធី​អហិង្សា ដែល​ពិភពលោក​រកឃើញ គឺ​ការបោះឆ្នោត​នេះ ។ ដូច្នេះ​ការបោះឆ្នោត​នេះ គឺ​អនុវត្ត​ទៅតាម​ច្បាប់ គ្មាន​ប្រទេស​ណា​មិន​អនុវត្ត​តាមច្បាប់​ខ្លួនឯង​នោះទេ​»៕


Tag:
 EU
 ​អូស្ត្រាលី​
  កាណាដា​
  ចិន
 ​បោះឆ្នោត
 ​គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង